ជាតិ
ក្រុម​អ្នកការពារ​ព្រៃឈើ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ដើម្បី​ល្បាត​និង​ការពារ​ព្រៃ​ឡង់​
10, Jan 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
រូបឯកសារ៖ បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
ដោយ: VOA
​ភ្នំពេញ ៖​ក្រៅតែពី​ការរកឃើញ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​ចេះតែ​បន្ត​កើតមាន​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ ក្រុម​អ្នកការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បន្ធូរបន្ថយ​ខាងច្បាប់​ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​អាច​បាន​ចូល​ដើរល្បាត​ព្រៃ​ឡង់ ដែល​ពួកគេ​យល់ថា កំពុងស្ថិត​ក្នុងស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។​

 
​ការស្នើ​របស់​ក្រុម​អ្នកការពារ​ព្រៃ​ឡង់​បាន​ធ្វើឡើង​ក្នុង​របាយការណ៍​ខ្លី​មួយ​មាន​កម្រាស់​១២​ទំព័រ ដែល​បាន​ឲ្យ​ដឹង​ពី​ការកើនឡើង​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​នៅ​តំបន់​ព្រៃ​ឡង់ ហើយ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​នេះ​បានរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​បាត់បង់​ទីជម្រក​សត្វ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ត្រូវបាន​រដ្ឋាភិបាល​ប្រែក្លាយជា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ កាលពី​ឆ្នាំ​២០១៦​។​
 
​របាយការណ៍​របស់​ប​ណ្តា​ញ​សហគមន៍​ព្រៃ​ឡង់ ដែល​បានចេញ​ផ្សាយ​ជា​លើក​ទី​ប្រាំពីរ បានបញ្ជាក់​ឲ្យ​ដឹង​អំពី​សំណើ​របស់​អ្នកការពារ​ព្រៃ​ឡង់​ថា​៖
 
«​យើង​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ សូម​សំណូមពរ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់​ការតម្រូវ​ឲ្យ​សហគមន៍​ទទួលបាន​ការអនុញ្ញាត​ដើម្បី​ដើរល្បាត​ព្រៃ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ការពារ​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​»​។​
 
​បន្ថែម​លើ​នោះ ក្រុម​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​បានស្នើ​ដល់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ត្រូវមាន​វិធានការ​ទប់​សា្ក​ត់​បន្ថែមទៀត​ទៅលើ​ការកាប់បំផ្លាញ​ព្រៃឈើ​។​
 
​ក្រុម​អ្នកការពារ​ព្រៃ​បានលើកឡើង​ក្នុង​របាយការណ៍​នោះ​ថា​៖
 
«​យើង​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មកពី​ខេត្ត​ចំនួន​៤​គឺ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត ចាត់វិធានការ​បន្ថែម​ទៀត​ទៅលើ​ការកាប់​ឈើ​ដោយ​ខុសច្បាប់ ដែល​កំពុង​កើតឡើង យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​»​។​
 
​ក្រុម​អ្នកការពារ​ព្រៃ​ក៏បាន​សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធានាថា  សម្ភារៈ​ដែល​ត្រូវបាន​រឹបអូស​មិនត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នក​កាប់​ឈើ​វិញ​ទេ ត្រូវ​ស៊ើបអង្កេត និង​បិទ​ចោល​កន្លែង​អារឈើ​នៅ​ជុំវិញ​ព្រៃ​ឡង់ បញ្ឈប់​ការទិញ និង​លក់​ឈើ​គ្រប់​ប្រភេទ ទាំង​ស្របច្បាប់ និង​ខុសច្បាប់ នៅ​ជុំវិញ​ព្រៃ​ឡង់ ហើយ​អាជ្ញាធរ​រដ្ឋបាល​ទាំងអស់​ត្រូវ​បញ្ឈប់​ការចេញលិខិត​អនុញ្ញាត​ឲ្យ​សមាជិក​សហគមន៍​ទៅ​កាប់​ព្រៃ​ក្នុង​តំបន់​ការពារ​។​
 
​ក្រុម​អ្នកការពារ​ព្រៃ​ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បំពេញ​នូវ​ចំណុច​ផ្សេងៗ​ទៀត រួមមាន ការពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ព្រៃ​ឡង់ និង​ការពិនិត្យ ហើយ​រឹបអូស​កាំភ្លើង​ធ្វើ​ដោយ​ដៃ នៅតាម​ភូមិ​ជុំវិញ​តំបន់​ព្រៃ​ឡង់​។​
 
VOA បាន​ព្យាយាម​សុំ​ការអធិប្បាយ​ពី​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ តាម​ទូរ​សព្ទ​របស់​ពួកគេ​ជាច្រើន​ខ្សែ តែ​នៅ​មិនអាច​ទាក់ទង​បាន​នៅឡើយ​នៅ​ថ្ងៃ​ពុធ​នេះ​។​
 
