ជន​ល្បីៗ មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មហាសាល តែ​បែកបាក់​អាពាហ៍ពិពាហ៍​
អន្តរជាតិ
ជន​ល្បីៗ មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មហាសាល តែ​បែកបាក់​អាពាហ៍ពិពាហ៍​
12, Jan 2019 , 9:29 am        
រូបភាព
ដោយ: ធីតា
​មហាសេដ្ឋី​លំដាប់​លេខ​មួយ​ពិភពលោក Jeff Bezos និង អ្នកស្រី MacKenzie បានប្រកាស​លែងលះគ្នា កាលពី​ថ្ងៃ​ពុធ ទី​៩ ខែមករា ក្រោយ​ចំណងអាពាហ៍ពិពាហ៍​អស់​រយៈពេល​២៥​ឆ្នាំ​។ ករណីនេះ ត្រូវបាន​ចាត់ទុក​ជាកា​រ​បែកបាក់​ដែល​បន្សល់​នូវ​ទ្រព្យសម្បត្តិ​ដ៏ច្រេីន​ជាងគេ​បំផុត ព្រោះ​លោក Bezos ដែលជា​ម្ចាស់​ក្រុមហ៊ុន Amazon និង​សារព័ត៌មាន The Washington Post មានទ្រព្យ​រហូតដល់​ទៅ​១៣៧​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

 
 
​បើទោះបីជា​មិនទាន់មាន​ការប្រកាស​ផ្លូវការ​ក៏ដោយ តែ​ការ​លែងលះ​នេះ នឹង​នាំ​អ្នកស្រី MacKenzie ដែលមាន​កូន​៤​នាក់​ជាមួយ​លោក Bezos អាច​ទទួលបាន​ទ្រព្យ​បែងចែក ដែលមាន​ជាង​៦៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើតាម Forbes ទ្រព្យ​នេះ នឹង​នាំ​ឲ្យ​គាត់​ក្លាយជា​អ្នក​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លំដាប់​ទី​៥​លើ​ពិភពលោក​ផងដែរ​។​
 
​កន្លងមក ការចែក​ផ្លូវ​គ្នា​រវាង​លោក Rupert Murdoch មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អូស្ត្រាលី និង​អ្នកស្រី Anna Torv អ្នកកាសែត​ស្កុ​តឡែ​ន ត្រូវបាន​ចាត់ទុកជា​កា​រ​លែងលះ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​។ អ្នក​ទាំងពីរ​បានរស់នៅ​ជាមួយគ្នា​៣២​ឆ្នាំ និង​មានកូន​៣​នាក់​។  យោងតាម​ការផ្សាយ​រប​ស់ ABC News លោក Rupert ដែលជា​ម្ចាស់​ទូរទស្សន៍ Fox News បានផ្តល់​ប្រាក់​ចំនួន​១,៧​ពាន់​លាន​ដុល្លារ​ទៅ​អ្នកស្រី Torv ដែល​ក្នុងនោះ​១១០​លាន​ដុល្លារ​ជា​សាច់​ប្រាក់សុទ្ធ​។​
 
​តារាភាពយន្ត​អាមេរិក Mel Gibson និង​អ្នកស្រី Robyn Moore អតីត​ពេទ្យធ្មេញ បាន​បែកបាក់​គ្នា​នៅ​ឆ្នាំ​២០០៦ ក្រោយ​ចំណងអាពាហ៍ពិពាហ៍​ជិត​៣០​ឆ្នាំ​។ ក្រោយ​ការ​លែងលះ​ផ្លូវការ​នៅ​ឆ្នាំ​២០១១ អ្នកស្រី Moore ដែលមាន​កូន​៧​នាក់​ជាមួយ​លោក Gibson ត្រូវបាន​រាយការណ៍​ថា ទទួលបាន​ទ្រព្យសម្បត្តិ​ប្រមាណ​៤២៥​លាន​ដុល្លារ​អាមេរិក​។​
​ការបែកបាក់​គ្នា​នៅ​ឆ្នាំ​២០០២ រវាង​គ្រួសារ​អ្នកជំនួញ​អាមេរិក លោក Robert Johnson និង​អ្នកស្រី Sheila Crump ក្រោយ​រៀបការ​អស់​រយៈពេល​៣៣​ឆ្នាំ និង​មានកូន​២​នាក់ ក៏បាន​បន្សល់​នូវ​ទ្រព្យសម្បត្តិ​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក​រៀងៗ​ខ្លួន​ផងដែរ​។ 
 
