អន្តរជាតិ
លោក ម៉ា​ឌុយ​រ៉ូ ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ ទាំង​អន្តរជាតិ​មិន​ទទួលស្គាល់​
11, Jan 2019 , 9:19 pm        
រូបភាព
​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃទី​១០ ខែមករា បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សម្រាប់​អាណត្តិ​ទី​ពីរ​រយៈពេល​៦​ឆ្នាំ​ទៀត​។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​មាន អាមេរិក អឺរ៉ុប កាណាដា និង​រដ្ឋ​សមាជិក​អង្គការ​ទ្វីបអាមេរិក មិន​ទទួលស្គាល់​ភាពស្របច្បាប់​របស់លោក​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ ឡើយ​។ ទោះ​បរទេស​ភាគច្រើន​មិន​រាប់រក លោក ម៉ា​ឌុយ​រ៉ូ ក៏​នៅតែមាន​មិត្ត​សេសសល់​ដែរ​ដូចជា​គុយ​បាយ នី​កា​រ៉ា​ហ្កា និង​បូ​លី​វី​ជាដើម​។​

 
​អាណត្តិ​ទី​ពីរ ឆ្នាំ​២០១៩-២០២៥ របស់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចាប់ផ្ដើម​ដោយ​ឱនភាព​សេដ្ឋកិច្ច ភាព​ឯកោ​ផ្នែក​ការទូត និង​ការចោទប្រកាន់​របស់​អន្តរជាតិ​។ លោក ម៉ា​ឌុយ​រ៉ូ បាន​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១០ ខែមករា បន្ទាប់ពី​ទទួលជោគជ័យ​ក្នុងការ​ឆ្នោត​ខែឧសភា ឆ្នាំ​២០១៨ មកម្ល៉េះ​។ ការបោះឆ្នោត​នោះ ពោរពេញ​ដោយ​បញ្ហា អន្តរជាតិ​មិន​ទទួលស្គាល់ ហើយ​បក្សប្រឆាំង​ធ្វើពហិការ​ទៅទៀត​។​
 
​លោក ម៉ា​ឌុយ​រ៉ូ ដែល​បន្ត​តំណែង​ពី​លោក ហ៊ូ​ហ្គោ ឆា​វេស ធ្វើ​សច្ចាប្រណិធាន​ចំពោះមុខ​ប្រធាន​តុលាការ​កំពូល ដែល​តាមច្បាប់​តម្រូវ​ឲ្យ​ធ្វើ​នៅ​ចំពោះមុខ​សភា​។ មិនមែន​ចម្លែក​ទេ​ដែល​រឿងនេះ​កើតឡើង​បែបនេះ ដ្បិត​លោក​បាន​សភា​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​បង្កើត​សភាធម្មនុញ្ញ​មួយ​ដើម្បី​ប្រជែង​នឹង​សភា​សព្វថ្ងៃ​ត្រូវ​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​។ ការណ៍​នេះ​ក៏​នាំ​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ​ផង ព្រោះ​ស្ថាប័ន​នីតិបញ្ញត្តិ​មាន​ដល់​ទៅ​ពីរ​។​
 
​អាមេរិក អឺរ៉ុប ក្រុម​ប្រទេស​តំបន់​ឡាទីន និង​អង្គការ​រដ្ឋ​អាមេរិក មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ឡើយ ហើយក៏​មិន​ទទួលស្គាល់​លោក ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន បាន​អំពាវនាវ​តាម Twitter ឲ្យ​បង្កើន​ការដាក់​សម្ពាធ​លើ​ក្រុង​កា​រ៉ា​កាស់​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ឯ​អឺរ៉ុប​ចាត់ទុក​ការឡើង​កាន់តំណែង​រប​ស់លោក ម៉ា​ឌុយ​រ៉ូ ជា​រឿង​មិន​ស្រប​ប្រជាធិបតេយ្យ និង​គំរាម​ដាក់ទណ្ឌកម្ម​ផង​។​
 
​ចំណែក​ក្រុម​ប្រទេស Lima ដែលមាន​សមាជិក​ភាគច្រើន​ជា​រដ្ឋ​នៅ​អាមេរិក​ឡាទីន ក៏​ទាត់ចោល​ភាពស្របច្បាប់​របស់លោក ម៉ា​ឌុយ​រ៉ូ ដែរ​។ លើកលែងតែ​ម៉ិ​ក​ស៊ី​ក​ចេញ សមាជិក​ដទៃទៀត​បាន​ទទូច​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ បោះបង់​តំណែង​ប្រធានាធិបតី និង​ប្រគល់​អំណាច​ឲ្យ​សភា​វិញ​។ ក្រោយ​កិច្ចប្រជុំ​របស់ខ្លួន ប៉ា​រ៉ា​ហ្កា​យ​ក៏​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ខណៈ​ប៉េ​រូ​ហៅ​របប​ក្រុង​កា​រ៉ា​កាស់ ជា​របប​ផ្ដាច់ការ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ទោះ​សហគមន៍​អន្តរជាតិ​មាន​លោកខាងលិច​មិន​ទទួលស្គាល់​ក្ដី រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ក៏​មិន​ឯកោ​ពេក​ដែរ​។ ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ក្នុង​ទីក្រុង​កា​រ៉ា​កាស់ មេដឹកនាំ​បរទេស និង​ប្រតិភូ​ប្រទេស​ជា​មិត្ត​មួយចំនួន​ក៏​ចូលរួម​ដែរ​ដូចជា​ប្រធានាធិបតី​គុយបា Miguel Diaz-Canel, ប្រធានាធិបតី​បូ​លី​វី Evo Morales, មេដឹកនាំ​អែល​សាល់​វ៉ា​ឌ័​រ Sanchez Ceren និង​សម​ភាគី​ហី​កា​រ៉ា​ហ្កា Daniel Ortega ព្រមទាំង​តំណាង​ចិន រុស្ស៊ី និង​ម៉ិ​ក​ស៊ិ​ក​។​
 
​សូម​បញ្ជាក់ដែរថា វ៉េ​ណេ​ស៊ុយ​អេ​ឡា ធ្លាប់មាន​ឈ្មោះ​ជា​ប្រទេស​មាន​ស្តុកស្តម្ភ​ដោយសារ​សម្បូរ​ធនធាន​ប្រេង តែ​បាន​ផុងខ្លួន​ក្នុង​វិបត្តិ​យ៉ាងជ្រៅ​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ ដែលជា​អតីត​អ្នក​បើកឡាន​ទៅវិញ​។ ជម្លោះ​ផ្នែក​នយោបាយ និង​អសមត្ថភាព​គ្រប់គ្រង​សេដ្ឋកិច្ច ធ្វើ​ឲ្យ​រដ្ឋ​អាមេរិក​ឡាទីន​នេះ​ឈានដល់​ធ្លាក់​ក្នុងស្ថានភាព​ចលាចល និង​ក្ស័យធន ហើយ​ស្ថានភាព​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដែរ​៕
 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com