កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ តួ​ក​ម៉េ​នី​ស្ថាន​ចង់​ឲ្យ​ពិភពលោក​ឃើញ​សមត្ថភាព​ខ្លួន​ពេល​ប៉ះ​ជប៉ុន​
09, Jan 2019 , 4:26 pm        
រូបភាព
ក្រុមកីឡាករជម្រើសជាតិតួកម៉េនីស្ថាន និងជប៉ុនកំពុងហ្វឹកហាត់ត្រៀមជួបគ្នាយប់នេះ
ក្រុមកីឡាករជម្រើសជាតិតួកម៉េនីស្ថាន និងជប៉ុនកំពុងហ្វឹកហាត់ត្រៀមជួបគ្នាយប់នេះ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​តួ​ក​ម៉េ​នី​ស្ថាន​មិន​ចុះ​ញ៉ម​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​នោះឡើយ​បើ​ទោះ​ពួកគេ​ត្រូវ​តទល់​ជាមួយ​ក្រុម​ខ្លាំង​ជប៉ុន​ក្នុង​ការប្រកួត​ពានរង្វាន់ AFC Asian Cup 2019 នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ក៏ដោយ​។​

 
​មុន​ជំនួប​បើកឆាក​រវាង​ក្រុម​ទាំងពីរ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែ​កម​រា វេលា​ម៉ោង ៦:០០​នាទី​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​] គ្រូបង្វឹក​តួ​ក​ម៉េ​នី​ស្ថាន​លោក Yazguly Hojageldiyew បានលើកឡើង​ថា​នេះ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ពិភពលោក​មើលឃើញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​កីឡាករ​លោក​។​
 
«​យើង​ដឹង​ហើយ​ថា​ជប៉ុន​ឈរ​នៅ​កម្រិតណា​។ ពួកគេ​គឺជា​ក្រុម​ដ៏​ល្អ និង​សម្បូរ​ទៅដោយ​កីឡាករ​ដែលមាន​គុណភាព ហើយ​យើង​បានឃើញ​ពី​របៀប​ដែល​ពួកគេ​លេង​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup កន្លងមក​។ តែ​ទោះ​យ៉ាងនេះ​ក្តី យើង​ក៏មាន​បំណងប្រាថ្នា​ដ៏​ខ្លាំងក្លា​របស់​យើង​ផងដែរ ហើយ​ខ្ញុំ​ជឿជាក់ថា​កូនក្រុម​របស់ខ្ញុំ​ដែល​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដ៏​ល្អ​នោះ នឹង​អាច​ប្រកួតប្រជែង​ជាមួយ​ជប៉ុន​បាន​»​។ 
 
​វា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​ខណៈដែល​តួ​ក​ម៉េ​នី​ស្ថាន​ត្រូវ​ប្រជែង​ជាមួយ​ជប៉ុន​នា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​នេះ​។ ក្រុម​រហស្សនាម​សាមូរ៉ៃ ត្រូវបាន​គេ​ជឿជាក់ថា​ពួ​គេ​ជា​ក្រុម​ដែលមាន​ប្រៀប​ជាង​គូប្រកួត​នា​ជំនួប​នេះ​។​
 
​ប៉ុន្តែ​យ៉ាងណា​ក្រុម​ជម្រើសជាតិ​តួ​ក​ម៉េ​នី​ស្ថាន នឹង​ព្យាយាម​បង្ហាញ​ភាពលេច​ធ្លោ​សម្រាប់​ការប្រកួត​នេះ និង​រំពឹង​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល F បាន​។​
 
​បន្ទាប់ពី​ជំនួប​ជប៉ុន​និង​តួ​ក​ម៉េ​នី​ស្ថាន ក៏មាន​ការប្រកួត​មួយគូ​ទៀត​ក្នុង​ពូ​ល​នេះដែរ​ដោយ អ៊ូ​សស​បេ​គី​ស្ថាន​ត្រូវ​តទល់​ជាមួយ​អូ​ម៉​ង់​នៅវេលា​ម៉ោង​៨:៣០​នាទី​យប់​។ ដោយឡែក​ពូ​ល E ក៏មាន​១​ប្រកួត​ដែរ​នៅ​ម៉ោង ១១​យប់ រវាង​កាតា និង​លី​បង់​៕

Tag:
 បាល់ទាត់​
  Asian Cup
  តួ​ក​ម៉េ​នី​ស្ថាន​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com