ជាតិ
សង្គមជាតិ
អ្នកកាសែត លើក​សំណូមពរ​ផ្សេងៗ​ទៅកាន់​នាយករដ្ឋមន្ត្រី
10, Jan 2019 , 7:37 pm        
រូបភាព
សម្តេច ហ៊ុន សែន​ ជួបអ្នកកាសែតកាលពីឆ្នាំ២០១៧
សម្តេច ហ៊ុន សែន​ ជួបអ្នកកាសែតកាលពីឆ្នាំ២០១៧
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ពិសា​អាហារ​សាមគ្គី​ប្រចាំឆ្នាំ ជាមួយ​អ្នកសារព័ត៌មាន​ប្រមាណ​៤៥០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃ​១១ ខែមករា ឆ្នាំ​២០១៩​។

 
 
​ទោះ​ត្រូវ​ចូលរួម ឬ​មិន​ចូលរួម​ក្តី ប៉ុន្តែ​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​មួយចំនួន ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) វិទ្យុ​អាស៊ីសេរី កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង វិទ្យុ​បារាំង​អន្តរជាតិ ជាដើម បានដាក់​សំណើ​និង​សំណូមពរ​ផ្សេងៗ​ទៅកាន់​នាយករដ្ឋមន្ត្រី​។ 
 
​លោក ស៊ុន ណារិន អ្នករាយការណ៍​របស់​វី​អូ​អេ លើក​ពី​បញ្ហា​ប្រឈម​នានា ជាពិសេស​ការហាមឃាត់​អ្នកកាសែត​មួយចំនួន មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ធំៗ រួមទាំង​ព្រឹត្តិការណ៍​នានា​របស់​នាយករដ្ឋមន្ត្រី​ផងដែរ ខណៈ​ពួកគេ មាន​បណ្ណសារ​ព័ត៌មាន​។ លោក​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ព័ត៌មាន ពិភាក្សាគ្នា​ត្រង់ចំណុច​នេះ ដើម្បី​បើក​ឲ្យ​អ្នកកាសែត​គ្រប់រូប បាន​ចូល​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិ​កាណ៍​សំខាន់ៗ​ទាំងនោះ​។ 
 
​ម្យ៉ាងទៀត លោក មិន​ចង់​ឲ្យ​មន្ត្រី​និង​ស្ថាប័ន​រដ្ឋាភិបាល បែងចែក​និង​រើសអើង​ស្ថាប័ន​សារព័ត៌មាន​ឡើយ ហើយ​ចៀសវាង​ការចោទប្រកាន់ថា សារព័ត៌មាន​នេះ​ឬ​សារព័ត៌មាន​នោះ បម្រើ​ឲ្យ​បរទេស​។ លោក ណារិន បន្តថា​៖ «​អ្នកកាសែត តែងតែ​បំពេញការងារ​តាម​វិជ្ជាជីវៈ​។ យើង សរសេរ​ព័ត៌មាន ដោយ​ផ្អែកលើ​ប្រភព​និង​ឯកសារ និង​មានការ​និយាយ​ការពិត​។ មិនមែន​ថា​រឿង​ល្អ គឺជា​ការពិត ហើយ​រឿង​អាក្រក់ មិនមែនជា​ការពិត​នោះទេ​»​។ 
 
​សារ​ចុងក្រោយ​របស់លោក ដែល​ចង់​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី គឺ​អ្នកកាសែត អាចបំពេញ​ការងារ​ដោយ​គ្មាន​ការគាបសង្កត់​។ បន្ទាប់មក លោក ក៏​ឆ្លៀត​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ពី​ការអនុញ្ញាត​ឲ្យ​មាន​វត្តមាន​វិទ្យុ​អាស៊ីសេរី​និង​កាសែត​ខេ​ម​បូ​ឌា ដេលី ឡើងវិញ​។ 
 
​លោក ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុ​ជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)  ចង់បាន​ដូច​លោក ស៊ុន ណារិន ដែរ ដែលថា អ្នកកាសែត មិនគួរ​រង​ការរើសអើង​ឬ​ការគាបសង្កត់​។ លោក លើកឡើងថា ដើម្បី​ធានា​សេរីភាព​សារព័ត៌មាន រដ្ឋាភិបាល ត្រូវ​ធានា​ពី​សុវត្ថិភាព​របស់​អ្នកកាសែត ក្នុងការ​បំពេញការងា​រ​។ 
 
​លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល គួរ​បើកចំហ​ការងារ​របស់​អ្នកកាសែត ដោយ​មិនមាន​ការប្តឹង ការគំរាមកំហែង ការរើសអើង ការ​ធ្វើទុក្ខបុកម្នេញ ការដក​អាជ្ញា​បណ្ណ និង​ការបិទ​កាសែត​នោះទេ​»​។ 
 
