កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃ​ដែល​ទើប​ដេញ​គ្រូ​ប្រឹងរក​៣​ពិន្ទុ ខណៈ​ម្ចាស់ផ្ទះ​ក៏ត្រូវ​ការ​ឈ្នះ​ឥណ្ឌា​ផងដែរ​
10, Jan 2019 , 5:34 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​កំពុង​សម្លឹង​រក​ជ័យជម្នះ​សម្រាប់​ជំនួប​ទី​២​របស់ខ្លួន​ទល់នឹង​បា​រ៉ែ​ន​នៃ​ការប្រកួត​ពាន AFC Asian Cup ឆ្នាំ ២០១៩ បន្ទាប់ពី​ចាញ់​ឥណ្ឌា ៤-១ កាលពី​ប្រកួត​បើកឆាក​ពូ​ល A​។​

 
​ក្រុម​រហស្សនាម​ដំរី និង​បា​រ៉ែ​ន​នឹង​ក្លាយជា​គូប្រជែង​ដ៏​ស្វិតស្វាញ​នា​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែមករា នា​កីឡដ្ឋាន Al-Maktoum ក្នុង​ក្រុង​ឌូ​បៃ វេលា​ម៉ោង​៦:០០​នាទី (​ម៉ោង​នៅ​កម្ពុជា​) ល្ងាច​នេះ​។ បា​រ៉ែ​ន​ដែលជា​ក្រុម​មានប្រៀប​ជាង​ថៃ បាន​ប្រកួត​ស្មើ​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ១-១ កាលពី​ជើង​ទី​១ និង​មាន​១​ពិន្ទុ​ក្នុង​ដៃ​។​
 
​ថៃ​ជា​ក្រុម​កំពុង​ទទួលរង​សម្ភា​ធ​ខ្លាំង ដ្បិត​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​នេះ​បា​នស​ម្រ​ច​បញ្ចប់​តំណែង​គ្រូ​បង្គោល​លោក Milovan Rajevac ភ្លាមៗ​ក្រោយ​ចាញ់​ឥណ្ឌា​ក្នុង​ប្រកួត​ដំបូង​។ ប៉ុន្តែ​យ៉ាងណា​នៅ​ល្ងាច​នេះ​លោក Choketawee Promrat ដែលជា​គ្រូ​ជំនួយ​នឹង​ទទួល​ភារកិច្ច​ដឹកនាំ​ជំនួស និង​រ៉ាប់រង​ប្រកួត​ដែល​នៅ​សេះសល់​។​
 
​រីឯ​ឥណ្ឌា​ដែល​ទទួលបាន​៣​ពិន្ទុ​រូ​ច​ហើយ​ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​សម្រាប់​ជំនួប​ទី​ពីរ​ពូ​ល A នេះដែរ ដែល​ធ្វើឡើង​នៅ​ម៉ោង ១១:០០​នាទី​យប់​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​ផងដែរ​ដើម្បី​ធានា​កៅអី​ទៅកាន់​វគ្គ​បន្ត ខណៈ​ខ្លួន​ជា​អ្នកដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ផង​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​។​
 
​ដោយឡែក​ពូ​ល B ក៏មាន​ការប្រកួត​មួយគូ​ដែរ ដោយ​ហ្សកដានី​ត្រូវ​ជួប​ស៊ី​រី​នៅវេលា​ម៉ោង ៨:៣០​នាទី ពោលគឺ​នៅក្រោយ​ការប្រកួត​រវាង​ថៃ​និង​បា​រ៉ែ​ន​។ ហ្សកដានី​ជា​ក្រុម​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ​ក្នុង​ពូ​ល​នេះ​ព្រោះ​ពួកគេ​បាយ​យកឈ្នះ​ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី ១-០ កាលពី​ជើង​ទី​១​។ ចំណែក​ស៊ី​រី​បាន​ត្រឹម​ស្មើ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន ១-១៕

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com