ពីនេះ ពីនោះ
តើជំងឺបាក់ទឹកចិត្ត (Depression) មានអត្ថន័យពិតប្រាកដដូចម្តេច? រូបភាព ពាក្យ depression
× ពាក្យ «Depression» ដែលខ្មែរហៅថា «ជំងឺបាក់ទឹកចិត្ត» កំពុងតែធ្វើឲ្យមហាជនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក យល់ថាជំងឺនេះ កំពុងតែកើតមានឡើងចំពោះពលរដ្ឋមួយចំនួនដែលមានអារម្មណ៍តូចចិត្ត និងមានអារម្មណ៍លើសពីការសោកសៅ។ ពលរដ្ឋបានចាត់ទុកថា ជំងឺនេះអាចបណ្តាលឲ្យមនុស្សគិតខ្លី ដែលឈានទៅផ្លូវស្លាប់តែមួយគត់តែប៉ុណ្ណោះ ទើបអាចគេចផុតពីសេចក្តីទុក្ខបាន។
និយាយឲ្យមែនទែនទៅ «ជំងឺបាក់ទឹកចិត្ត» ឬហៅម្យ៉ាងទៀតថា «វិបត្តិផ្លូវចិត្ត» គឺជាដំបៅមួយ នៅក្នុងទ្រូង ក្នុងវិញ្ញាណ ឬក្នុងអារម្មណ៍ ដោយគ្មានអ្នកណាដឹងឮឡើយ ទោះបីគ្រូពេទ្យយកឈាមទៅពិនិត្យក៏មិនអាចមើលដឹងថា ជាជំងឺអ្វីដែរ។
រយៈពេលថ្មីៗនេះ មានយុវជនជាច្រើនរូប បានសម្លាប់ខ្លួនដោយសារតែខ្លួនមានជំងឺបាក់ទឹកធ្ងន់ធ្ងរ។ តើមូលហេតុអ្វីបានជានាំ ឲ្យពួកគេឈានទៅដល់ការសម្លាប់ខ្លួនបែបនេះ? មានហេតុផលជាច្រើនខុសៗគ្នា ដែលបណ្តាលឲ្យពួកគេធ្វើអត្តឃាតខ្លួនឯងដោយសារមានជំងឺបាក់ទឹកចិត្ត ដោយហេតុផលទាំងនោះ មកពីពួកគេ ខ្វះសុភមង្គលក្នុងក្រុមគ្រួសារ ដោយសារឪពុកម្តាយស្រឡាញ់កូនលម្អៀង, ការបាត់បង់ក្រុមគ្រួសារ,បែកបាក់ពីមនុស្សដែលខ្លួនស្រឡាញ់, ទំនាស់ក្នុងក្រុមគ្រួសារ មិត្តភក្តិ និងមានបញ្ហាជាច្រើនទៀតផងដែរដែលកើតឡើងនៅជុំវិញខ្លួន។
មនុស្សដែលមានជំងឺបាក់ទឹកចិត្ត តែងតែបង្ហាញសញ្ញាដូចជា បាត់បង់ភាពរីករាយ ដែលខ្លួនធ្លាប់មាន, មានអារម្មណ៍តូចចិត្ត និងសោកសៅជាខ្លាំង,គិតច្រើន គេងមិនលក់,អស់កម្លាំង, គ្មានអារម្មណ៍នៅក្នុងខ្លួន,គ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់, មានអាម្មរណ៍មួម៉ៅក្តៅក្រហាយ ខឹងច្រឡោត, ចិត្តមិនស្ងប់, តែងតែយំមិនដឹងមូលហេតុ, ចូលចិត្តស្ងៀមស្ងាត់, ប្រើប្រាស់ថ្នាំ ឬគ្រឿងស្រវឹង និងគិតតែចង់ធ្វើអត្តឃាតខ្លួនឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com