ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ចូលរួម​ទទួលខុសត្រូវ ក្នុង​សំណុំរឿង​លោក កឹម សុខា​
10, Jan 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី ចង់​ធ្វើជា​សាក្សី​នៅក្នុង​សំណុំរឿង​របស់លោក កឹម សុខា​។ តែ​លោក សុំ​ផ្តល់​ចម្លើយ តាម​ការតភ្ជាប់​វីដេអូ​ពី​បរទេស​មក​។ លោក ប្រកាស​ពី​បរទេស​ថា មានតែ​លោក​ម្នាក់​គត់ ដែល​ដឹង​រឿង​ច្រើនជាងគេ ក្នុង​សំណុំរឿង​របស់លោក កឹម សុខា​។ 


 
​លោក សម រង្ស៊ី ផ្ញើ​សារ​ទៅ​តុលាការ​ភ្នំពេញ​ថា មិនចាំបាច់​ហៅ​លោក គង់ គាំ ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់លោក ទៅ​សួរ​ទេ ព្រោះ​លោក គង់ គាំ មិនដឹង​រឿង​ច្រើន​ដូច​លោក​ឡើយ​។ លោក បន្តថា កាលពី​លោក នៅក្នុង​ស្រុក គឺមាន​តែ​លោក​និង​លោក កឹម សុខា ប៉ុណ្ណោះ ដែល​បាន​រួមគ្នា​ធ្វើ​សេចក្តីសម្រេច​សំខាន់ៗ​ក្នុងឋានៈជា​ប្រធាន​គណបក្ស​និង​អនុប្រធាន​។  
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក បាន​សរសេរ​បែបនេះ​៖«​ខ្ញុំ សម រង្ស៊ី ដឹង​រឿង​ច្រើនជាងគេបង្អស់ ហើយ​ខ្ញុំ​ក៏​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ​បង្អស់​ដែរ ពីព្រោះ​ខ្ញុំ​ជា​អ្នកធ្វើ​សេចក្តីសម្រេច​ចុងក្រោយ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ កាលនោះ ក្នុងឋានៈ​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​អាមេរិកាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ច្រើនជាង​លោក កឹម សុខា ទៅទៀត​...»​។ 
 
​លោក សរសេរ​ទៀតថា​៖«​បើ​ចង់​ស៊ើបអង្កេត​ស៊ីជម្រៅ ក្នុង​សំណុំរឿង​របស់លោក កឹម សុខា តុលាការ​....​ត្រូវតែ​ហៅ​ខ្ញុំ សម រង្ស៊ី ទៅ​សាកសួរ មុនគេ​បង្អស់​។ ខ្ញុំ  យល់ព្រម​ផ្តល់ព័ត៌មាន ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់លោក កឹម សុខា ជូន​តុលាការ តាមរយៈ​ប្រព័ន្ធ​វីដេអូ Skype ពី​សហរដ្ឋអាមេរិក ដែល​ខ្ញុំ​កំពុងតែ​ស្ថិតនៅ​ពេលនេះ​»​។​
 
​មកដល់ពេលនេះ ពុំទាន់​មាន​ព័ត៌មាន​ពី​តុលាការ ដែល​ឆ្លើយតប​នឹង​សំណូមពរ​របស់លោក សម រង្ស៊ី នោះទេ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​ដែល​កាន់​សំណុំរឿង​របស់លោក កឹម សុខា បានឡើយ ដោយសារ​ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​មិនមាន​ការឆ្លើយតប​។ 
 
​ចំណែក លោក សួស វិទ្យា​រ៉ា​ន់​ឌី អនុប្រធាន​លេខាធិការដ្ឋាន​តុលាការ​ភ្នំពេញ សុំ​មិន​បកស្រាយ ដោយ​លោក លើក​ហេតុផល​ថា លោក ពុំទាន់​ទទួលបាន​ព័ត៌មាន​នេះ​ច្បាស់លាស់​។ 
 
