កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ Osako រកបាន​២​គ្រាប់​ឲ្យ​ជប៉ុន ស្របពេល​អ៊ូ​ស​បេ​គី​ស្ថាន និង​កាតា សុទ្ធតែ​ឈ្នះ​ដូចគ្នា​
10, Jan 2019 , 10:24 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន អ៊ូ​ស​បេ​គី​ស្ថាន និង​កាតា​អាច​រកបាន​៣​ពិន្ទុ​រៀងខ្លួន​ក្នុងជំនួប​បើកឆាក​តាម​ពូ​ល​នៃ​ការប្រកួត​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែមករា​។​


 
​ជប៉ុន​បាន​យកឈ្នះ​តួ​ក​ម៉េ​នី​ស្ថាន​ដោយ​លទ្ធផល ៣-២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ដែលជា​ពូ​ល​ចុងក្រោយ​ប្រចាំ​ព្រឹត្តិការណ៍​នៅ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​។ ខ្សែប្រយុទ្ធ Yuya Osako នៃ​ក្លិប Werder Bremen របស់​អាល្លឺម៉ង់ ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជប៉ុន​២​គ្រាប់​ម្នាក់ឯង រួមទាំង​ខ្សែបម្រើ Ritsu Doan រកបាន​១​គ្រាប់​។ ២​គ្រាប់​របស់​តួ​ក​ម៉េ​នី​ស្ថាន​ធ្វើបាន​ដោយ​កីឡាករ Arslanmyrat Amanov និង Ahmet Atayev ដោយ​ការ​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​។​

 
 
​ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​ឈរ​នៅ​កំពូល​តារាង​ពូ​ល F បណ្តោះអាសន្ន ខណៈ អ៊ូ​ស​បេ​គី​ស្ថាន​ដែល​បាន​យកឈ្នះ​អូ​ម៉​ង់ ២-១ នា​ជំនួប​បើកឆាក​ក្នុង​ពូ​ល​ជាមួយគ្នានេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ហើយ​តួ​ក​ម៉េ​នី​ស្ថាន​នៅ​លេខ​រៀង​ទី​៣​។​

 
 
​ដោយឡែក​កាតា​ដែល​នឹង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០២២ ក៏​រកបាន​ជ័យជម្នះ​សម្រាប់​ប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E ផងដែរ​បន្ទាប់ពី​យក​ឈ្នះ​លី​បង់ ២-០​។ កាតា​ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ពូ​ល E រីឯ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​រក្សា​តំណែង​កំពូល​តារាង​បណ្តោះអាសន្ន​ដដែល​ព្រោះ​មាន​គ្រាប់​បាល់​ស៊ុត​ចូល​ទី​ច្រើនជាង​៕
 
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com