អន្តរជាតិ
បន្ទាប់ពី​ជួប​ជាមួយនឹង​លោកស្រី May លោក Abe ថា ពិភពលោក​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ក្រោយ​អង់គ្លេស​ចាក​ចេញពី​អឺរ៉ុប​
11, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Shinzo Abe នាយករដ្ឋមន្ត្រី​នៃ​ប្រទេស ជប៉ុន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពិភពលោក​នេះ​មិន​ចង់ឃើញ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ឬ​ហៅថា Brexit ដំណើរការ​ទៅដោយ​ឥត​រៀបរយ​នោះទេ ហើយ​ថា លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចព្រមព្រៀង​ដក​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​របស់លោក​ស្រី Theresa May នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស ដែល​កិច្ចព្រមព្រៀង​នេះ​កំពុង​ប្រឈម​នឹង​ការមិន​ពេញចិត្ត​នៅក្នុង​សភា​អង់គ្លេស​។​

 
​ក្រុមហ៊ុន​នាំមុខគេ​មួយចំនួន​របស់​ជប៉ុន​ក្នុង​ចក្រភព​អង់គ្លេស​បាន​ព្រមាន​ថា ការដកខ្លួន​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​អាច​នឹង​ក្លាយជា​មហន្តរាយ​មួយ​សម្រាប់​អង់គ្លេស​។ បន្ទាប់ពី​ជួប​ជាមួយនឹង​លោកស្រី May ក្នុង​ទីក្រុង ឡុង​ដ៏ រួចមក លោក Abe បាន​មានប្រសាសន៍ថា វា​គឺជា​សេណារីយោ​មួយ​ដែល​គ្មាន​នរណា​ចង់ឃើញ​នោះទេ​។​
 
​លោក Abe បាន​ថ្លែង​ដោយមាន​អ្នកបកប្រែ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយនឹង​លោកស្រី May ថា «​វា​គឺជា​ឆន្ទៈ​ដ៏​រឹងមាំ​របស់​ជប៉ុន​ក្នុងការ​បង្កើន​ភាពជា​ដៃគូ​ដ៏​រឹងមាំ​នេះ​ជាមួយនឹង​ចក្រភព​អង់គ្លេស ដើម្បី​វិនិយោគ​បន្ថែមទៀត​ទៅលើ​ប្រទេស​នេះ និង​ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច​ជាមួយនឹង​ចក្រភព​អង់​គ្លេ​ស‍​»​។​
 
​លោក Abe បាន​បន្ថែមទៀតថា «​ដូច្នេះហើយ​បានជា​យើង​ពិតជា​សង្ឃឹមថា អង់គ្លេស​អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយមាន​កិច្ចព្រមព្រៀង​មួយ ហើយ​នេះ​គឺជា​អ្វីដែល​ពិភពលោក​ទាំងមូល​ចង់បា​ន‍​»​។​
 
​បណ្តា​ក្រុមហ៊ុន​ជប៉ុន​បាន​ចំណាយ​ប្រា​ក់ជាង​៥៩​ពាន់​លាន​ដុល្លារ​ក្នុង​ចក្រភព​អង់គ្លេស ដោយសារ​មានការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​អង់គ្លេស ចាប់តាំងពី​លោកស្រី Margaret Thatcher អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​សន្យា​ដល់​ក្រុមហ៊ុន​ទាំងនោះ​ក្នុងការ​ផ្តល់​កន្លែង​ធ្វើ​ជំនួញ​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​សហភាព​អឺរ៉ុប​។ 
​អនាគត​នៃ​ការចាកចេញ​របស់​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​នៅ​មិនទាន់​ប្រាកដប្រជា​នៅឡើយ​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com