កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ហ្ស៊ី​ប ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ African Nations Cup ឆ្នាំ​២០១៩ ជំនួស​កា​មេ​រូ​ន​
10, Jan 2019 , 7:59 am        
រូបភាព
​អេ​ហ្ស៊ី​ប​នឹង​ដឹកនាំ​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក​ឆ្នាំ ២០១៩ African Nations Cup ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៥ ខែមិថុនា ដល់​ថ្ងៃទី ១៣ ខែកក្កដា​ខាងមុខនេះ បន្ទាប់ពី​កា​មេ​រូ​ន​បានសម្រេច​ដកខ្លួន​ចេញ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក (CAF) លោក Ahmad Ahmad នៅ​ថ្ងៃទី​៨ ខែមករា​។​


 
​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ CAF បានផ្តល់​ការទុកចិត្ត​ទៅលើ​អេ​ហ្ស៊ី​ប ជាជាង​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាហ្វ្រិក​នេះ​ជំនួស​តំណែង​កា​មេ​រូ​ន​ដែល​ប្រកាស​ដកខ្លួន​ចេញ​វិញ​។​
 
​តាមពិតទៅ​ម៉ា​រុក​ឯណោះ​ទេ​ដែល​ត្រូវ​ស្នង​តំណែង​នេះ​ពី​កា​មេ​រូ​ន ប៉ុន្តែ​ពួកគេ​មិនមាន​ចំណាប់អារម្មណ៍​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ពាន​នេះឡើយ​។​
​នេះ​គឺជា​លើក​ទី​៥ ហើយ​សម្រាប់​អេ​ហ្ស៊ី​ប​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ពាន Cup of Nations ដោយ​ក្នុងនោះ​ពួកគេ​ដឹកនាំ​លើកដំបូង​ក្នុង​ឆ្នាំ ១៩៥៩ (​កាល​នៅ​ជា​សាធារណរដ្ឋ​អារ៉ាប់​រួម​), ១៩៧៤, ១៩៨៦ និង​ចុងក្រោយ ២០០៦​។​


 
​អេ​ហ្ស៊ី​ប​ជា​ក្រុម​ដែល​គ្រង​ពាន​នេះ​ច្រើនជាងគេ​រហូតដល់​៧​ដង (១៩៥៧, ១៩៥៩, ១៩៨៦, ១៩៩៨, ២០០៦, ២០០៨, ២០១០) តាម​ពីក្រោយ​ដោយ​កា​មេ​រូ​ន​៥​ដង (១៩៨៤, ១៩៨៨, ២០០០, ២០០២, ២០១៧), ហ្គា​ណា​៤​ដង (១៩៦៣, ១៩៦៥, ១៩៧៨, ១៩៨២), នី​ហ្សេ​រី​យ៉ា​៣​ដង (១៩៨០, ១៩៩៤, ២០១៣) ហើយ កូដ​ឌី​វ័រ និង​កុង​ហ្គោ ឈ្នះ​២​លើក​ម្នាក់​។  
​សូមបញ្ជាក់ថា African Cup of Nations ឆ្នាំ​២០១៩ និង​ជា​លើក​ទី​៣២​នេះ ក៏​នឹង​បន្ថែម​ក្រុម​ពី​១៦ ទៅ​២៤​ក្រុម​ជា​លើកដំបូង​ផងដែរ​៕

Tag:
 បាល់ទាត់​
  African Cup of Nations
  អេ​ហ្ស៊ិ​ប
© រក្សាសិទ្ធិដោយ thmeythmey.com