ជាតិ
សង្គមជាតិ
លោក យន្ត មីន ប្តេជ្ញាសាងកិត្តិយសព្រះសីហនុឡើងវិញ តាមអនុសាសន៍របស់សម្តេច រូបភាពពីហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
× លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញវិធានការ៤យ៉ាង ឲ្យមន្ត្រីក្រោមឱវាទគ្រប់រូប អនវុត្តឲ្យបានម៉ត់ចត់ ដើម្បីស្តារកិត្តិយលខេត្តឡើងវិញ។
យោងតាមសារ ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ វិធានការទាំង៤នោះ គឺទី១ ពង្រឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនិងផ្លូវទឹកឡើងវិញ ដោយដាក់ពិន័យ ចំពោះជនណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ ដូចជា បើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងវ៉ាជែងគ្មានសណ្តាប់ធ្នាប់ ជាដើម។
ទី២ លុបបំបាត់ឲ្យបាននូវរាល់ការបើកបរ ដោយសេពគ្រឿងស្រវឹង និងគ្រឿងញៀន ហើយត្រូវដាក់ទោសតាមច្បាប់កំណត់។ ទី៣ ត្រួតពិនិត្យសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ជនខិលខូច ដែលប្រើប្រាស់អាវុធនិងជាតិផ្ទុះ ខុសច្បាប់។ ទី៤ ត្រួតពិនិត្យរាល់រថយន្តដឹកទំនិញ កុំឲ្យដឹកលើសទម្ងន់ ដែលនាំឲ្យខូចផ្លូវ និងស្ទះចរាចរណ៍ក្នុងក្រុង និងទីប្រជុំជន។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការនេះ គឺធ្វើឡើងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពិធីបុណ្យសមុទ្រ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ប្រមុខរដ្ឋាភិបាល បានឆ្លៀតផ្តល់អនុសាសន៍ ដល់គណៈអភិបាលខេត្តព្រះសីហនុ ឲ្យប្រឹងប្រែងស្តារកិត្តិយសខេត្តឡើងវិញ ក្រោយរងការរិះគន់ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ៕
Tag:
យន្ត មីន
ហ៊ុន សែន
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com