កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម​ខកចិត្ត​ដូច​ក្រុម​អាស៊ាន​២​ទៀត​នា​ជំនួប​បើកឆាក Asian Cup
09, Jan 2019 , 10:10 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​ក្រោយ​ការ​វាយបក​យកឈ្នះ​របស់​អ៊ីរ៉ាក់​ដោយ​លទ្ធផល ៣-២ នា​ជំនួប​បើកឆាក​ពូ​ល D នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៨ ខែមករា​។ វៀតណាមជាក្រុមពីតំបន់អាស៊ានទី៣ដែលបរាជ័យសម្រាប់ប្រកួតដំបូង បន្ទាប់ពីថៃ និងហ្វីលីពីន។



 
​នៅឯ​កីឡដ្ឋាន Zayed Sports City ក្នុង​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី កូនក្រុម​របស់លោក Park Hang-seo អា​ចរក​គ្រាប់​នាំមុខ​មុន​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Ali Faez Atiyah នៅ​នាទី​២៤ មុនពេល​កីឡាករ Mohanad Kadhim ស៊ុត​ឲ្យ​អ៊ីរ៉ាក់​តាម​ស្មើ​វិញ​នៅ​១១​នាទី​បន្ទាប់​។ ខ្វះ​៣​នាទី​ចប់​តង់​ទី​១ វៀតណាម​អាច​បន្ត​ការនាំ​មុខ ២-១ វិញ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Cong Phuong Nguyen​។​
 
​ការប្រកួត​បាន​ឈានចូល​ដល់​វគ្គ​ទី​២ និង​ដំណើរការបាន​១៥​នាទី ខ្សែបម្រើ Humam Tariq ជា​អ្នកសម្រេច​ទី​គ្រាប់​ទី​២​ឲ្យ​អ៊ីរ៉ាក់​ដើម្បី​រក្សា​លទ្ធផល​ស្មើគ្នា​។ ប៉ុន្តែ​ជាការ​ខកចិត្ត​សម្រាប់​ក្រុម​វៀតណាម និង​គ្រូបង្វឹក Park Hang-seo ត្រូវបាន​កើតឡើង បន្ទាប់ពី​ខ្សែការពារ Ali Adnan ទាត់​បាល់​ពិន័យ (Free Kick) យ៉ាង​អស្ចារ្យ​បំប៉ោង​សំណាញ់​ទី​វៀតណាម​នៅ​នាទី​៩០​ទៅហើយ ដើម្បី​នាំ​អ៊ីរ៉ាក់​ឈ្នះ ៣-២ វិញ និង​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ជំនួប​ដំបូង​។​

 
 
​នៅក្នុង​សន្និសីតកាសែត​មុន​ជំនួប​គូ​ទាំង​ពីនេះ គ្រូ​សញ្ជាតិ​កូរ៉េខាងត្បូង បាន​អះអាងថា​កូនក្រុម​របស់លោក វៀតណាម​អាច​យកឈ្នះ​ក្រុម​ខ្លាំង​ទាំង​៣​នេះ​បាន ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​នេះ​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បញ្ចប់​ដ្បិត​ក្រុម​បរាជ័យ​ត្រឹម​ប្រកួត​ដំបូង​។​
 
​សម្រាប់​ពូ​ល D នេះ អ៊ីរ៉ង់​កំពុង​ឈរ​នៅ​កំពូល​តារាង​ក្រោយ​លត់​យេ​ម៉ែន ៥-០ ហើយ​អ៊ីរ៉ាក់​នៅ​ចំណាត់ថ្នាក់​ទី​២ តាម​ពីក្រោយ​ដោយ​វៀតណាម​។​
 
​ចំណែក​ជំនួប​មួយគូ​ទៀត អា​រ៉ា​ប៊ី​សា​អូឌីត​បាន​យកឈ្នះ​កូរ៉េខាងជើង​ដោយ​លទ្ធផល ៤-០ សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល E៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com