ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការបង្កើន​ផ្ទៃដី​ស្រែប្រាំង ធ្វើឱ្យ​ជីវភាព​អ្នកភូមិ​ដំណាក់​ខ្ចាស់​មាន​ភាពល្អប្រសើរ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​
12, Jan 2019 , 10:59 am        
រូបភាព
​សៀមរាប​៖ ភូមិ​ដំណាក់​ខ្ចាស់ ស្ថិតនៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ អ្នកភូមិ​នេះ​មានមុខ​របរ​ធ្វើស្រែ​ចម្ការ និង​របរ​បន្ទាប់បន្សំ​ជា​អ្នកនេសាទ​ផងដែរ​។ ដើមឡើយ​ក្នុង​មួយឆ្នាំ កសិករ​ធ្វើស្រែ​បានតែ​ម្ដង​តែប៉ុណ្ណោះ គឺ​ស្រែវស្សា តែ​ក្រោយមក​ក៏មាន​ការបង្កើត​ក្រុម​កសិករ​ប្រើប្រាស់​ទឹក ដោយ​សាមគ្គី​គ្នា​ស្ដារ​ប្រព័ន្ធ​ធា​រាស្ដ្រ​នានា​ជុំវិញ ធ្វើឱ្យ​អ្នកភូមិ​បង្កើន​ស្រែប្រាំង​បាន​ម្ដងទៀត​។ ក្រោយ​បង្កើន​ផ្ទៃដី​ស្រែប្រាំង​មក អ្នកភូមិ​ដំណាក់​ខ្ចាស់​មាន​ជីវភាព​ល្អប្រសើរ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​បាន​មួយកម្រិត​ផងដែរ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​


 
 
​កសិករ​នៅ​ភូមិ​ដំណាក់​ខ្ចាស់ មាន​ទឹកមាត់​លៀប​ក្រាល​ក្រែល​នៅ​ឆ្នាំនេះ ដ្បិត​ទិន្នផល​ស្រូវប្រាំង​មាន​បរិមាណ​ច្រើន​គួរឱ្យកត់សម្គាល់​។ តាម​ធម្មតា កសិករ​ពឹង​លើ​ទិន្នផល និង​តម្លៃ​របស់​ទិន្នផល​កសិកម្ម​ពួកគេ ហើយ​បើ​របរ​ទាំងនេះ​ស្ថិតស្ថេរ​នោះ ពួកគេ​រីករាយ និង​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ ដោយ​មិន​ចេញ​ទៅណា​ឆ្ងាយ​ដែរ​។​


 
​ភូមិ​ដំណាក់​ខ្ចាស់ មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦ និង​ទៅដល់​រង្វង់​មូលនៃ​ទីរួមស្រុក​ក្រឡាញ់ បត់​ឆ្វេង​ដៃ​ចូលទៅ​ប្រមាណ​ជិត​៧​គីឡូម៉ែត្រ​។ ក្នុង​ខែ​នេះ អ្នកភូមិ​កំពុង​ត្រៀម​ទទួលផល​ស្រូវប្រាំង ដែល​ឆ្នាំនេះ​ហុច​ផល​ល្អ​គួរឱ្យកត់សម្គាល់​។ ដោយសារ​មាន​ភូមិសាស្ដ្រ​ជាប់​នឹង​ស្ទឹង បឹង អូរ ច្រើន​ផង​នោះ ធ្វើឱ្យមាន​ភាពអំណោយ​ផល​ក្នុងការ​ធ្វើស្រែ​ប្រាំង​។ ក្នុងការ​ធ្វើស្រែ​ប្រាំង​នេះដែរ អ្នកភូមិ​ដំណាក់​ខ្ចាស់ បាន​ចងក្រង​បង្កើតជា​ក្រុម​អ្នកប្រើប្រាស់​ទឹក​ឃុំ​សំបួរ ដើម្បី​មាន​មូលនិធិ​រួមមួយ​សម្រាប់​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​តូចធំ បង្ហៀរទឹក​ឱ្យទៅដល់​ស្រែ​ពួកគេ ដែល​ពីមុន​គ្មាន​ទឹក​ឡើយ​នៅ​រដូវប្រាំង​។ ហើយ​ក្នុង​រដូវ​នេះ សកម្មភាព​បូមទឹក​កំពុង​មមាញឹក​ខ្លាំង ដើម្បី​ឱ្យទាន់​បង្ហៀរ​ចូល​ស្រែ​រៀង​ខ្លួនឯង​។​


 
​ប្រធាន​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​សំបួរ លោក យ៉ិ​ន យឺន បានឱ្យដឹងថា ក្រុមការងារ​របស់លោក​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥ ក្នុង​បំណង​ដើម្បី​ផលិត​ស្រែប្រាំង បង្កើន​កម្រិតជីវភាព​របស់​អ្នកភូមិ​។ លោក​បន្ថែមថា ក្រោយ​បង្កើត​ក្រុម​នេះ​មក ឃើញថា​ពលរដ្ឋ​ជា​សមាជិក​មាន​ជីវភាព​ល្អប្រសើរ ដែល​អាចឱ្យ​ពួកគេ​មាន​ចំណូល​ទ្វេរ​ដង​ធៀប​នឹង​ពេលមុនៗ​។​


