ជាតិ
សង្គមជាតិ
បច្ចេកវិទ្យា
ស្ថាប័នជំនាញប្រាប់ឲ្យប្រុងប្រយ័ត្នចំពោះការប្រើ Wifi ដែលគ្មានប្រភពច្បាស់លាស់
× ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានចេញសារណែនាំឲ្យមហាជនប្រុងប្រយ័ត្នចំពោះការប្រើ Wifi សាធារណៈ ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងការលួចទិន្នន័យ ឯកសារ ឬព័ត៌មានរបស់ប្រើប្រាស់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា យល់ថា ពលរដ្ឋខ្មែរភាគច្រើនប្រើប្រាស់ Wifi សាធារណៈ ស្ទើរតែគ្រប់ពេលវេលា ដូចជានៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ប្រលានយន្តហោះ និងទីសាធារណៈជាច្រើនទៀត ដែលពលរដ្ឋខ្មែរមិនបានគិតដល់ថា ការប្រើប្រាស់នេះ អាចនឹងនាំមកនូវហានិភ័យផ្សេងៗ ដូចជា ការលួចព័ត៌មានផ្ទាល់ខ្លួន(រូបភាព,វីដេអូ) លេខសម្ងាត់Password ផ្សេងៗ និងការចែកចាយមេរោគ(Virus Malware)។
ដើម្បីឲ្យការប្រើប្រាស់ Wifi សាធារណៈ ប្រកបដោយសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពលរដ្ឋទាំងអស់គួរតែ ភ្ជាប់ Wifi ណាដែលមានប្រភពច្បាស់លាស់ ដើម្បីជៀសវាងការចូលក្នុងគណនីផ្សេងៗ ដូចជា ធនាគារ iCloud, Email លេខសម្ងាត់ហ្វេសប៊ុក និងលួចយកទិន្នន័យក្នុងកុំព្យូទ័រ ហើយបន្ទាប់ពីប្រើប្រាស់រួច សូមបិទ Wifi និង Network Sharing នៅលើកុំព្យូទ័រក្នុងការជៀសវាងកុំព្យូទ័រដទៃប្រើប្រាស់ដែរ។
ជាមួយគ្នាផងដែរ កាលពីឆ្នាំ២០១៨ ក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ បានរៀបចំឧបករណ៍បច្ចេកទេស Public Wifi ២កន្លែងនៅរាជធានីភ្នំពេញ ដែលមានល្បឿន 1Gps (មួយហ្សីហ្គាប៊ីតក្នុងមួយវិនាទី) រួមមាន នៅសួនសម្តេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវជាតិ-អន្តរជាតិក្នុងការប្រើប្រាស់អ៊ីនធឺណិតផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៨ មានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តនៅកម្ពុជា មានជាង១៤ម៉ឺននាក់(១៤៧.៥៩៦នាក់) បើធៀបជាមួយតួលេខឆ្នាំ២០១៧មានការកើនឡើង។ សម្រាប់អ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានប្រមាណ ៦,៨លានគណនី។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយនិយ័តទូរគមនាគមន៍កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com