ជាតិ
សង្គមជាតិ
គម្រោងពង្រីកអាងបន្សុទ្ធទឹកខ្វក់១៦ហិកតាដើម្បីទប់ស្កាត់ទឹកកខ្វក់ហូរចូលក្នុងសមុទ្រ
× ព្រះសីហនុ៖ ដើម្បីទប់ស្កាត់ទឹកកង្វក់ដែលហូរចូលក្នុងសមុទ្រនៅខេត្តព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពង្រីកអាងបន្សុន្ធទឹកកង្វក់ចំនួន១៦ហិកតាបន្ថែមទៀត។ នេះបើតាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជាដែលបានស្រង់សម្តីលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បញ្ហាទឹកកខ្វក់ គឺជារឿងគួរឲ្យបារម្ភ ខណៈខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចមួយដែលមានឥទ្ធិពលផ្នែកឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ទន្ទឹមនឹងនេះ រយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍផ្នែកសំណង់ អាគារពាណិជ្ជកម្ម ខុនដូ និងសណ្ឋាគារ នៅតាមមាត់សមុទ្រ ដែលជាហេតុនាំឲ្យមានកំណើនទឹកស្អុយកាន់តែច្រើនឡើងផងដែរ។
បើតាមលោករដ្ឋមន្ត្រី បច្ចុប្បន្នបរិមាណនៃការបញ្ចេញទឹកកង្វក់នៅក្នុងខេត្តនេះ មានចន្លោះពី២ម៉ឺន ទៅ៤ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ខណៈសមត្ថភាពអាងស្តុកអាចបន្សុទ្ធទឹកកខ្វក់នេះ ក្នុងមួយថ្ងៃ អាចគ្រប់គ្រងទឹកកង្វក់បានតែ៦ពាន់ម៉ែត្រគុបប៉ុណ្ណោះ។ ក្រៅពីមានគម្រោងកសាងអាងចម្រោះទឹកកង្វក់លើដី១៦ហិកតា នៅព្រះសីហនុ ក្រសួងក៏នឹងកសាងអាងចម្រោះទឹកបន្ថែមទៀតនៅខេត្តកំពត កែប និងបណ្តាខេត្តមួយចំនួន ដូចជា បាត់ដំបង សៀមរាប កណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។
ជាមួយគ្នាផងដែរ រដ្ឋបាលខេត្ត បានអំពាវនាវឲ្យម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អាគារពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងម្ចាស់អាហារដ្ឋានទាំងអស់ រួមគ្នាអនុវត្ត និងធ្វើអាងចម្រោះទឹកកង្វក់ មុននឹងបង្ហូរចូលទៅលូសមុទ្រ ប៉ុន្តែម្ចាស់ទីតាំងអាជីរករមួយចំនួន នៅតែមិនទាន់អនុវត្តត្រឹមត្រូវនៅឡើយទេ។
ដើម្បីដោះស្រាយបញ្ហាទឹកកង្វក់នេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏កំពុងសាងសង់ស្ថានីយ៍បូមទឹកកង្វក់ចំនួន៤កន្លែង សម្រាប់បូមកាកសំណល់រាវបញ្ជូលទៅអាងចម្រោះ មុននឹងបង្ហូរចូលនៅក្នុងសមុទ្រ។ ស្ថានីយទាំងនោះរួមមានទី១ នៅក្បែរអាគារសណ្ឋាគារអេម៉ារីយ៉ូ ស្ថិតនៅក្នុងសង្កាត់ទី៣។ ទី២ ស្ថិតនៅជាប់បរិវេណសណ្ឋាគារសុខា។ ទី៣ ស្ថិតនៅក្បែរអូរ នៃអាគារ ឌី ស៊ីហ៊ូ និងទី៤ ស្ថិតនៅម្តុំទីតាំងផ្លូវចុះទៅផែអូប័រទៅកោះរ៉ុង ដើមឆ្នេរអូរឈើទាល៕
Tag:
ទឹកកខ្វក់
សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com