ONE Championship
កីឡាជាតិ
ជាតិ
អ្នកប្រយុទ្ធក្នុងទ្រុង សុ​វណ្ណា​រី អាច​នឹង​​ឡើង​សង្វៀន ONE Championship មុន​ការគ្រោងទុក​
11, Jan 2019 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី យកបាន​ជោគជ័យ​ធំ​មួយ​សម្រាប់​អបអរ​ឆ្លង​ឆ្នាំ​២០១៨ ប៉ុន្តែ​នៅ​ឆ្នាំនេះ​វិញ​នាង​នឹង​បន្ត​កសាង​សមិទ្ធផល​ដ៏​អស្ចារ្យ​ថែមទៀត​ក្នុង​វិស័យ​កីឡា​វាយ​ក្នុង​ទ្រុង MMA នេះ​។

 
​កីឡាការិនី​គុន​ចម្រុះ​វ័យ ២៦​ឆ្នាំ​រូបនេះ បាន​ប៉ះ​អ្នក​ប្រដាល់​ស្រី​ជើងចាស់​ជនជាតិ​អ៊ុយ​ក្រែ​ន​នាង Iryna Kyselova កាលពី​ព្រឹត្តិការណ៍​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួ ONE: DESTINY OF CHAMPIONS ​ដោយបាន​ផ្តួល​ភាគី​ដោយ​ប្រើ​រយៈពេល​មិន​ដល់ ៨១ វិនាទី​ផង ពេលនោះ​ហើយ​ដែល​អាជីព​របស់​នាង​ចាប់ផ្តើម​មាន​សន្ទុះ​ឡើង​នៅ​ស្ថាប័ន​ប្រដាល់ ONE Championship​។ 
 
​ការបង្ហាញ​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​របស់​នាង​ក្រោម​ដំបូល​ពិភព​ក្បាច់គុន សុ​វណ្ណា​រី ដែលមាន​ទីលំនៅ​ឯ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​ជំរុញ​ស្មារតី​ខ្លួន​មិន​ឲ្យ​ចុះ​ញ៉ម​ឡើយ ព្រោះ​គ្រប់​ការប្រកួត​ទាំងអស់​របស់​នាង នាង​បាន​ផ្តួល​ដៃគូ​ឲ្យ​ចាញ់​មុន​ចប់​ទឹក​ទាំងអស់​។ 
 
​បន្ទាប់ពី​ត្រលប់​មកពី​វិ​សម្ស​កាល​វិញ នាង​ទន្ទឹង​ចាំ​ការចាប់ផ្តើម​ដើម្បី​ត្រៀម​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​។​
 
​សុ​វណ្ណា​រី រៀបរាប់​ពី​វិស្សមកាល​ខ្លួន​ថា​៖ «​ខ្ញុំ​ទើប​មកពី​លេង​ភ្នំ អ៊ីចឹង​ខ្ញុំ​ចង់​ឆាប់​បានមក​ហាត់​វិញ​ឲ្យ​ពេញ​ម៉ោង​តែម្តង​។ ខ្ញុំ​បាន​សម្រាក​ពេញលេញ​...​មាន​អារម្មណ៍​ធូ​ស្រា​លពី​ស្ត្រេ​ស​»​។ 
 
 
​ថ្វីបើ​នាង​តែងតែ​ប្រាប់​គេ​ថា នាង​ជាម​នុស្ស​ខ្មាសអៀន​ច្រើន​មែន ប៉ុន្តែ​ឃើញថា​ពេល​នាង​បង្ហាញខ្លួន​ដើរ​សំដៅទៅ​សង្វៀន​ធំជាងគេ​លើ​ពិភពលោក​ជា​លើកដំបូង នាង​ដូចជា​មិន​បញ្ចេញ​ភាពភ័យខ្លាច ឬ​អៀន​ច្រើន​អ្វី​សោះ​។ 
 
​ដោយមាន​ជំនួយ​ពី​គ្រូបង្វឹក​ផ្ទាល់​របស់​នាង​គឺ​លោក Justen Hamilton ពីរ​នាក់​គ្រូ​និង​សិស្ស បាន​ត្រៀម​ស្នៀត​ប្រយុទ្ធ​បំប៉ន​ក្បាច់​វាយ​ឈរ និង​ក្បាច់​ចាប់​ក្រោម​របស់​នាង បានល្អ​ឥតខ្ចោះ ហើយ​ជា​លទ្ធផល​ឃើញថា​នាង​បាន​ផ្តួល​ខាង​កីឡាការិនី​អ៊ុយ​ក្រែ​ន​បាន​ទាំង​មិនមាន​របួស​អ្វី​ទាំងអស់​។ 
 