VOA ក៏​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក​កែវ អូ​ម៉ាលី​ស្ស នាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានទេ នៅ​ថ្ងៃ​ពុធ​នេះ​។​
 
​ចំណែក​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សុំ​មិន​ផ្តល់​ការអធិប្បាយ​ដោយ​លោក​ជាប់រវល់​ក្នុង​កិច្ចប្រជុំ​។​
 
​របាយការណ៍​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ បាន​រកឃើញថា ក្នុង​ចន្លោះ​ខែកញ្ញា​ឆ្នាំ​២០១៧​ដល់​ខែឧសភា​ឆ្នាំ​២០១៨ មានការ​ចូល​កាប់​ឈើ​ចំនួន​៩០២​លើក​ក្នុង​ខេត្តកំពង់ធំ ៥៦៩​លើក​ក្នុង​ខេត្តស្ទឹងត្រែង​៤៣៣​លើក​ក្នុង​ខេត្តក្រចេះ​និង​១២៩​លើក​ក្នុង​ខេត្តព្រះវិហារ​។​
 
​ជារួម ការចូល​កាប់​ព្រៃឈើ​មាន​២៧៤៥​លើក ក្នុងនោះ​មាន​២០៣៣ លើក​ត្រូវបាន​ចាត់ទុកថា មាន​សុពលភាព​។ បើ​គិត​ជា​ភាគរយ​គឺ​ការចូល​កាប់​ព្រៃឈើ​មាន​កំណើន​៧៤​ភាគរយ គិត​ចាប់ពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​ដល់​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០១៨  ហើយ​ការចូល​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ​គឺ​កើតឡើង​៦០​លើក​ក្នុង​មួយខែ​។​
 
​រូបភាព​ដែល​ប្រមូលបាន​តាម​ប្រព័ន្ធ​ផ្កាយរណប​បាន​ឲ្យ​ដឹងថា មានការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡ​ង‍់​»​និង​តំបន់​ជុំវិញ​ចំនួន​៥៦០០​ហិកតា​ក្នុង​ឆ្នាំ​២០១៧​។ ចំនួន​នេះ​គឺ​ស្មើនឹង​ការបាត់បង់​ព្រៃឈើ​មាន​ទំ​ហ៊ំ​ប៉ុន​តារាង​បាល់ទាត់​ចំនួន​២១​តារាង ជា​រៀងរាល់ថ្ងៃ​ក្នុង​ឆ្នាំ​២០១៧​។ នេះ​គឺជា​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ និង​ទេសភាព​ជុំវិញ​ដែនជម្រកសត្វព្រៃ​នេះ​។​
 
​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ឲ្យ​ដឹងថា «​សកម្មភាព​»​កាប់​ឈើ​ខុសច្បាប់​មាន​ចំនួន​៩៩​ភាគរយ​នៃ​សកម្មភាព​ទាំងអស់​។​
 
​ទិន្នន័យ​ភាគច្រើន​បាន​រាយការណ៍​ថា គល់ឈើ​កាត់​រួច​មួយៗ​មាន​ចំនួន​៤១​ភាគរយ ដែល​ដើមឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត​។ គំនរ​ឈើ​ត្រូវបាន​ជនល្មើស​ប្រមូល​យកចេញ និង​ការដឹកជញ្ជូន​មាន​ចំនួន​២៤​ភាគរយ​នៃ​ទិន្នន័យ​សរុប​។ តំបន់​ដែលមាន​ការកាប់​ឆ្កា​មាន​ចំនួន​១១​ភាគរយ​នៃ​ទិន្នន័យ​សរុប​។ ផ្ទៃដី​ដែល​ត្រូវបាន​កាប់ឆ្កា​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​១០០​ហិកតា និង​រាប់បញ្ចូល​ទាំង​ខ្ទម​រាប់រយ​ដែល​ធ្វើ​សម្រាប់​ស្នាក់នៅ​។​
 
​លោក ស្រី ថី សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ចេញផ្សាយ​ជា​សាធារណៈ​កាលពី​អង្គា​រថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​កម្សោយ​ក្នុងការ​អនុវត្ត​ច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​។​
 
​លោក ត្រូវបាន​ស្រង់​សម្តី​តាមន័យ​ដើម​ថា​៖
 
«​យើង​ឃើញ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ដែល​អ្នក​កាប់​ឈើ​ខុសច្បាប់​បាន​កាប់​ដើមឈើ នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ប៉ុន្តែ​ពួកគេ​មិនដែល​ត្រូវបាន​អាជ្ញាធរ​ដាក់ទណ្ឌកម្ម​ទេ​»​។​
 
​លោក​បាន​បន្ថែមថា​៖
 
«​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ធានាថា អ្នក​កាប់​ឈើ​ខុសច្បាប់​នាពេល​អនាគត​ត្រូវបាន​គេ​ដាក់ទោស​ទណ្ឌ​ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទាំងនោះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com