ជាតិ
ទូរទស្សន៍ថ្មី ដែលក្រសួងព័ត៌មានគ្រោងបង្កើត ផ្តោតសំខាន់លើការអប់រំ កីឡា និងកសិកម្ម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ផុស សុវណ្ឌ អ្នកនាំពាក្យ។ រូបពីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ
× ភ្នំពេញ៖ ប៉ុស្តិ៍ទូរទស្សន៍៣ឬ៤ ដែលក្រសួងព័ត៌មាន គ្រោងបង្កើតបន្ថែម គឺផ្តោតសំខាន់លើការអប់រំ កីឡា និងកសិកម្ម។ នេះបើយោងតាម លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន។
ក្នុងបទសម្ភាសជាសារព័ត៌មាន ThmeyThmey តាមទូរសព្ទ នៅថ្ងៃទី៨មករា លោក ផុស សុវណ្ណ បានមានប្រសាសន៍ថា «ចំពោះគម្រោងបង្កើតប៉ុស្តិ៍ទូរទស្សន៍បន្ថែមនេះ នៅតែមានកម្មវិធីចម្រុះអ៊ីចឹង។ គ្រាន់តែក្រសួង ចង់ផ្តោតទៅលើអ្វីដែលសំខាន់ និងទាក់ទាញប្រជាពលរដ្ឋ ក្នុងការផ្សាយ ដើម្បីឲ្យទូរទស្សន៍ជាតិកម្ពុជាយើង មានលទ្ធភាពប្រកួតប្រជែងជាមួយទូរស្សន៍ផ្សេងៗ។ កន្លងមកទូរទស្សន៍ជាតិកម្ពុជា ផ្សព្វផ្សាយតែព័ត៌មានសុទ្ធ និងធ្វើរឿងពិធីការមួយចំនួនតែប៉ុណ្ណោះ»។
អ្នកនាំពាក្យរូបនេះ បានអះអាងថា កន្លងមកក្រសួង បានចុះហត្ថលេខាជាមួយប៉ុស្តិ៍ទូរទស្សន៍ចិន ដែលផលិតកម្មវិធីកសិកម្ម ដូច្នេះក្រសួងនឹងរកម៉ោងផ្សាយពីកសិកម្ម ឲ្យបានទូលំទូលាយទៅតាមហ្នឹងផងដែរ។ លោក បានពន្យល់ថា ប៉ុស្តិ៍ទូរទស្សន៍ថ្មី គឺផ្តោតទៅអ្វីដែលជាជំនាញ និងមុខវិជ្ជាកសិកម្ម។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្ន កាសែតដែលផ្សាយជាប្រចាំ មានជាង៥០០អង្គភាព ព័ត៌មានព្រឹតិ្ដបត្រ ដែលផ្សាយតាមអនឡាញ មាន៧២អង្គភាព ស្ថានីយទូរទស្សន៍ ដែលផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាប ដែលផ្សាយផ្ទាល់និងផ្សាយបន្តផ្ទាល់ មានជាង២០០ និងស្ថានីយ ដែលផ្សាយតាមប្រព័ន្ធឌីជីថល មាន៥៕
Tag:
ស្ថានីយ
អប់រំ
កីឡា
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com