​នាង​ប្រាប់ថា​៖ «​ដំបូង​ឡើយ​ពួក​ខ្ញុំ​គិតថា​យ៉ាង​ឆាប់​បំផុត​គឺ​ខែមេសា​ដែល​យើង​អាច​បាន​គូប្រកួត​មួ​ួ​យ​។ តែ​ស្តាប់​មើលទៅ ប្រហែល ONE អាច​រៀបចំ​ឲ្យ​វាយ​ក្នុង​ខែ​កុ​ម្ភះ​នេះឯង​។ ខ្ញុំ​អត់​មាន​ត្រូវរបួស​អី​ទេ​កាលពី​ប្រកួត​លើក​មុន អីចឹង​ខែ​កុ​ម្ភះ​គឺ​ល្អ​តែម្តង​»​។ 
 
ONE Championship បានប្រកាស​ជា​ផ្លូវការ​ថា​នឹងមាន​ព្រឹត្តិការណ៍​ធំៗ​សរុប​ចំនួន ៤៥ ព្រឹត្តិការណ៍​ល​ក្នុង​ឆ្នាំ ២០១៩ ដែល​នឹង​ប្រារព្ធ​នៅលើ​ទឹកដី​ថ្មីៗ​ដូចជា​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម​។ 
 
​តែ​គួរ​ឲ្យ​សោកស្តាយ សង្វៀន​ធំៗ​ទាំងនោះ​មិនមាន​ធ្វើ​នៅ​កម្ពុជា​ឡើយ​ឆ្នាំ ២០១៩​នេះ មិន​ដូច​អ្វីដែល សុ​វណ្ណា​រី​រំពឹងទុក​ឡើយ តែ​យ៉ាងណា​កីឡាករ​ខ្មែរ​-​អាមេរិក​រូបនេះ ក៏​នៅតែ​រំភើបចិត្ត​ដើម្បី​បាន​ឡើង​ប្រកួត​តាម​ប្រទេស​ដ៏​ទៃ​ដូចគ្នា​។ 
 
​សុ​វណ្ណា​រី ប្រាប់​៖ «​ខ្ញុំ​ចង់ឃើញ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​សិង្ហ​បុរី ។ មាន​ប្រទេស​ច្រើន ខ្ញុំ​គិតថា​គ្រប់កន្លែង​សុទ្ធតែ​ពិសេស​ទាំងអស់​»​។ 
 
​ទោះបីជា ONE Championship មិនបាន​រៀបចំ​សង្វៀន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ សុ​វណ្ណា​រី នៅតែ​ប៉ុនប៉ង​ថា​មកលេង​ទឹកដី​ដូនតា និង​ស្គាល់​បន្ថែម​ពី​រឹសគល់​របស់ខ្លួន​ឲ្យ​បាន​។ 
 
​សព្វថ្ងៃ​ពុំទាន់​មាន​ដំណឹង​ថា​ត្រូវ​ប្រកួត​ពេលណា​នោះទេ ប៉ុន្តែ​កីឡាការិនី​ប្រភេទ​ទម្ងន់​ស្រាល រូបនេះ​នៅតែ​ខិតខំ​បន្ត​ហ្វឹកហាត់ ហើយ​ស្វែងរក​ឱកាស​មកលេង​កម្ពុជា ហើយ​បើ​បានមក​មែន​គឺ​នឹង​ហាត់​ជាមួយ​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា ព្រមទាំង​គ្រូបង្វឹក​ផ្ទាល់ Lorenzo Lanzafame
​តែម្តង​។ 
 
«​ពួកគាត់​រួសរាយ​រាក់ទាក់​មែនទែន កាល​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី យើង​ស្គាល់​មិត្តភក្តិ​ច្រើន​ដូចជា Lorenzo និង រតនា ជាដើម​»​។ 
 
​សម្រាប់​ឆ្នាំ​២០១៩ សុ​វណ្ណា​រី សង្ឃឹមថា​អាច​ប្រកួត​បាន​ច្រើនដង​ជាង​មុន​ដើម្បី​លើក​ទង់ជាតិ​ប្រទេស​កម្ពុជា ក៏ដូចជា​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​មួយកំរិត​ទៀត​លើស​ង្វៀន​ក្បាច់គុន​អន្តរជាតិ​ពិភពលោក​នេះ​។ 
 
«​តាមចិត្ត​ខ្ញុំ ខ្ញុំ​ចង់​ប្រកួត​យ៉ាងតិច​ឲ្យ​បាន ៣​ដង តែ​ចាំមើល​សិន​ថា ONE អាច​រៀបចំ​បាន​ប៉ុន្មាន​ឲ្យ​ខ្ញុំ​»៕ 

​អត្ថបទ​៖ Matias Andres
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com