អន្តរជាតិ
បេក្ខជន​បក្សប្រឆាំង​កុង​ហ្គោ ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​
10, Jan 2019 , 2:04 pm        
រូបភាព
លោក Felix Tshisekedi (អាវស) ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (រូបភាព AFP)
លោក Felix Tshisekedi (អាវស) ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (រូបភាព AFP)
​បេក្ខជន​ប្រឆាំង Felix Tshisekedi បានឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​ត្រូវបាន​ពន្យារពេល​ជា​យូរ​។ បើតាម​លទ្ធផល​បឋម​ដែល​ប្រកាស​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៩ ខែមករា លោក Tshisekedi បាន​ផ្ដួល​បេក្ខជន​ផ្សេងទៀត រាប់ទាំង​បេក្ខជន​ដែល​គាំទ្រ​ដោយ​ប្រធានាធិបតី​ចប់​អាណត្តិ Joseph Kabila ផង​។ ជ័យជម្នះ​នេះ នាំទៅដល់​ការផ្ទេរអំណាច​តាមបែប​ប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​រដ្ឋ​អាហ្វ្រិក​នេះ​តាំងពី​ឆ្នាំ​១៩៦០ មក​។​

 
​ដោយ​ទទួលបាន​សំឡេង​ចំនួន​៣៨,៥៧​ភាគរយ លោក Felix Tshisekedi គឺជា​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ នេះ​ជាការ​ប្រកាស​លទ្ធ​ផលប​ឋ​ម​របស់លោក Corneille Nangaa ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោតជាតិ​នៅ​ថ្ងៃទី​៩ ខែមករា ។ សំឡេង​ហ៊ោកញ្ជ្រៀវ​បាន​ផ្ទុះឡើង​ពេញ​បន្ទប់​ប្រកាស​លទ្ធផល ហើយ​ការរីករាយ​អបអរ​ក៏​ផ្ទុះឡើង​ក្នុង​រដ្ឋធានី​គីន​ស្ហា​សា​ភ្លាមៗ​ដែរ​។​
 
​ក្នុង​លទ្ធផល​ដដែល លោក Tshisekedi  បាន​ផ្ដួល​អ្នកជំនួញ Martin Fayulu ដែល​ស្ថិតនៅ​លេខ​រៀង​ទី​ពីរ និង​បេក្ខជន​បក្ស​កាន់អំណាច​លោក Emmanuel Ramazani Shadary ។ លោក Shadary អតីតរដ្ឋមន្ត្រី​មហាផ្ទៃ ត្រូវបាន​គាំទ្រ​ដោយ​ប្រធានាធិបតី Joseph Kabila ដែល​ចប់​អាណត្តិ​ពីរ​ឆ្នាំ​មកហើយ​។ គ្មាន​នរណា​រំពឹងថា បេក្ខជន​បក្សប្រឆាំង​អាច​ផ្ដួល​បេក្ខជន​បក្ស​កាន់អំណាច​ឡើយ ព្រោះ​ការបោះឆ្នោត​នេះ​ពោរពេញ​ដោយ​ភាពមិនប្រក្រតី​ជាច្រើន​។​
 
​បេក្ខជន​ចាញ់ឆ្នោត មាន​ពេល​១០​ថ្ងៃ​ដើម្បី​តវ៉ា​លទ្ធផល​នេះ​ទៅកាន់​តុលាការ​ធម្មនុញ្ញ​។ ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​នេះ ធ្វើឡើង​តាំងពី​ថ្ងៃទី​៣០ ខែធ្នូ​មកម្ល៉េះ ប៉ុន្តែ​ការប្រកាស​លទ្ធផល​ត្រូវបាន​ពន្យារពេល​ដោយសារ​អំពើហិង្សា​។ មុនពេល​ប្រកាស​លទ្ធផល ប៉ូលិស​កុង​ហ្គោ ត្រូវបាន​ពង្រាយ​នៅ​ទីស្នាក់ការ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ដើម្បី​ធានា​សុវត្ថិភាព​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែមករា ហើយ​ការស្បថ​ចូលកាន់​តំណែង​ធ្វើ​នៅ​បី​ថ្ងៃក្រោយ​។​
 
​លោក Kabila ត្រូវបាន​រំពឹងថា នឹង​ចាក​ចេញពី​តំណែង​ក្នុង​ខែ​នេះ បន្ទាប់​អង្គុយ​កៅអី​ប្រធានាធិបតី​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​នោះ​។ បើសិន​គ្មានអ្វី​ប្រែប្រួល​ទេនោះ ការឡើង​កាន់តំណែងរ​ប​ស់លោក Tshisekedi នឹង​ក្លាយជា​ការផ្ទេរអំណាច​លើកដំបូង​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ និង​ជាការ​ផ្ទេ​អំណាច​តាមផ្លូវ​ប្រជាធិបតេយ្យ​លើកទីមួយ​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ​អាហ្វ្រិក​មួយ គិត​តាំងពី​ទទួលបាន​ឯករាជ្យ​ពី​បែលហ្ស៊ិក​ក្នុង​ឆ្នាំ​១៩៦០ មក​។​
 
​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី Tshisekedi វ័យ​៥៥​ឆ្នាំ គឺជា​កូនប្រុស​អ្នកនយោបាយ​ប្រឆាំង​ដ៏​លេច​មុខមាត់​មួយរូប​របស់​ប្រទេស គឺ​លោក Etienne Tshisekedi ។ លោក​ត្រូវ​ដឹកនាំ​ប្រទេស​អាហ្វ្រិក​ដែល​សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​ក្នុង​បរិបទ​ថ្មី ចំណែកឯ​លោក Kabila ដែល​ធ្វើទុក្ខបុកម្នេញ​អ្នកនយោបាយ​ប្រឆាំង​ជាច្រើន​ឆ្នាំ​មកហើយ​នោះ នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​អស់​មួយជីវិត​តាម​ការកំណត់​ច្បាប់រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៕ 
 

Tag:
 អាហ្វ្រិក​
  កុង​ហ្គោ​
  Joseph Kabila
  Felix Tshisekedi
© រក្សាសិទ្ធិដោយ thmeythmey.com