​លោក ថា កិ​ត្យា ដែល​ធ្លាប់ជា​អ្នក​សែត​នៃ​វិទ្យុ​អាស៊ីសេរី ប្រាប់​ទៅ​ប្រមុខ​រដ្ឋាភិបាល​ថា ស្ថាប័ន​ដែល​ខ្លួន​ធ្លាប់​បម្រើ គឺ​បំពេញការងារ​ដោយ​ឯករាជ្យ​និង​មាន​វិជ្ជាជីវៈ​។ លោក លើកឡើងថា​៖« យើង​សប្បាយចិត្ត ពេល​បាន​ផ្តល់ដំណឹង​ដល់​ប្រជាពលរដ្ឋ​។ យើង គ្មាន​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាតិ ឬ​ចង់​ចាញ់ឈ្នះ​រដ្ឋាភិបាល​ទេ​។ ហើយ​យើង ចង់​ឲ្យ​រដ្ឋាភិបាល​បើក​ចិត្ត បើក​បេះដូង​មែនទែន មិនមែន​បានត្រឹមតែ​ប្រកាស តែ​ជាក់ស្តែង​បង្ក្រាប​នោះទេ​»​។ 
 
​លោក មិន​ភ្លេច​នោះទេ ពី​ការស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក យាង សុជា​មេត្តា និង​លោក អ៊ួ​ន ឈិន ដែល​ធ្លាប់ជា​សហការី​ជាមួយគ្នា​នៅ​វិទ្យុ​អាស៊ីសេរី​។ លោក ថែមទាំង​ស្នើ​ឲ្យ​បញ្ឈប់​ការចោទប្រកាន់​លើ​អ្នកកាសែត​ផ្សេងទៀត ទាំង​ដែល​ពួកគេ ពុំបាន​ប្រព្រឹត្ត​បទ​ស្មើ​ស ដែល​លោក​ហៅថា ជា «​ការបង្កើត​បទល្មើស​បែ​ប​ច្នៃប្រឌិត​»​។ 
 
​លោក វ៉ន ដា​រ៉ា អ្នកកាសែត​នៅ​ភ្នំពេញ​ប៉ុស្តិ៍ ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​នៅ​គ្រប់លំដាប់​ថ្នាក់ សហការ​និង​បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នកកាសែត ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​និង​ផ្តល់ព័ត៌មាន ទៅកាន់​ប្រជាពលរដ្ឋ​។  «​ខ្ញុំ​យល់ថា អ្នកកាសែត ជា​តួអង្គ​សំខាន់ ដែល​ចូលរួម​អភិវឌ្ឍ​។ អ្នកកាសែត ជា​អ្នក​នាំសារ ហើយក៏​ដូចជា​កញ្ចក់ បំភ្លឺ​សង្គម​ដែរ​»​។ 
 
​ការបង្កើន​ទំនាក់ទំនង​ល្អ​រវាង​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកកាសែត ក៏​ជាការ​ចង់បាន​របស់លោក វណ្ណ សុគន្ធា អ្នកកាសែត​នៃ​វិទ្យុ​បារាំង​ផងដែរ​។ រឿង​មួយទៀត គឺ​លោក ស្នើ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​កំពុង​វាយលុក​សង្គម​កម្ពុជា​។ លោក សម្តែង​ក្តីបារម្ភ​ថា បើ​នៅតែ​បណ្តែតបណ្តោយ ព័ត៌មាន​ក្លែងក្លាយ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព័ត៌មាន​វិជ្ជាជីវៈ​។  
 
​នាយករដ្ឋមន្ត្រី ក៏មាន​សារ​សម្រាប់​អ្នកកាសែត​វិញ​ដែរ មុននឹង​ជំនួប​កើតឡើង​។ សារ​នោះ បង្ហាញថា នាយករដ្ឋមន្ត្រី បានចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ នាយករដ្ឋមន្ត្រី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ពិតប្រាកដ​ណាស់ ការរីក​ច​ម្រើ​របស់​ប្រទេសជាតិ គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួមរ​បស់បង​ប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ​»​។​
 
​ថ្មីៗ​នេះ រដ្ឋាភិបាល បានប្រកាសថា នឹង​ពង្រឹង​និង​បើក​ឲ្យ​ទូលាយ​ចំពោះ​សង្គម​ស៊ីវិល និង​សារព័ត៌​មាននៅ​កម្ពុជា​៕ 
 
 
 

Tag:
 ហ៊ុន សែន​
  អ្នកកាសែត​
  ជំនួប​ប្រចាំឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com