ជាតិ
សង្គមជាតិ
ពាក្យថ្មី​ប្រមាណ​២​ម៉ឺន នឹងត្រូវ​បញ្ចូល​ក្នុង​វចនានុក្រម​ខ្មែរ​
10, Jan 2019 , 8:39 am        
រូបភាព
​លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។ រូបពីរាជ្យ​បណ្ឌិត្យ​សភា
​លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។ រូបពីរាជ្យ​បណ្ឌិត្យ​សភា
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ គ្រោង​ដាក់បញ្ចូល​ពាក្យថ្មី​ប្រមាណ​២​ម៉ឺន​ពាក្យ ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ អាច​បាន​ប្រើ​ពាក្យថ្មី​។ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ លោក ហ៊ាន សុខុម ចាត់ទុក​ការបន្ថែម​ពាក្យថ្មី​នេះ ថា​ជាការ​ពង្រីក និង​ការបង្កើន​អក្សរ​ខ្មែរ​ឲ្យ​កាន់តែ​ល្អប្រសើរ​។


 
​លោក ហ៊ាន សុខុម លើកឡើងថា ពាក្យ​សម្រាប់​ប្រើ​ក្នុង​វិស័យ​នានា ដូចជា នយោបាយ​, សេដ្ឋកិច្ច​, សង្គម​, ពាក្យ​បច្ចេកទេស និង​ពាក្យ​ឈ្មោះ​រុក្ខជាតិ សម្រាប់​ប្រើប្រាស់​បច្ចុប្បន្ន នឹងដាក់​បញ្ចូល​បន្ថែម​នៅក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ និង​ក្នុង Application វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ​។ ចំណែក​ពាក្យ ដែល​និយាយ​អំពី​វេជ្ជសាស្ត្រ ថ្នាំពេទ្យ លោក អះអាងថា លោក នឹង​ចងក្រង​ជា​សៀវភៅ​សទ្ទានុក្រម​មួយ​ដាច់ដោយឡែក​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​មានប្រសាសន៍ថា ការដាក់បញ្ចូល​ពាក្យថ្មី​នេះ គឺ​បង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​ការបង្កើន​ពាក្យថ្មី​បន្ថែមទៀត ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ស្វែងរក និង​ប្រើប្រាស់​បាន​យ៉ាង​ត្រឹមត្រូវ​។ លោក បញ្ជាក់ថា​៖«​ដើម្បី​សម្រេច​កិច្ច​ការបញ្ចូល​ពាក្យថ្មី ក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ និង​ក្នុង Application វចនានុក្រម​ខ្មែរ​ក្នុង​ទូរ​សព្ទ​ដៃ​ផង​នោះ យើង​នឹង​អនុវត្ត​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០២៣»​។ 
 
​លោក ហ៊ាន សុខុម បាន​និយាយថា ការដាក់​ពាក្យថ្មី​បន្ថែម​ទាំង​២​ម៉ឺន​ពាក្យ​នេះ ក៏​នឹង​អាច​ផ្តល់ឱកាស​ឲ្យ​ជនបរទេស ដែល​កំពុង​រៀន​ភាសា​ខ្មែរ បាន​ប្រើប្រាស់ និង​រៀនសូត្រ​ផងដែរ​។ «​ជាទូទៅ យើង​ចង់​ពង្រឹង​វិសាលភាព​ភាសា​ខ្មែរ បើ​គេ​បើក​អត់​មាន​ពាក្យ​ដែល​ចង់​មើល ក៏​វា​មិនកើត​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ាន សុខុម ដោយ​លោក បន្ថែមថា​៖«​មូលហេតុ​ដែល​យើង​ដាក់បញ្ចូល​ពាក្យថ្មី ដែល​ប្រជាពលរដ្ឋ កំពុង​ប្រើ​ក្នុងពេល​បច្ចុប្បន្ន ដោយសារ​យើង​កំពុង​ខ្វះ​ពាក្យ​ជាច្រើន ពេល​យើង​ដាក់​ចូលទៅ យើង​នឹង​សម្បូរ​ពាក្យ​ប្រើប្រាស់​ច្រើនជាង​មុន​»​។ 
 
​បើតាម​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដដែល ពាក្យ​ដែល​នឹងដាក់​ចូលក្នុង​វចនានុក្រម​ខ្មែរ គឺ​មានតែ​ពាក្យ​ដែល​មនុស្ស​ទូទៅ​ប្រើប្រាស់​តែប៉ុណ្ណោះ ចំណែក​ពាក្យថ្មី​ដែល​បាន​បង្កើត​ដោយ​យុវវ័យ​មួយក្រុម​នា​សម័យ​ឌីជីថល​នេះ លោក​មិន​ទទួលស្គាល់ និង​ដាក់បញ្ចូល​ក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ​ឡើយ​។ លោក ប្រាប់​ដូច្នេះ​ថា​៖«​បើ​ពាក្យ​ដែល​បង្កើត​ដោយ​យុវវ័យ គេ​និយម​ប្រើ​ទាំងអស់គ្នា ហើយ​នៅតែ​ប្រើ​រហូតដល់​អនាគត យើង​នឹង​ពិចារណា​មើលថា ត្រូវដាក់ ឬ​មិន​ដាក់ កាលណា​គេ​បង្កើតឡើង​ដោយ​គ្រាន់តែ​ប្រើតែ​មួយ​ឈាវៗ យើង​ក៏​មិនគួរ​ដាក់ចូល​ដែរ​»​។ 
 
​លោក ហ៊ាន សុខុម យល់ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ប្រើប្រាស់​ពាក្យ មិនទាន់​ឯកភាពគ្នា និង​នៅមាន​ចន្លោះប្រហោង​នៅឡើយ​ទេ​។ មូលហេតុ​ដែល​លោក​និយាយ​ដូច្នេះ ដោយសារតែ​លោក​គិតថា ប្រជាពលរដ្ឋ​ខ្មែរ ទទួលបាន​ការអប់រំ​ខុសៗ​គ្នា ដោយ​អ្នកខ្លះ​មានចំណេះដឹង​ជ្រៅជ្រះ ក៏​ប្រើ​ភាសា​ខ្មែរ​បានល្អ​ជាង ចំណែក​អ្នក​ខ្លះទៀត ដែល​មិនមាន​ចំណេះដឹង​ទូលំទូលាយ ក៏​ប្រើ​ភាសា​ខ្មែរ​មិនទាន់​បានល្អ​៕
 

Tag:
 ពាក្យ​
  វចនានុក្រម​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com