ជាតិ
ទូរទស្សន៍​ថ្មី ដែល​ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត ផ្តោត​សំខាន់​លើ​ការអប់រំ កីឡា និង​កសិកម្ម​ ​
08, Jan 2019 , 9:59 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ផុស សុវណ្ឌ អ្នកនាំពាក្យ។ រូបពីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ផុស សុវណ្ឌ អ្នកនាំពាក្យ។ រូបពីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ
​ភ្នំពេញ​៖ ប៉ុស្តិ៍​ទូរទស្សន៍​៣​ឬ​៤ ដែល​ក្រសួង​ព័ត៌មាន គ្រោង​បង្កើត​បន្ថែម គឺ​ផ្តោត​សំខាន់​លើ​ការអប់រំ កីឡា និង​កសិកម្ម​។ នេះ​បើ​យោងតាម លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។


 
​ក្នុង​បទ​សម្ភាស​ជា​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៨​មករា  លោក ផុស សុវណ្ណ បាន​មានប្រសាសន៍ថា «​ចំពោះ​គម្រោង​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​បន្ថែម​នេះ នៅតែមាន​កម្មវិធី​ចម្រុះ​អ៊ីចឹង​។ គ្រាន់តែ​ក្រសួង ចង់​ផ្តោតទៅលើ​អ្វីដែល​សំខាន់ និង​ទាក់ទាញ​ប្រជាពលរដ្ឋ ក្នុងការ​ផ្សាយ ដើម្បី​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​យើង មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ទូរ​ស្សន៍​ផ្សេងៗ​។ កន្លងមក​ទូរទស្សន៍​ជាតិ​កម្ពុជា ផ្សព្វផ្សាយ​តែ​ព័ត៌មាន​សុទ្ធ និង​ធ្វើ​រឿង​ពិធីការ​មួយចំនួន​តែប៉ុណ្ណោះ​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា កន្លងមក​ក្រសួង បាន​ចុះហត្ថលេខា​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​ចិន ដែល​ផលិត​កម្មវិធី​កសិកម្ម ដូច្នេះ​ក្រសួង​នឹង​រក​ម៉ោង​ផ្សាយ​ពី​កសិកម្ម ឲ្យ​បាន​ទូលំទូលាយ​ទៅតាម​ហ្នឹង​ផងដែរ​។ លោក បាន​ពន្យល់ថា ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី គឺ​ផ្តោត​ទៅ​អ្វី​ដែលជា​ជំនាញ  និង​មុខវិជ្ជា​កសិកម្ម​។ 
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បច្ចុប្បន្ន កាសែត​ដែល​ផ្សាយ​ជាប្រចាំ មាន​ជាង​៥០០​អង្គភាព ព័ត៌មាន​ព្រឹ​តិ្ដ​ប​ត្រ ដែល​ផ្សាយ​តាម​អន​ឡាញ មាន​៧២​អង្គភាព ស្ថានីយទូរទស្សន៍ ដែល​ផ្សាយ​តាម​រលកធាតុអាកាស និង​ទូរទស្សន៍​ខ្សែកាប ដែល​ផ្សាយ​ផ្ទាល់​និង​ផ្សាយ​បន្ត​ផ្ទាល់ មាន​ជាង​២០០ និង​ស្ថានីយ ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល មាន​៥៕
 

Tag:
 ស្ថានីយ​
  អប់រំ​
  កីឡា​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com