​ករណី​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផ្សេងទៀត​រួមមាន  អ្នកស្រី Juanita Vanoy ដែល​ទទួលបាន​ប្រមាណ​១៦៨​លាន​ដុល្លារ​អាមេរិក ក្រោយ​ការ​លែងលះ​ស្តេច​បាល់បោះ​អាមេរិក Michael Jordan​។ អ្នកស្រី Marcia Murphey ទទួលបាន​ក្នុង​រង្វង់​១៥០​លាន​ដុល្លារ​អាមេរិក ក្រោយ​ការបែកបាក់​ពី​តន្ត្រីករ និង​ជា​អ្នកចម្រៀង​អាមេរិក Neil Diamond​។​
 
Tiger Woods ក៏មាន​ចំណង​ស្នេហ៍​បែកបាក់​ផងដែរ​។ បើតាម​ការផ្សាយ​របស់ New York Daily News ក្រោយ​ការ​លែងលះ​នៅ​ឆ្នាំ​២០១០ ទ្រព្យសម្បត្តិ​របស់​កីឡាករ​វាយកូនគោល​ពិភពលោក​រូបនេះ ត្រូវបាន​បែងចែក​ទៅ​អ្នកស្រី Elin Nordegren ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​។​
 
​ការបែកបាក់​រវាង​ផលិតករ​ភាពយន្ត​អាមេរិក Steven Spielberg និង​តារាភាពយន្ត Amy Irving បន្សល់​នូវ​ទ្រព្យសម្បត្តិ ១០០​លាន​ដុល្លារ​អាមេរិក ខណៈ​ទ្រព្យសម្បត្តិ​ចន្លោះ​ពី​៨៥​លាន ទៅ​១១៨​លាន​ដុល្លារ​អាមេរិក ត្រូវបាន​បែងចែក​គ្នា រវាង​តារាភាពយន្ត​អាមេរិក Harrison Ford និង​អ្នកសរសេរ​ស្គ្រី​ន​ភាពយន្ត Melissa Mathison ក្រោយ​ការ​លែងលះ​ផ្លូវការ​។​
 
​ផលិតករ​ភាពយន្ត​អង់គ្លេស Guy Richie និង​តារាចម្រៀង​អាមេរិក Madonna លែងលះគ្នា​នៅ​ឆ្នាំ​២០០៨ ក្រោយ​រៀបការ​បាន​ជិត​៨​ឆ្នាំ​។ ក្នុង​ចំណងអាពាហ៍ពិពាហ៍ អ្នក​ទាំងពីរ​មានកូន​ប្រុស​ម្នាក់ និង​កូនប្រុស​ចិញ្ចឹម​ដើមកំណើត​ម៉ាឡាវី​ម្នាក់ទៀត​។ តាម​ការផ្សាយ​របស់ AP ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​បែងចែក​ចន្លោះ​ពី​៧៦​លាន ទៅ​៩២​លាន​ដុល្លារ​អាមេរិក​។​
 
​តារាភាពយន្ត Kevin Costner និង​ភរិយា Cindy Silva បាន​បែកបាក់​គ្នា​នៅ​ឆ្នាំ​១៩៩៤ ក្រោយ​ចំណងអាពាហ៍ពិពាហ៍​១៦​ឆ្នាំ​។ មុន​លែងលះ អ្នក​ពីរ​មានកូន​៣​នាក់ និង​មានទ្រព្យ​រួម​ប្រមាណ​៨០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី People៕
 

Tag:
 ទ្រព្យសម្បត្តិ​
  អាពាហ៍ពិពាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com