អ្នកចម្រៀង​រ៉េ​ប​សាំង សុខ​សេរី ថា​នាង​ក្លាហាន​ខ្លាំង​ក្រោយ​បាន​ហាត់​ក្បាច់គុន​
ONE Championship
កីឡាជាតិ
ជាតិ
អ្នកចម្រៀង​រ៉េ​ប​សាំង សុខ​សេរី ថា​នាង​ក្លាហាន​ខ្លាំង​ក្រោយ​បាន​ហាត់​ក្បាច់គុន​
12, Jan 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នកចម្រៀង​រ៉េ​ប​ខ្មែរ សាំង សុខ​សេរី ឡើង​ឆាក​តន្ត្រី​ម្តងៗ នាង​មាន​ភាពក្លាហាន និង​ទំនុកចិត្ត​ខ្ពស់​ដោយសារ​ធ្លាប់​ប្រឡូក​ក្នុងការ​សម្តែង​ជា​យូរ​ឆ្នាំ ហើយ​មូលហេតុ​មួយទៀត​គឺ​មកពី​នាង​បាន​ហាត់​ក្បាច់គុន​នៅ​ក្លិប Cambodian Top Team (CTT)​។

 
​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​នេះ តារាចម្រៀង​ដ៏​ស្រស​ស្អា​ច​វ័យ ២៦​ឆ្នាំនេះ បាន​ចូល​ហាត់​ក្បាច់គុន​នៅ​ក្លិប​ប្រដាល់​កំពុងតែ​មានឈ្មោះ​ល្បី​នៅ​ភ្នំពេញ ដែលមាន​ជើង​ខ្លាំង​អាជីព​ល្បីៗ​ជាច្រើនរូប​ប្រចាំ ONE Championship
 ដូចជា រិ​ន សារ​ត្ន័ និង​នៅ ស្រី​ពៅ ជាដើម​កំពុង​ហ្វឹកហាត់​ប្រចាំការ​នៅ​ទីនោះ​។​
 
​កាលពី​ក្មេង សុខ​សេរី ធ្លាប់​ត្រូវគេ​ធ្វើបាប ដូច្នេះ​នាង​មិនសូវ​ជា​ហ៊ាន​ជាមួយ​គេ​ទេ នាង​មាន​អារម្មណ៍​ថា​ចាប់តាំងពី​នាង​បាន​ហាត់​ក្បាច់គុន​មក វា​បានផ្តល់​ភាព​វិជ្ជមាន​ច្រើន​ដល់​ផ្នែក​ស្មារតី និង​រាងកាយ​របស់​នាង​។ 
 
​សុខ​សេរី ប្រាប់ថា​៖ «​ហាត់​ក្បាច់គុន​បាន​ផ្លាស់ប្តូរ​ខ្ញុំ​ខ្លាំង​មែនទែន​។ កាល​នៅ​ក្មេង​ខ្ញុំ​ខ្សោយ​ណាស់ អ៊ីចឹង​ក្មេង​ដ៏​ទៃ​គេ​ធ្វើបាប​ខ្ញុំ​។ តែ​ឥឡូវ គ្មាន​អ្នកណា​ហ៊ាន​ទេ​!»
 
​ចាប់តាំងពី​ក្លិប​កីឡារ CTT បើកទ្វារ​ស្វាគមន៍ Tiny Toones ដែល​អង្គការក្រៅរដ្ឋាភិបាល​មួយ​ធ្វើការ​យ៉ាងសកម្ម​ក្នុង​ការជួយ​កុមារ​ទទួលរង​ហានិភ័យ​ខ្ពស់ ខណៈដែល​កញ្ញា សុខ​សេរី ក៏មាន​ចំណែក​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​កម្មវិធី​នោះដែរ​។ 
 
Tiny Toones ប្រើប្រាស់​តន្ត្រី និង​ការ​រាំ ជាការ​បំផុសគំនិត និង​ការអប់រំ​សម្រាប់​ក្មេងៗ​ដែល​បាន​ចុះឈ្មោះ​ចូល​កម្មវិធី ជាមួយ​ការជួយ​ជ្រម​ជ្រែង​ពី​ក្លិប CTT ផង ឥឡូវ​គេ​បានដាក់​បញ្ចូល​ក្បាច់​ការពារ​ខ្លួន​ក្នុង​វគ្គ​សិក្សា​ផងដែរ​។ 
 
​សុខ​សេរី និយាយថា​៖ «​វា​ល្អ​ត្រង់​ថា​យើង​អាច​ប្រាប់​ពួកគាត់​ពី​របៀប​ប្រើ​ក្បាច់​ខុសៗ​គ្នា និង​បង្រៀន​គាត់​ពី​របៀប​ការពារ​ខ្លួន​។ ដូច្នេះ​ពេល​គាត់​ជួប​អ្នក​ធ្វើបាប គាត់​ចេះ​ដោះខ្លួន​បាន​»​។ 
 
