ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប៦២៦,២២៥តោន។ ចំនួននេះមានការធ្លាក់ចុះ១.៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧ មានចំនួន៦៣៥,៦៧៩តោន។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្កររបស់ក្រុមការងារផ្នែកស្រូវ-អង្ករនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (SOWS-REF)។ សហភាពអឺរ៉ុបនៅតែជាទីផ្សារដ៏ធំរបស់អង្ករកម្ពុជា ប៉ុន្តែគិតតាមប្រទេស មហាយក្សចិនគឺជាអតិថិជនលំដាប់កំពូល។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមអង្ករនាំចេញជិត៦៣ម៉ឺនតោនក្នុងឆ្នាំ២០១៨ ការនាំចេញក្នុងខែធ្នូ មានទំហំច្រើនជាងគេ ដោយមានរហូតដល់ទៅជិត១៣ម៉ឺនតោន បន្ទាប់មក មានខែមករា និងខែវិច្ឆិកា ដែលមានជាង៦ម៉ឺនតោន។
អង្ករដែលកម្ពុជានាំចេញទៅទីផ្សារបរទេសកាលពីឆ្នាំមុននោះ មាន អង្ករក្រអូបចំនួន៤៩៣,៥៩៧តោន អង្ករសគ្រាប់វែងមាន ១០៥,៩៩០ និងអង្ករចំហុយគ្រាប់វែងចំនួន ២៦,៦៣៨តោន។ ប្រភេទអង្ករផ្ការំដួល/ផ្កាម្លិះ មានចំណែកដល់ទៅជិត៤៤ភាគរយ អង្ករក្រអូបចម្រុះ (សែនក្រអូប, Neang Sauy) មានជិត៣៣ភាគរយ និងចម្រុះគ្រាប់វែង មានជាង១៥ភាគរយ។
ទីផ្សារដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ គឺសហគមន៍អឺរ៉ុបមានជិត២៧ម៉ឺនតោន ជិតស្មើនឹង៤៣ភាគរយនៃចំនួននាំចេញសរុប។ ក្នុងចំណោមប្រទេសចំនួន២៦នៃសហភាពអឺរ៉ុបដែលនាំចូលអង្ករកម្ពុជា បារាំង មានចំណែកទិញជិត១៤ភាគរយ ហូឡង់ជាង៤ភាគរយ ប៉ូឡូញ ជិត៤ភាគរយ រីឯបែលហ្ស៊ិក អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ សាធារណរដ្ឋឆេក និងអេស្ប៉ាញ ចន្លោះពីជាង២ភាគរយ ទៅជាង៣ភាគរយ។
បើគិតលើភាគរយរួម ចិនជាអតិថិជនលំដាប់ទីមួយរបស់កម្ពុជា ដោយបាននាំចូលអង្កររហូតដល់ទៅជាង១៧ម៉ឺនតោន ស្មើ២៧,១៧ភាគរយ ខណៈម៉ាឡេស៊ី មានចំណែក៦,៥២ភាគរយ បន្ទាប់ពីបារាំង (១៣,៧៤ភាគរយ)។
នៅតំបន់អាស៊ាន ម៉ាឡេស៊ី បានទិញអង្ករពីកម្ពុជាប្រមាណ៤ម៉ឺនតោន (៦,៥២ភាគរយ) បន្ទាប់មកមាន វៀតណាម (៤,២៧ភាគរយ), ថៃ (៣,៨០ភាគរយ)។ ហ្គាបុង ដែលស្ថិតនៅទ្វីបអាហ្វ្រិក បានទិញអង្ករកម្ពុជាជាង៣ម៉ឺនតោន (៥,២៨ភាគរយ) រីឯអូស្ត្រាលី បានទិញជិត៨០០០តោន (១,២២ភាគរយ)។
តាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដដែល ក្រុមហ៊ុនសរុបចំនួន៨៧ ដែលបាននាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងក្រុមហ៊ុន Batang, City Rice Import Export, Apsara Rice, Amru Rice និងKhmer Foods Group មានចំនួននាំចេញច្រើនជាងគេ៕