Asian Cup៖ ហ្សកដានី​កក់​កៅអី​ទៅ​វគ្គ​បន្ត រីឯ​ម្ចាស់ផ្ទះ​ឈរកំពូលតារាងក្រោយ​ឈ្នះ​ឥណ្ឌា
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ហ្សកដានី​កក់​កៅអី​ទៅ​វគ្គ​បន្ត រីឯ​ម្ចាស់ផ្ទះ​ឈរកំពូលតារាងក្រោយ​ឈ្នះ​ឥណ្ឌា
11, Jan 2019 , 1:02 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហ្សកដានី​បាន​សិទ្ធិ​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​បន្ទាប់ពី​យកឈ្នះ​ស៊ី​រី ២-០ និង​ជា​ជ័យជម្នះ​លើក​ទី​២​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល B នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​យប់​ថ្ងៃទី​១០ ខែមករា​។ ចំណែក​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​ស្ថ​តិ​ក្នុង​ពូ​ល A ក៏​រកបាន​ជ័យជម្នះ​ដំបូង​របស់ខ្លួន​ដោយ​ការ​ផ្តួល​ឥណ្ឌា​ក្នុង​លទ្ធផល ២-០ ផងដែរ​។​


 
​ឆ្លងកាត់​ពីរ​ប្រកួត​ហ្សកដានី​អាច​រកបាន​៦​ពិន្ទុ​ពី​ការប្រកួត​ពីលើ​កដោយ​នាំមុខគេ​ដាច់​ក្នុង​ពូ​ល B តាម​ពីក្រោយ​ដោយ​ប៉ា​ឡេ​ស្ទី​ន និង​ស៊ី​រី​ដែលមាន​១​ពិន្ទុ​ដូចគ្នា ហើយ​អូស្ត្រាលី​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។ ប៉ុន្តែ​ក្រុម​ការពារ​ជើងឯក​អូស្ត្រាលី​នឹងត្រូវ​តទល់​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​នា​ជំនួប​ជើង​ទី​២​នៅ​ថ្ងៃទី​១១ ខែមករា​នេះ​។​
 
 
​ដូច្នេះ​ហ្សកដានី​បាន​កក់​កៅអី​ទៅកាន់​វគ្គ​បន្ត​ហើយ ខណៈ​ប៉ា​ឡេ​ស្ទី​ន ស៊ី​រី និង​អូស្ត្រាលី​ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពូ​ល B នេះ ឬ​លេខ​៣​ល្អ​បំផុត​។​
​ចំណែក​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏​ទទួល​ជ័យជម្នះ​របស់ខ្លួន​ផងដែរ​នា​ការប្រកួត​លើក​ទី​ពីរ​នេះ​ដោយ​យកឈ្នះ​ឥ​ណ្ឌ​ដោយ​លទ្ធផល ២-០​។ លទ្ធផល​នេះ​បាន​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល A បណ្តោះអាសន្ន​វិញ​ដោយមាន​៤​ពិន្ទុ​។ ថៃ​ដែល​រកបាន​៣​ពិន្ទុ​ដោយ​ការយក​ឈ្នះ​បា​រ៉ែ​ន ១-០ ស្ថិតនៅ​លេង​រៀង​ទី​៣ តាម​ពីក្រោយ​ឥណ្ឌា​ដ្បិត​មាន​គ្រាប់​បាល់​បញ្ចូល​ល្អ​ជាង ខណៈ​បា​រ៉ែ​ន​មាន​១​ពិន្ទុ​នៅ​បាត​តារាង​។ 
 

​យ៉ាងណាក៏ដោយ​ក្នុង​ពូ​ល A នេះ​ក្រុម​ទាំង​៤​សុទ្ធតែ​នៅមាន​លទ្ធភាព​ដើម្បី​ប្រជែង​គ្នា​ទៅ​វគ្គ​បន្ត​ដោយ​ត្រូវ​កាត់សេច្ចក្តី​នា​ជំនួប​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​៕
 
 
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម