ជាតិ
ត្រីឆ្អើរ មាន​ផ្ទុក​សារធាតុ PAHs ចេញពី​ផ្សែង​អុស ដែល​អាច​បង្ក​ជា​ជំងឺមហារីក​?
09, Jan 2019 , 9:59 pm        
រូបភាព
​សកម្មភាព​រៀបចំ​ឆ្អើរត្រី​របស់​ប្រជាជន​ខ្មែរ អំឡុង​ឆ្នាំ ១៩៣០-៤០ ក្នុងសម័យ​អាណាព្យាបាល​រាំង​។ រូបភាព​ដកស្រង់​ចេញពី​សៀវភៅ La Pêche Dans les eaux douces du Cambodge បោះពុម្ព​ក្នុង​ឆ្នាំ​១៩៤០
​សកម្មភាព​រៀបចំ​ឆ្អើរត្រី​របស់​ប្រជាជន​ខ្មែរ អំឡុង​ឆ្នាំ ១៩៣០-៤០ ក្នុងសម័យ​អាណាព្យាបាល​រាំង​។ រូបភាព​ដកស្រង់​ចេញពី​សៀវភៅ La Pêche Dans les eaux douces du Cambodge បោះពុម្ព​ក្នុង​ឆ្នាំ​១៩៤០
ដោយ:
ត្រី​គ្រប់​ប្រភេទ ត្រីឆ្អើរ ត្រីងៀត ប្រហុក ផ្អក ម៉ាំ គឺជា​ប្រភេទ​អាហារ ដែល​គេ​តែងតែ​ឃើញ​មាននៅ​ក្នុង​មុខម្ហូប​ខ្មែរ​ជាប្រចាំ​ថ្ងៃ​។ ចាប់ពី​ខែតុលា ដល់​ចុងខែ​កុម្ភៈ គឺជា​ពេលវេលា​សម្រាប់ធ្វើ​ការនេសាទ​ដ៏​សំខាន់ របស់​ប្រជា​នេសាទ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេសាប​។ ត្រីឆ្អើរ គឺជា​អាហារ​ប្រពៃណី​មួយ ដែលមាន​ឈ្មោះ​ក្នុង​មុខម្ហូប​ខ្មែរ​ជា​យូរណាស់​មកហើយ ស្ទើរ​គ្រប់​ជំនាន់​។ ជាក់ស្តែង នៅក្នុង​រូបភាព​បង្ហាញ​ខាងលើ គឺ​សកម្មភាព​ផលិត​ឆ្អើរត្រី របស់​ប្រជាជន​ខ្មែរ​កាលពី​អំឡុង​ឆ្នាំ ១៩៣០-៤០ ក្នុងសម័យ​អាណាព្យាបាល​បារាំង​។

 
​បច្ចេកទេស​បែប​ប្រពៃណី​នៃ​ការផលិត​ត្រីឆ្អើរ នៅក្នុង​ប្រទេស​កម្ពុជា មិនត្រូវ​បាន​គេ​ស៊ើប​ពេញលេញ​នៅឡើយ​ទេ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​ធ្វើឡើង​នៅ​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង បានបង្ហាញ​អំពី​គ្រោះថ្នាក់​ដ៏​មាន​សក្តានុពល ទាក់ទង​នឹង​ប្រភេទ​ចំណីអាហារ​ឆ្អើរ ដែល​អាច​បង្ក​ជំងឺមហារីក ពី​សមាសធាតុ​ចេញពី​ផ្សែង​អុស ដែល​គេ​ដុត​ឆ្អើរត្រី​គឺ អ៊ី​ដ្រូ​កាបូន Polycyclic Aromatic Hydrocarbons (PAHs)​។ 
 