​រីឯ​លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា ក៏​សុំ​មិន​បរិយាយ​ដែរ​។ លោក និយាយ​យ៉ាងខ្លី​ថា រឿងនេះ គឺ​ហួស​ពី​កិច្ចការ​របស់លោក ក្នុងនាម​ជា​មេធាវី​។ 
 
​យ៉ាងណាក៏ដោយ លោក សំ សុ​គង់ ដែល​ធ្លាប់​ធ្វើជា​មេធាវី​ឲ្យ​លោក កឹម សុខា ដែរនោះ បាន​លើកឡើងថា សំណូមពរ​របស់លោក សម រង្ស៊ី អាចទៅរួច បើ​ចៅក្រម​ស៊ើបសួរ ចង់​ធ្វើ​។ លោក ពន្យល់ថា បើទោះជា​ច្បាប់​កម្ពុជា ពុំបាន​ចែង​ឲ្យ​ចំ​ថា សាក្សី អាច​ផ្តល់​ច​ម្លើ​ង​តាមរយៈ​ការតភ្ជាប់​វីដេអូ​ពី​កន្លែង​ផ្សេង (Video Conference) ក៏ដោយ តែ​តាម​គោលការណ៍ ចៅក្រម​ស៊ើបសួរ​ឬ​តុលាការ អាច​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​ភស្តុតាង​និង​យុត្តិធម៌​។  
 
​លោក​មេធាវី អះអាងថា បទពិសោធ​នេះ ធ្លាប់​កើតមាន​នៅ​ប្រ​ទស​ដទៃ​។ លោក បន្តថា តុលាការ​ខ្មែរក្រហម ក៏​ធ្លាប់ប្រើ​វិធី​នេះដែរ ដោយ​អនុញ្ញាត​ឲ្យ​សាក្សី​ខ្លះ ផ្តល់​ចម្លើយ​តាមរយៈ​ការតភ្ជាប់​វីដេអូ ពី​ប្រទេស​បារាំង​ឬ​ប្រទេស​ផ្សេងទៀត​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ យល់ថា សំណូមពរ​របស់គាត់ ដូចជា​មិន​ខុស​ទេ​។ ដូច្នេះ ចៅក្រម​ស៊ើបសួរ គួរ​ពិចារណា​យក​សំណូមពរ​របស់គាត់​»​។ 
 
​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ស៊ើបសួរ​នៅឡើយ​ទេ​។ ថ្មីៗ​នេះ ចៅក្រម​ស៊ើបសួរ បាន​បង្គាប់​ឲ្យ​លោក គង់ គាំ ចូលទៅ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​ប​ស់លោក កឹម សុខា នៅ​ចុងខែ​មករា ឆ្នាំ​២០១៩​។ លោក គង់ គាំ ប្រាប់​សារព័ត៌មាន​នានា​ថា លោក នឹង ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​។ 
 
​កម្លាំង​សមត្ថកិច្ច បាន​ចូលទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន កាលពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​សង្ស័យថា លោក បាន​ប្រព្រឹត្ត​បទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​អាច​រាប់បញ្ចូល​ក្នុង​អំពើ​ក្បត់ជាតិ​។ បទល្មើស​នេះ គឺ​សំដៅលើ​ការសហការ​និង​ការ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ក៏ត្រូវ​បាន​ដោះលែង​ជា​បណ្តោះអាស្ន​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បានដាក់បម្រាម​យ៉ាង​តឹងតែង​ចំពោះ​លោក ដោយ​មិន​ឲ្យ​លោក ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ មិន​ឲ្យ​ជួប​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​។ 
 
​ក្រុម​អ្នកប្រឆាំង មិន​ចាត់ទុកថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ទេ​។ ពួកគេ ហៅ​នីតិវិធី​របៀបនេះ ថា​ជាការ​ប្តូរ​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ទៅជា​ការឃុំខ្លួន​ក្នុងផ្ទះ​។ ពួកគេ នៅតែ​បន្ត​ទាម​ទាម​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​និង​ផ្តល់​សេរីភាព​ឲ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា​៕ 
 

Tag:
 សម រង្ស៊ី​
  កឹម សុខា​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com