ជាតិ
សង្គមជាតិ
សហគមន៍​ព្រៃ​ឡង់ ថា​បទល្មើស​ព្រៃឈើ​កើនឡើង តែ​ក្រសួងបរិស្ថាន ថា​ថយចុះ​
09, Jan 2019 , 3:56 pm        
រូបភាព
រូបភាពពីបណ្តាញសហគមន៍ព្រៃឡង់
រូបភាពពីបណ្តាញសហគមន៍ព្រៃឡង់
​ដាច់​ឆ្នាំ​២០១៨​ភ្លាម សហគមន៍​ព្រៃ​ឡង់ បានចេញ​របាយការណ៍​មួយ  ដោយ​អះអាងថា ការកាប់​ឈើ​ខុសច្បាប់ បន្ត​កើតមាន​ក្នុង​អត្រា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ នៅ​ដែនជម្រកសត្វព្រៃ និង​តំបន់​ព្រៃ​ឡង់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ ក្រសួងបរិស្ថាន បកស្រាយ​ថា បទល្មើស​ព្រៃឈើ​ខុសច្បាប់ មានការ​ថយចុះ ហើយ​ក្រសួង​បាន​ច្រានចោល​របាយការណ៍​រប​ស់​សហគមន៍​ព្រៃ​ឡង់ ថា​ជា​ទិន្នន័យ​បំប៉ោង​ខុសពី​ការពិត និង​មាន​ចេតនា​បំរើ​ផលប្រយោជន៍​ដល់​អង្គ​ការបរទេស​។


 
​របាយការណ៍​របស់​ប​ណ្តា​ញ​សហគមន៍​ព្រៃ​ឡង់ ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ខែឧសភា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ការកាប់​ឈើ​ខុសច្បាប់ មាន​ចំនួន​៩៩​ភាគរយ បើ​ប្រៀបធៀប​នឹង​សកម្មភាព​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ ទិន្នន័យ​ភាគច្រើន បាន​រាយការណ៍​ថា គល់ឈើ​ដែល​កាត់​រួច​នីមួយៗ មាន​ចំនួន​៤១​ភាគរយ ដែល​ដើមឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត​។ «​គំនរ​ឈើ​» ត្រូវបាន​ជនល្មើស ប្រមូល​យកចេញ និង «​ការដឹកជញ្ជូន​» មាន​ចំនួន​២៤​ភាគរយ​។ តំបន់​ដែល​បាន​កាប់ឆ្ការ មាន​ចំនួន​១១​ភាគរយ​។​
 
​របាយការណ៍​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ផ្ទៃដី​ដែល​ត្រូវបាន​កាប់ឆ្ការ​តែមួយ អាច​គ្របដណ្តប់​លើ​ផ្ទៃដី​១០០​ហិកតា និង​រាប់បញ្ចូល​ទាំង​ខ្ទម​ដែល​ធ្វើ​សម្រាប់​ស្នាក់នៅ​រាប់រយ​។ រូបភាព​ផ្កាយរណប​បាន​បង្ហាញថា​ព្រៃឈើ​បាត់បង់​៥៦០០​ហិកតា នៅ​ឆ្នាំ​២០១៧»​។ 
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​អះអាងថា បទល្មើស​ព្រៃឈើ មានការ​ធ្លាក់ចុះ ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សរុប​ជិត​៦០​កន្លែង ដែលមាន​ផ្ទៃដី​ទំហំ ៧,៥ លាន​ហិកតា ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។ លោក ចោទ​វិញ​ថា បណ្ដាញ​ព្រៃ​ឡង់ កំពុង​យក​ទិន្នន័យ​ចាស់​មក​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​បំផ្លាញ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ មកលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ជាពិសេស​ក្រសួងបរិស្ថាន លើ​ការការពារ និង ការអភិរក្ស​ធនធាន​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​។  
 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ និយាយថា​៖«​របាយការណ៍​របស់​យើង កំពុងតែ​បូកសរុប​ជារួម ខ្ញុំ​មិនទាន់មាន​របាយការណ៍​ជាក់លាក់​នៅឡើយ​ទេ ។ ក៏ប៉ុន្តែ ចំនួន​នៃ​ការចុះ​បង្ក្រាប ការទប់ស្កាត់ ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​ដែល​ប្រចាំ​នៅ តំបន់​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដែលជា​តំបន់ការពារធម្មជាតិ ដូចជា ឧទ្យាន​ជាតិ ហើយ​និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន​ដែលមាន​ទំហំ​៧,៥​លាន​ហិកតា គឺ​យើង​បាន​ពង្រាយ​នូវ​កម្លាំង ឧ​ទ្យា​នុ​រក្ស យើង​ក៏បាន​សហការ​ណ៍​ជាមួយ​អង្គការ រួមទាំង​បណ្ដា​សហគមន៍​ព្រៃ​ឡង់​ផងដែរ​»​។ 
 