​ត្រីឆ្អើរ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​សារធាតុ PAHs នេះ​លើស​កំណត់​។ ដែន​កំណត់​អតិបរមា (ML) សម្រាប់ BaP និង​ផលបូក​នៃ PAHs ចំនួន ៤ ដែល​ត្រូវ​បានផ្តល់​ដោយ EC 1881/2006 គឺ​លើសពី ២ ទៅ ៥០ ដង​ឯណោះ​។ បន្ទុកសារធាតុ PAHs ដ៏​ច្រើន​បែបនេះ អាច​នាំឱ្យមាន​ការកើនឡើង​ហានិភ័យ នៃ​ការ​វិវឌ្ឍន៍​នៃ​ជំងឺមហារីក​។
ដកស្រង់​ចេញពី www.researchgate.net
 

ចង្អើរត្រី​ឆ្អើរ​នៅ​ភូមិ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ទោះយ៉ាងណា ត្រីឆ្អើរ​ក្នុងសង្គម​កម្ពុជា នៅតែ​ពេញនិយម​។ នៅក្នុង​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល គឺជា​កន្លែង​ភូមិ​មួយ​ដែល​ផលិត​ត្រីឆ្អើរ​ចេញពី​ពពួក​ជា​ត្រី​រៀល (Gymnostomus spp.) និង​ពពួក​ត្រី​ស្លឹក​ឬ​ស្សី (Paralaubuca spp.)​។ ការផលិត​ត្រីឆ្អើរ​នៅក្នុង​ភូមិ​នេះ ហាក់​យក​លំនាំ​តាម​ដើមពី​បុរាណ​ទាំងស្រុង​។ អ្នក​ផលិត​ត្រីឆ្អើរ គ្រាន់តែ​ធ្វើ​ចង្អើរ​ពី​ឬ​ស្សី ដែល​កម្ពស់​ផុតពី​ដី​ប្រហែល ៥០ - ៨០ សង់ទីម៉ែត្រ សម្រាប់​ដាក់​ត្រី និង​ដុត​ភ្លើង​ពីក្រោម​ជាការ​ស្រេច (​សូម​មើល​រូបភាព​ខាងលើ​)​។ 
 
 
​ចំណែកឯ​ត្រី​ឆ្អើរត្រី​កែស នៅក្នុង​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជា​ប្រភេទ​ត្រីឆ្អើរ​មានតម្លៃ​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុជា​។ ត្រី​កែស ស្ថិតនៅក្នុង​អម្បូរ​ស៊ីលូ​រី​ដេ (Family Siluridae) ជា​អម្បូរ​ត្រី​ដែល​គ្មាន​ស្រកា​។ ត្រី​កែស មាន​ប្រភេទ​ត្រី​កែស​កណ្តុរ មានឈ្មោះ​វិ​ទ្យ​សាស្ត្រ (Hemisilurus mekongensis) និង​ត្រី​កែសជម្រៅ ឬ ត្រី​កែសប្រាក់ មានឈ្មោះ​វិ​ទ្យ​សាស្ត្រ (Phalacronotus apogon)​។ ការផលិត​ត្រីឆ្អើរ​ត្រី​កែស នៅទីនេះ ហាក់​មាន​លក្ខណៈ​ទំនើប និង​ប​ច្ទេ​ក​ទេស​ខ្ពស់ជាង ដោយ​អ្នក​ផលិត​ត្រូវ​រៀបចំ​ឡ​សម្រាប់​ឆ្អើរ និង​ប្រើ​អុស​ដុត​ជា​ប្រភេទ​ឈើ​ធំៗ​។​
 

ឡ​ឆ្អើរត្រី​កែស នៅក្នុង​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​យោល​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ តើ​នឹងមាន​បច្ចេកទេស​ថ្មី​ណាមួយ មក​ជំនួស​បច្ចេកទេស​តាមបែប​ប្រពៃណី​បុរាណ ដែល​អ្នក​ផលិត​ត្រីឆ្អើរ​ទូទៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​កំពុង​អនុវត្ត ដើម្បី​កាត់បន្ថយ​ហានិភ័យ​នេះ ចំពោះ​អ្នក​បរិភោគ​?  

© រក្សាសិទ្ធិដោយ thmeythmey.com