ជាតិ
សេដ្ឋកិច្ច
ថៃ គ្រោង​ដាំដំឡូង​មី លើ​ផ្ទៃដី​៤​ពាន់​ហិកតា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
12, Jan 2019 , 9:59 am        
រូបភាព
ចម្ការដំឡុវមី មួយកន្លែងនៅខេត្តកំពង់ឆ្នាំង (រូបបានពីហ្វេសប៊ុក)
ចម្ការដំឡុវមី មួយកន្លែងនៅខេត្តកំពង់ឆ្នាំង (រូបបានពីហ្វេសប៊ុក)
​ភ្នំពេញ​៖ ក្រុមហ៊ុន ធី​ដាប់​ប៊​ល​យូ​ភី​ស៊ី អ៊ី​ន​វេស​មិន (​ខេ​ម​បូ​ឌា​) ពី​ប្រទេស​ថៃ មាន​គម្រោង​បង្កើត​ចម្ការ និង​ដាំដំឡូង​មី​នៅលើ​ផ្ទៃដី​ចំនួន ៤​ពាន់​ហិកតា នៅ​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ការដាំ​ដំឡូង​មីនេះ ត្រូវបាន​លោក Ho Ren Hua នាយក​ក្រុមហ៊ុន​នេះ អះអាងថា នឹង​ធានា​និរន្ត​ភាព​នៃ​ការផ្គត់ផ្គង់​តម្រូវ​ទីផ្សារ​។​

 
​ការអះអាង​របស់ លោក Ho Ren Hua បាន​ថ្លែង​ឡើង​ចំពោះមុខ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​
​លោក Ho Ren Hua បាន​ប្រាប់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា ក្រុមហ៊ុន​មាន​ប្រភព​មកពី​ប្រទេស​ថៃ​និង​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​បានទទួល​គោលការណ៍​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ចុងឆ្នាំ​២០១៧​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បញ្ចប់​ការសាងសង់​រោងចក្រ និង​ត្រៀមលក្ខណៈ​ក្នុងការ​ដំណើរការ​កែច្នៃ​ក្នុងពេល​ឆាប់ៗ​នេះ​។ 
 
​លោក​បន្តថា​ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការកែច្នៃ​ដំឡូង​មី​ពី ៤​ម៉ឺន​ទៅ ៥​ម៉ឺន​តោន និង​បង្កើន​ការកែច្នៃ​រហូតដល់ ២០​ម៉ឺន​តោន នៅពេល​អនាគត​។ 
​ជាការ​ឆ្លើយតប លោក វេ​ង សាខុន បាន​សម្តែង​នូវ​សាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​លោក​ក៏បាន​គាំទ្រ​ដល់​ការបង្កើត​ចម្ការ និង​ដាំដំឡូង​មី​នៅ​កម្ពុជា​ផងដែរ​។​
​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន អនុវត្ត​នូវ​ផលិតកម្ម​តាម​កិច្ចសន្យា ដោយ​ធ្វើការ​កំណត់​ទីតាំង​ដាំ​ដុះ​ដែលមាន​សក្តានុពល​សម្រាប់​ដំណាំ​ដំឡូង​មី ទន្ទឹមនឹងនេះ បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏មាន​សក្តានុពល​សម្រាប់​ដំណាំ​នេះ​ផងដែរ​។ ជា​ចុងក្រោយ លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន បន្ត​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ពី​នីតិវិធី​នានា​ក្នុង​ការគាំទ្រ​ដល់​ការវិនិយោគ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​៕
 

Tag:
 ជាតិ​
  សេ​ដ្ខ​កិច្ច កសិកម្ម​
  ដំឡូង​មី​
 ​ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com