Tiny Toones នៅតែ​ជា​កន្លែង​មួយ​ដែល​ពិសេស​ដក់​ជាប់​បេះដូង​នាង ហើយ​នាង​នឹង​ព្យាយាម​ត្រលប់​មកជួយ​កន្លែង​នេះ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ 
 
​នាង​ចែករំលែក​ពី​ប្រវត្តិ​ផ្ទាល់​ថា​៖ «​ខ្ញុំ​ធ្លាប់ជា​សិស្ស​នៅ​ទីនោះ​។ ពេល​ខ្ញុំ​រៀន​ចប់ ខ្ញុំ​បាន​ជួយ​ដើរ​ប្រមូល​ថវិការ​ឲ្យ​ពួកគាត់​»​។​
 
«​ពីមុន ខ្ញុំ​មក​ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​ប្រមែប្រមូល​ក្មេងៗ​ក្រីក្រ​ពី​សហគមន៍​នានា​ដើម្បី​ឲ្យ​ពួកគាត់​មក​រៀន​នៅ Tiny Toones»​។ 
 
​អ្នកចំរៀង​រ៉េ​ប​ស្រី​រូបនេះ កំពុងមាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​នៅ​កម្ពុជា ដោយសារ​នាង​មាន​វត្តមាន​សម្តែង​សឹង​គ្រប់​ទីកន្លែង​។ តែ​ទោះ​យ៉ាងណាក្តី នាង​មិនដែល​ភ្លេច​ថា​ជោគជ័យ​ដល់​សព្វថ្ងៃនេះ គឺមាន​ប្រភព​មកពីណា​ឡើយ​។ 
 
«​ខ្ញុំ​ចេះ​ក្បាច់​ហ៊ី​ប​ហប និង​ច្រៀង​រ៉េ​ប​ពី​ក្រុម Tiny Toones​។ តាមពិតទៅ​ខ្ញុំ​ចាប់​រៀន​រាំ Breakdance មុន បន្ទាប់មក​បាន​រៀន​ច្រៀង​រ៉េ​ប​តាម​ក្រោយ​។ សព្វថ្ងៃ​ខ្ញុំ​សរសេរ​បទ​ភ្លេង​ដោយ​ខ្លួនឯង​តែម្តង​។​»
 
​ទន្ទឹម​នឹងមាន​ភាពល្បីល្បាញ​ខ្លាំង នាង​រំលឹកថា​ក្បាច់គុន​បាន​ជួយ​បង្កើន​ជំនឿ​ចិត្ត​នាង​ច្រើន ហើយ​នាង​ចង់​ណែនាំ​មិត្ត​នារីៗ​ទាំងឡាយ​ឲ្យ​ហាត់រៀន​ដូចគ្នា​។ 
 
«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លាំង​ជាង​មុន ហើយ​ខ្ញុំ​ចេះ​ស្នៀត​ការពារ​ខ្លួន​ទៀត អ៊ីចឹង​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្ពស់​។ ជាធម្មតា​យើង​ដូចជា​អត់​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ទេ ប៉ុន្តែ​ត្រូវ​ចេះ​ប្រើ​ស្នៀត​ដើម្បី​ការពារ​ខ្លួន​យើង​ពេល​យើង​ស្លន់ស្លោ​!»
 
​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ យើង​សង្កេតឃើញថា​មាន​ស្ត្រី​ខ្មែរ​ជាច្រើនរូប​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​កីឡា ក្នុងនោះ​មាន​កញ្ញា ឯម សុ​វណ្ណា​រី ដែល​បាន​បញ្ចេញថ្វីដៃ​កក្រើក​សង្វៀន ONE Championship ក៏ដូចជា​កីឡាការិនី នៅ ស្រី​ពៅ ដែល​ថ្មីៗ​នេះ​ទើបបាន​ពានរង្វាន់ «​អ្នក​ប្រដាល់​ស្រី​ប្រចាំឆ្នាំ​» ពី​កម្មវិធី Lethwei World Championship ជាដើម​។ 
 
​សុខ​សេរី ជឿជាក់ថា​ក្បាច់គុន​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ជួយ​លើកតម្កើង​នារីៗ​ទៅ​ថ្ងៃមុខ​។ 
 
​នាង​បន្ថែមថា​៖ «​ខ្ញុំ​គិតថា​ក្បាច់គុន​គឺ​ល្អ​ណាស់ ពីព្រោះ​ស្រីៗ​ខ្លះ​ពូកែ​ភ័យខ្លាច​ច្រើន ដូច្នេះ​ក្បាច់គុន​អាចជួយ​ឲ្យ​គាត់​ហ៊ាន និង​បាត់​ភ័យខ្លាច​»​។ 
 
«​ហោចណាស់​យើង​ចេះ​ការពារ​ខ្លួនឯង នោះ​ហើយ​ជាការ​ជំរុញ​ទឹកចិត្ត​ដ៏​ល្អ​មួយ​!»៕
 
​អត្ថបទ​៖ Matias Andres
 

Tag:
 ONE Championship កីឡា​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com