​លោក នេត្រ ភក្ត្រា បន្ថែមថា អង្គការ​អន្តរជាតិ​មួយចំនួន កំពុង​ខ្ចីដៃ​របស់​បណ្ដាញ​ព្រៃ​ឡង់ ដើម្បី​ឲ្យ​ចេញ​របាយការណ៍ ដែល​បំរើ​ផលប្រយោជន៍ លើ​ការបន្ត​រក​ការគាំទ្រ​ផ្នែក​ថវិការ សម្រាប់​អង្គកា​របស់ខ្លួន​។ លោក សង្កត់ធ្ងន់ថា​៖«​នេះ​ជាការ​ជួយ​ដោយ​មិន​ស្មោះត្រង់​ទេ​»​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​រូបនេះ បាន​និយាយទៀតថា​៖«​កន្លងទៅនេះ យើង​បាន​បង្ក្រាប ទប់ស្កាត់​បញ្ហា​នេះ រហូត​ទៅដល់​ទទួលបាន​លទ្ធផល​មួយ គឺថា គម្រប​ព្រៃឈើ​ក្នុងប្រទេស​យើង មានការ​កើនឡើង​វិញ ចំនួន​សត្វព្រៃ​ក្នុងព្រៃ​ឡង់ ក៏​កើន​ឡើងវិញ ក្នុង​តំបន់​ផ្សេងៗ​ទៀត​ក៏​កើនឡើង​ដែរ​»​។ 
 
​របាយការណ៍​របស់​ប​ណ្ដា​ញ​ព្រៃ​ឡង់ ក៏បាន​លើកឡើង​ពី​ការលំបាក​ក្នុង​ការចុះ​ល្បាត​ដែរ ព្រោះ​អាជ្ញាធរ តម្រូវ​ឲ្យ​ពួកគេ សុំច្បាប់​អនុញ្ញាត​មុននឹង​ចុះ​ល្បាត ខណៈ​អ្នក​កាប់​ឈើ​ខុសច្បាប់ អាច​ចូល​ព្រៃ​កាប់​ឈើ​ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​។ 
 
​ជាការ​ឆ្លើយតប​ចំពោះ​ការលើកឡើង​នេះ លោក នេត្រ ភ័​ក្ត្រា បកស្រាយ​ថា ការតម្រូវ​ឲ្យ​សុំច្បាប់​ជាមុន គឺ​ដើម្បី​ជួយ​ការពារ​សុ​វត្តិភាព​ជូន​ពួកគេ ព្រោះ​ពេល​ចុះ​ល្បាត តែងតែ​ជួប​ជនល្មើស ដែលមាន​អាវុធ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពួកគេ​។ 
 
​លោក​និយាយថា​៖«​ពេល​យើង​ចុះ​ល្បាត​តែងតែ​ជួប​ជាមួយនឹង​ក្រុម​ជនល្មើស ដែល​អាចមាន​អាវុធ​កែច្នៃ ឬ ពិត ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន ដូច្នេះហើយ​យើង​ខិតខំ​ក្នុង​ការសហការ និង​ការពារ​ពួកគាត់​។ គោលដៅ​របស់​យើង គឺ​រួមគ្នា​ការពារ​ឲ្យ​បាន​នូវ​ធនធានធម្មជាតិរ​បស់​យើង អ៊ីចឹង​ការចេញ​របាយការណ៍​ណាមួយ គួរ​ពិត​ឲ្យ​បាន​ត្រឹមត្រូវ​»​។​
 
​លោក ខេង ខូ  សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ផ្លូវ​កើន​ច្រើន​ក្នុង​តំបន់​ព្រៃ​ឡង់ ជា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​ការកាប់​ឈើ​នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​ការពារ​។ របាយការណ៍​ដដែល បាន​ស្រង់​សម្តី​របស់លោក ទៅ​សរសេរថា​៖«​ផ្លូវ​ខ្វាត់ខ្វែង​ជាច្រើន បាន​សម្រួល​ដល់​ការកាប់​និង​ការដឹក​ជ​ញ្ជួ​ន​ឈើ​ចេញពី​ព្រៃ​ឡង់ និង​មន្ត្រី​បើកដៃ​ឲ្យ​អ្នក​កាប់​ឈើ និង​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ការកាប់​និង​ដឹកឈើ​ទាំងនោះ រួម​និង​គប់គិត​គ្នា​លក់​ដីព្រៃ​ទៅ​ឲ្យ​អ្នក​ចំណូលស្រុក​ផងដែ​»​។ 
 
​នេះ​ជា​របាយការណ៍​លើក​ទី​៧​របស់​សហគមន៍​ព្រៃ​ឡង់ ដែល​ប្រមូល​ទិន្នន័យ​តាមរយៈ «​ព្រៃ​ឡង់​អេប​» និង​វិភាគ​ដោយ​អ្នកស្រាវជ្រាវ នៅឯ​សាកលវិទ្យាល័យ​ខូ​ប​ផែន​ហា​ហ្គែ​ន (Copenhagen) នៃ​ប្រទេស​ដា​ម៉ាក់​។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ មាន​ចំនួន​៤​ខេត្ត គឺ កំពង់ធំ ក្រចេះ ព្រះវិហារ និង ស្ទឹងត្រែង​៕ 
 

Tag:
 ​បរិស្ថាន​
  បទល្មើស​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com