ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ចង់បាន​សក់​កាន់តែ​ស្រស់ស្អាត​រឹងមាំ ចូរ​បន្ថែម​របស់​ទាំង​នេះ​ក្នុង​សាប៊ូ​
09, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​សឹងតែ​គ្រប់គ្នា​ចង់បាន​សក់​ស្រស់ស្អាត​ក្រាស់​ទន់​រលោង​រឹងមាំ ដូច្នេះហើយ​ទើប​ផលិតផល​ថែរក្សា​សក់​ជាច្រើន​រួមបញ្ចូល​ទាំង​សាប៊ូកក់សក់ និង​ក្រែ​ម​បន្ទន់​សក់​ត្រូវ​បង្កើតឡើង​។ ទោះជា​យ៉ាងណា តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​មាន​គ្រឿងផ្សំ​មួយចំនួន​អាច​បន្ថែម​ចូលក្នុង​សាប៊ូកក់សក់ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ជួយ​ឱ្យ​ស្រស់​មាន​ពន្លឺ​ស្រស់ស្អាត ហើយ​រឹងមាំ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គ្រឿងផ្សំ​ដែល​អ្នក​គួរ​បន្ថែម​ក្នុង​សាប៊ូកក់សក់​ដើម្បី​បង្កើន​សុខភាព​សក់​ល្អប្រសើរ ៖
 
១. ប្រេង​អូ​លីវ​
 
​ប្រេង​នេះ​ប្រសើរ​ណាស់​ចំពោះ​សុខភាព​សក់ និង​ស្បែកក្បាល​។ ចូរ​ចាក់​សាប៊ូកក់សក់ ១ ពែង​ក្នុង​ដប​ទទេ​ស្អាត​មួយ​។ សម្រាប់​អ្នក​ដែលមាន​សក់​ធម្មតា ចូរ​បន្ថែម​ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ​។ ខណៈដែល​អ្នកមាន​សក់​ប្រេង បន្ថែម​ប្រេង​អូ​លីវ​តែ ១ ស្លាបព្រា​បាយ​បាន​ហើយ​។ ចំពោះ​អ្នក​ដែលមាន​សក់​ស្ងួត​វិញ ចូរ​ប្រើប្រាស់​ប្រេង​ចំនួន ១ ភាគ ៤ នៃ​ពែង​។ បិទ​គម្រប​ដប រួម​ចាប់ផ្ដើម​ក្រឡុក​ល្បាយ​។ នៅមុន​ពេល​ប្រើ អ្នក​ត្រូវ​ក្រឡុក​ដប​សាប៊ូ​ថ្នមៗ​សិន​។ ប្រើប្រាស់​ល្បាយ​សាប៊ូ​នេះ​ដូចនឹង​សាប៊ូកក់សក់​ធម្មតា​រប​ស់​អ្នក​។​
 
២. ទឹកក្រូច​ឆ្មារ​
 
​ប្រសិនបើ​អ្នកមាន​បញ្ហា​អង្កែ​ស្បែកក្បាល ការបន្ថែម​ទឹកក្រូច​ឆ្មារ​ក្នុង​សាប៊ូកក់សក់​ជា​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ប្រសើរ​បំផុត​មួយ​ដោះស្រាយ​បញ្ហា​នេះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកក្រូច​ឆ្មារ​ចំនួន កន្លះ​ស្លាបព្រា​កាហ្វេ​សម្រាប់​រៀងរាល់​សាប៊ូកក់សក់​ចំនួន ២ ស្លាបព្រា​បាយ​។​

៣. ស្ករស​
 
​ការបន្ថែម​ស្ករស​ក្នុង​សាប៊ូកក់សក់​ជា​រូបមន្ត​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ជួយ​សម្អាត​សក់ និង​ស្បែកក្បាល​។ ត្រឹម ១ ស្លាបព្រា​កាហ្វេ​នៃ​ស្ករស​ក្នុង​សាប៊ូកក់សក់​អាច​ខាត់​ស្បែកក្បាល និង​ផ្ដល់ឱ្យ​សក់​នូវ​ភាព​ជ្រះ​ស្អាត​មាន​ពន្លឺ​។ ស្ករស​ក៏​ជួយ​កម្ចាត់​កោសិកា​ងាប់ៗ​ចេញពី​ស្បែកក្បាល​ផងដែរ​។ ក្រោយ​ប្រើ​សាប៊ូ​លាយ​ស្ករស អ្នក​គួរប្រើ​ប្រាស់​ក្រែ​ម​បន្ទន់​សក់​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​
 
៤. ទឹកឃ្មុំ​
 
​ចូរ​បន្ថែម​ទឹកឃ្មុំ​ធម្មជាតិ​ចំនួន កន្លះ​ស្លាបព្រា​កាហ្វេ សម្រាប់​រាល់​សាប៊ូកក់សក់​ចំនួន ២ ស្លាបព្រា​បាយ​។ ល្បាយ​សាប៊ូ​នេះ​នឹង​ផ្ដល់ឱ្យ​សក់​នូវ​ភាពរស់រវើក​មាន​សំណើម និង​ពន្លឺ​។​
 
​អ្នក​អាច​ប្រើប្រាស់​គ្រឿងផ្សំ​ណាមួយ​ក៏បាន​ខាងលើ​ដើម្បី​បញ្ឈប់​សក់​ជ្រុះ និង​បង្កើន​ទម្ងន់​នៃ​សក់​, ពន្លឺ​, ភាពរស់រវើក​រលោង ក៏ដូចជា​សុខភាព​រឹងមាំ​។ វិធី​ប្រើ គឺ​ងាយ​ណាស់ គ្រាន់តែ​បន្ថែម​គ្រឿងផ្សំ​ណាមួយ​ក្នុង​សាប៊ូ រួច​ក្រឡុក ហើយ​កក់សក់ និង​លាង​សម្អាត​ដូច​ពេល​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com