ការនេសាទ​អំណោយផល សូម​រួសរាន់​ទិញ​ត្រី​ក្នុង​ខែបុស្ស​ដើម្បី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ​!
ជាតិ
ការនេសាទ​អំណោយផល សូម​រួសរាន់​ទិញ​ត្រី​ក្នុង​ខែបុស្ស​ដើម្បី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ​!
10, Jan 2019 , 10:19 pm        
រូបភាព
​បន្ទាប់ពី​តាមដាន​លើ​ស្ថានភាព​ទឹក​ក្នុង​បឹង​ទន្លេសាប​រួចមក រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ទាក់ទង​នឹង​ផល​អនុគ្រោះ​ក្នុងការ​នេសាទ​ត្រី ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។​

 
​លោក អេង ជា​សាន ប្រតិភូ​រដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​៨ ខែមករា ថា គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល អាច​នេសាទ​ត្រី​បាន​ច្រើន​ម្ដងទៀត​ក្នុង​ខែបុស្ស​នេះ គឺ​ចាប់​ពីថ្ងៃ​៦​កើត ដល់​ថ្ងៃទី​១២​កើត ត្រូវ​នឹង​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥ​ទិ្ធ​ពល​ព្យុះ​។​
 
«​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ទុក​សម្រាប់​បរិភោគ សូម​អញ្ជើញ​មក​ទិញ​ត្រី​ក្នុង​ខែបុស្ស​នេះ​ទៀត​ឲ្យ​បាន​រួសរាន់​»​។  នេះ​ជាការ​អំពាវនាវ​របស់​ប្រធាន​រដ្ឋបាល​ជលផល​។​
​រដ្ឋបាល​ជលផល​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មេត្តាជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រពល​រដ្ឋ​បានធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ​និង​ដឹកជញ្ជូន​ផលិតផល​ត្រី កុំ​ឲ្យ​មានការ​រាំងស្ទះ​៕
 
 

Tag:
 ​នេសាទ​
  ប្រហុក​
  ផ្អក​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com