កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ មុន​ប៉ះ​អ៊ីរ៉ាក់ គ្រូ​វៀតណាម​ថា ក្រុម​លោក​អាច​ស៊ី​ក្រុម​ខ្លាំង​ទាំង​៣​បាន​
08, Jan 2019 , 5:04 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​នឹង​បើកឆាក​យុទ្ធនាការ​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ ដោយ​ត្រូវ​តទល់​ជាមួយ​អ៊ីរ៉ាក់​ក្នុង​ពូ​ល D នៅឯ​កីឡដ្ឋាន Zayed Sports City ក្នុង​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី យប់​ថ្ងៃទី​៨ ខែមករា វេលា​ម៉ោង ៨:៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។


 
​ម្ចាស់​ជើងឯក​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន​វៀតណាម​ត្រូវ​ស្ថិតក្នុង​ពូ​ល​រួមគ្នា​ជាមួយ​អ៊ីរ៉ង់ អ៊ីរ៉ាក់​និង​យេ​ម៉ែន សម្រាប់​ព្រឹត្តិការណ៍​ដណ្តើមពាន​តំបន់​អាស៊ី​ដែល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត​មុន​ការប្រកួត​ដំបូង​នៅ​យប់​នេះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម លោក Park Hang-seo បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា​កូនក្រុម​របស់លោក​ពិត​ជា​អាច​យកឈ្នះ​ក្រុម​ខ្លាំង​ទាំងបី​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នេះ​បាន​។​


 សកម្មភាពហ្វឹកហាត់របស់ជម្រើសជាតិវៀតណាមត្រៀមប៉ះអ៊ីរ៉ាក់
 
«​ខ្ញុំ​គិតថា​យើង​ស្ថិតក្នុង​ពូ​ល​ដ៏​ស្វិតស្វាញ​មួយ​ដែលមាន​ក្រុម​ប្រកួតប្រជែង​ខ្លាំងៗ​ចំនួន​បី ហើយ​អ៊ីរ៉ាក់​នឹង​ជួប​យើង​ដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ​។ ខ្ញុំ​ជឿជាក់ថា​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​លំបាក​សម្រាប់​យើង ប៉ុន្តែ​ក្រុម​របស់​យើង​ត្រៀម​រួចស្រេច​សម្រាប់​ការប្រកួត​នេះ ដូច្នេះ​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ »​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូ​សញ្ជាតិ​កូរ៉េខាងត្បូង ដែល​បាន​នាំ​ក្រុម​រហស្សនាម​ផ្កាយ​មាស​លើក​ពាន AFF Suzuki Cup ឆ្នាំ ២០១៨ កាលពី​ខែធ្នូ​កន្លងទៅ​។​
 
Park វ័យ​៦០​ឆ្នាំ ធ្លាប់​ទទួលបន្ទុក​ជួយ​ក្រុម U-23 វៀតណាម​ដើម្បី​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFC U-23 Championship ឆ្នាំ ២០១៨ និង​ជួយ​ឲ្យ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី ៤ ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០១៨ ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ​។​
 
​បន្ទាប់ពី​គូ​នេះ​ទៅ ក៏មាន​ជំនួប​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​ទល់នឹង​កូរ៉េខាងជើង​មួយគូ​ទៀត​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E ដែល​ប្រព្រឹត្តទៅ​នៅ​ម៉ោង​១១​យប់​៕

Tag:
 បាល់ទាត់​
  វៀតណាម​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com