កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao មិនទាន់​ខ្វល់​ពី​តំណែង​ប្រធានាធិបតី ដោយ​បន្ត​ផ្តោតលើ​អាជីព​ប្រដាល់​
11, Jan 2019 , 8:39 am        
រូបភាព
Pacquiao ជាមួយ​លោក​ប្រធានាធិបតី Duterte ។ រូបថត AFP
Pacquiao ជាមួយ​លោក​ប្រធានាធិបតី Duterte ។ រូបថត AFP
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បាន​ច្រានចោល​ជុំវិញ​របាយការណ៍​ដែល​ទាក់ទង​នឹង​រូបលោក​ក្នុងការ​ចូលរួម​ប្រជែង​ធ្វើ​ប្រធានាធិបតី​ហ្វីលីពីន ដោយ​បង្ហាញ​ពិភពលោក​ថា​ខ្លួន​នៅតែ​ផ្តោតលើ​អាជីព​ប្រដាល់​ដដែល​។​


 
​អ្នក​ប្រដា​ល់វ័យ ៤០​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ស្រាប់​នោះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ដំណើរការ​នាពេល​អនាគត​សម្រាប់​តំណែង​ជា​អ្នកដឹកនាំ​ប្រទេស​កំណើត​របស់ខ្លួន ខណៈដែល​រូ​គេ​ត្រូវបាន​ប្រជាជន​ចាត់ទុកថា​ជា​វីរៈបុរស​របស់​ជាតិ​ទៅហើយ​។​
 
​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី Pacquiao បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែមករា​ថា រូបគេ​បាន​យក​សេចក្តីប្រាថ្នា​ក្នុង​វិស័យ​នយោបាយ​ទុក​មួយអន្លើ​សិន ហើយ​ផ្តោតអារម្មណ៍​ដើម្បី​ត្រៀមខ្លួន​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA លំដាប់​ពិភពលោក ជាមួយ​កីឡាករ Adrien Broner​។ អ្នក​ប្រដាល់​អាមេរិក​វ័យ​៣០​ឆ្នាំ​រូបនេះ នឹងត្រូវ​ឡើងទៅ​ដណ្តើម​ខ្សែក្រវាត់​ពី Pacquiao នៅ​សង្វៀន MGM Grand Garden Arena នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក នា​ថ្ងៃទី​១៩ ខែមករា​ខាងមុខនេះ​។​


 
​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូបនេះ​បាន​ប្រាប់ AFP ថា​៖«​មនុស្ស​ជាច្រើន​កំពុង​និយាយថា​ខ្ញុំ​អាច​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​នាពេលខាងមុខ​។ ប៉ុន្តែ​ខ្ញុំ​មិនទាន់​គិតពី​រឿងនេះ​ទេ ហើយក៏​មិនមាន​ផែនការ​នៅពេល​នេះដែរ​។ ការធ្វើជា​អ្នកបម្រើ​សាធារណៈ​គឺ​ខុសពី​កីឡា​វា​មាន​បញ្ហា​ច្រើន​ហើយ​ត្រូវ​គិត​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​នៅក្នុង​ប្រទេស ហើយ​ថែមទាំង​ត្រូវ​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនោះ​ទៀត​»​។​
 
Pacquiao ដែល​ប្រកួត​លើកចុងក្រោយ​ផ្តួល​កីឡាករ​អា​ហ្ស​ង់​ទីន Lucas Matthysse នៅ​ទឹកដី​ម៉ាឡេស៊ី មាន​ប្រវត្តិ​ប្រកួត​ឈ្នះ ៦០​ដង ចាញ់​៧ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៩ លើក​ក្នុង​អាជីព​ប្រដាល់​ចាប់តាំងពី​ឆ្នាំ ១៩៩៥​មក​។ ចំណែក Broner ធ្លាប់​ប្រកួត​៣៨​ដង ឈ្នះ​៣៣ ចាញ់​៣ និង​ស្មើ​ម្តង និង​ផ្តួល​ដៃគូ​មិន​ឲ្រ​តដៃ​រួច​២៤​លើក​៕



Tag:
 ​ប្រដាល់​
  Manny Pacquiao
  Adrien Broner
  WBA
© រក្សាសិទ្ធិដោយ thmeythmey.com