ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្ស​កាន់អំណាច ឈប់​ខ្វល់ ដោយ​ទុក​ឲ្យ​ក្រុមប្រឆាំង ជ្រើស​ផ្លូវ​ខ្លួនឯង​
09, Jan 2019 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​គ្មានអ្វី​ចាំបាច់ ដែល​សម្តេច ហ៊ុន សែន ត្រូវ​បកស្រាយ​និង​ពន្យល់​ប្រាប់​ក្រុមប្រឆាំង​ទៀត​នោះទេ ពី​តម្រុង ដែល​ត្រូវ​ធ្វើបែបនេះ​ឬ​ធ្វើ​បែប​នោះ​។ ឈានដល់​ដំណាក់កាល​នេះ នាយករដ្ឋមន្ត្រី ប្រកាសថា​លែង​ឆ្លើយតប​នឹង​ក្រុមប្រឆាំង​ទៀតហើយ ហើយ​ការជ្រើសរើស​ផ្លូវ​សម្រាប់​ដើរ គឺ​ទុក​ឲ្យ​ពួកគេ សម្រេចចិត្ត​ដោយ​ខ្លួនឯង​។

  

​ពី​វេទិកា​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ ប្រធាន​គណបក្សកាន់អំណាច បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រឿង​នយោបាយ ខ្ញុំ​មិនចាំបាច់​និយាយ​ទេ ព្រោះ​ខ្ញុំ​និយាយ​អស់ហើយ​។ អ្នក ស្តាប់​បាន​ឬ​មិនបាន ទៅតាម​ដំណើរ​ទៅ ហើយ​អ្នក​ចង់​ទៅណា​ក៏​ទៅ​ទៅ ខ្ញុំ​មិន​ទៅ​តមាត់​ជាមួយ​អ្នក​ទេ​»​។​
 
​សម្តេច ហ៊ុន សែន ប្រកាស​បែបនេះ ក្រោយពី​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​មាត្រា​៤៥​ថ្មី (​ស្ទួន​១) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មាត្រា​ថ្មី​នេះ ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ រាជានុញ្ញាត ឲ្យ​អ្នក​ដែល​ត្រូវបាន​តុលាការ​កំពូល ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ បាន​ចូលធ្វើ​នយោបាយ​វិញ​។​
 
​កន្លងមក ប្រមុខ​រដ្ឋាភិបាល ពន្យល់​ក្រុមប្រឆាំង​ពី​គុណសម្បត្តិ​និង​គុណវិបត្តិ​ថា បើ​ស្នើសុំ​សិទ្ធិ​នយោបាយ​វិញ ពួកគេ នឹងមាន​ឱកាស​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​អាណត្តិ​ក្រោយ តែបើ​មិនទាន់​ទទួលបាន​សិទ្ធិ​នយោបាយ​ទេ ពួកគេ នឹង​ខកខាន​។​
 
​ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បានផ្តល់​យោបល់​ឲ្យ​ក្រុមប្រឆាំង ពី​រឿង​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ ក្រោយ​មាត្រា​៤៥​ថ្មី (​ស្ទួន​១) ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​។ លោក បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​បែបនេះ​ថា​៖«​ទ្វារ​បាន​បើកចំហ​ហើយ  នៅតែ​មនុស្ស​សុំចូល​តែប៉ុណ្ណោះ ។ [….] បើ​ជឿ​តាម​ទណ្ឌិត​សម រង្ស៊ី គឺ​អស់​ស្រូវពូជ បើ​ម្ចាស់ការ​លើ​ខ្លួនឯង គឺមាន​ផ្លូវ​ដើរ​ត​ទៅមុខទៀត​»​។  
 
​លោក សម  រង្ស៊ី ប្រឹង​ផ្ញើ​សារ​ជាច្រើនលើក​ច្រើនសា​ទៅ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ដើម្បី​ប្រាប់​ពួកគេ កុំ​ឲ្យ​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ តាម​ការណែនាំ​របស់​ស​ម្តេច ហ៊ុន សែន​។ លោក សម  រង្ស៊ី ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​របស់ខ្លួន រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​ចាំ​គិត​រឿង​ផ្សេង​តាម​ក្រោយ​។ 
 
​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់ (​ស្លាប់​ម្នាក់​) ដែល​ត្រូវបាន​តុលាការ​កំពូល ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ មានតែ​២​នាក់​ប៉ុណ្ណោះ គឺ​លោក គង់ គាំ និង លោក គង់ បូរ៉ា ដែល​ប្រកាសថា នឹងដាក់​សំណើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ​៕  

Tag:
 ​ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com