Pochettino ចង់​ដើរ​តាម​គន្លង Wenger ដោយ​ដឹកនាំ Spurs លើសពី​២០​ឆ្នាំ​
កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ចង់​ដើរ​តាម​គន្លង Wenger ដោយ​ដឹកនាំ Spurs លើសពី​២០​ឆ្នាំ​
09, Jan 2019 , 7:19 pm        
រូបភាព
Mauricio Pochettino និយាយថា​លោក​សង្ឃឹមថានឹង​ក្លាយជា​អ្នកចាត់ការ​ទូទៅ Tottenham Hotspur ក្នុង​រយៈពេល ២០​ឆ្នាំ​ទៅមុខទៀត និង​មាន​គម្រោង​បញ្ចប់​អាជីព​ជាមួយ​ក្លិប​នេះ​តែម្តង​។​


 
​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ ៤៦ ឆ្នាំ​រូបនេះ​បាន​ដឹកនាំ Spurs ទទួលបាន​ចំណាត់ថ្នាក់​ទី​៥ ទី​៣ ទី​២ និង​លេខ​៣​បណ្តោះអាសន្ន​ក្នុង​រដូវ​កាល​នេះ ដែលជា​រដូវ​កាល​ទី ៤ ចាប់តាំងពី​លោក​ចាក​ចេញពី Southampton កាលពី​ឆ្នាំ ២០១៤​។​
 
«​ខ្ញុំ​សង្ឃឹម​ក៏ដូចជា​មានបំណង​ប្រាថ្នា​នៅទីនេះ ២០​ឆ្នាំ ហើយ​សម្រេច​ចាកចេញ ឬ​បញ្ចប់​អាជីព​របស់ខ្ញុំ​នៅទីនេះ​តែម្តង​។ ខ្ញុំ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​នៅទីនេះ​ហើយ​ចង់​ជួយ​ក្លិប​ឲ្យ​សម្រេចបាន​នូវ​អ្វីដែល​ពួកគេ​ចង់បាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​»​។ Pochettino លើកឡើង​ដូច្នេះ​។​
 
​លោក​បន្ថែមថា​៖«​វា​ពិតជា​អស្ចារ្យ​ណាស់ ខ្ញុំ​សប្បាយចិត្ត​ដែល​បានមក​ទីនេះ​។ ខ្ញុំ​រីករាយ​ក្នុងការ​ធ្វើការ​នៅក្នុង​ក្លិប​ដែលមាន​របៀប​ដឹកនាំ​បែបនេះ​»​។​
 
​អតីត​កីឡាករ Bordeaux PSG និង ​Espanyol រូបនេះ សង្ឃឹម​ថាបើ​ខ្លួ​យ​មានលទ្ធភាព​លោក​នឹង​ដើរ​តាម​គន្លង​របស់លោក Arsene Wenger ដែលជា​អ្នកចាត់ការ​ទូទៅ Arsenal នៅ​ទីក្រុង​ឡុង​ដ៍​រយៈពេល ២២​ឆ្នាំ បើ​ទោះ​លោក​បាន​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​មុន​ក៏ដោយ​។​
 
Pochettino ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ទៀត​កាលពី​ខែឧសភា ឆ្នាំមុន ត្រូវបាន​សារព័ត៌មាន​ជុំវិញ​ពិភពលោក​ផ្សព្វផ្សាយ​ថា​លោក​មាន​ទំនាក់ទំនង​ក្នុងការ​ទៅ​ដឹកនាំ Manchester United និង Real Madrid ខណៈ​ក្រុម​ទាំងពីរ​កំពុង​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្តោះអាសន្ន​៕

Tag:
 បាល់ទាត់​
  Mauricio Pochettino
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com