 
​តាម​ការបញ្ជាក់​របស់​លោក យ៉ិ​ន យឺន ដើមឡើយ​ភូមិសាស្ដ្រ​នៅ​តំបន់​នេះ​គឺ​រាល់ពេល​រដូវប្រាំង​ម្ដងៗ គ្មាន​ទឹក​សម្រាប់​ស្រោចស្រព​ឡើយ គឺ​ក្រោយ​ប្រមូល​ផល​ស្រែវស្សា​រួច ផ្ទៃ​ដីស្រែ​ទាំងមូល​ត្រូវបាន​ទុកចោល​។​


 
​ជា​ប្រធាន​ក្រុម​លោក យ៉ិ​ន យឺន បាន​ខិតខំ​ខ្នះខ្នែង គឺ​តែមាន​កម្មវិធី​អប់រំ​ពលរដ្ឋ​ជាប្រចាំ ក៏ដូចជា​អញ្ជើញ​អ្នកជំនាញ​កសិកម្ម​ឱ្យមក​បង្រៀន​កសិករ​ជាដើម​។ ជាមួយនឹង​ការបង្កើន​ផ្ទៃដី​ស្រែប្រាំង​នេះ ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ​ខុសប្លែក​ពី​ពេលមុនៗ ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង​ផងដែរ​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក យ៉ិ​ន យឺន​។​
 
 
​ឯ​អ្នកស្រី ឡេ​ន ឡុ​ន ដែល​និយាយ​បណ្ដើរ​ងាក​ទៅ​គយគន់​នឹង​សម្រស់​វាលស្រែ​អ្នកស្រី​បណ្ដើរ​នោះ បានឱ្យដឹង​ដែរ​ថា អ្នកស្រី​បាន​ចូលរួម​ជា​សមាជិក​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​សំបួរ​នេះ​រយៈពេល​៣​ឆ្នាំ​មកហើយ ហើយ​បានទទួល​អត្ថប្រយោជន៍​ជាច្រើន​។ អត្ថប្រយោជន៍​ទាំងនោះ​មានដូចជា អាច​ធ្វើស្រែ​មួយឆ្នាំ​ពីរដង ដោយ​ពីមុន​ធ្លាប់ធ្វើ​តែ​ស្រែវស្សា ឯ​ប្រាំង​ទុក​ដី​ចោល​។ អ្នកស្រី ឡុ​ន មាន​ដីស្រែ​ចំនួន​៨ ហិកតា ដែល​អាច​នឹង​ប្រមូល​ផល​ចន្លោះ​ពី​១០ ទៅ​២០​ថ្ងៃ​ខាង​មុននេះ ដោយ​ខ្លះ​ចាប់​ក្រហម​បណ្ដើរៗ​ហើយ​ដែរ​។​
 
 
​នៅក្បែរនោះ គឺ​កសិករ​លោក ម៉ី តុង  ក៏​រំពឹងថា ទិន្នផល​ស្រូវ​ឆ្នាំនេះ​របស់លោក​ក៏​ល្អប្រសើរ​ដូច​ឆ្នាំទៅ​ដែរ​។ លោក​មាន​ផ្ទៃដី​ធ្វើស្រែ​ខ្លួនឯង​ចំនួន ៣​ហិកតា ហើយ​ឆ្នាំនេះ​លោក​បាន​ជួល​ដី​ពី​គេ ៤​ហិកតា​បន្ថែមទៀត ដោយសារ​មានទឹក​ស្រោចស្រព​ហូរហៀរ​មិន​បារម្ភ​។ សម្រាប់​លោក ម៉ី តុង ស្រែប្រាំង​ពិតជា​បង្កើន​ចំណូល​ដល់​គ្រួសារ​លោក​មួយផ្នែកធំ ព្រោះថា ស្រែវស្សា​ទទួលផល​មិន​ទៀងទាត់ ដោយសារ​ឆ្នាំ​ខ្លះ​ទឹកធំ ឬ​តូច ពិបាក​គ្រប់គ្រង​ផ្ទៃដី និង​ពេលវេលា​។ 
 
 
​មេភូមិ​ដំណាក់​ខ្ចាស់ លោក ស៊ិន សុខា បានឱ្យដឹងថា កម្រិតជីវភាព​របស់​កសិករ​នៅ​ភូមិ​របស់លោក​បាន​ប្រែប្រួល​ល្អប្រសើរ ក្រោយពី​មានការ​ពង្រីក​ផ្ទៃដី​ធ្វើស្រែ​បាន​មួយឆ្នាំ​២​ដង​នៅ​ចុងឆ្នាំ ២០១៥​រួចមក​។ លោក​បន្ថែមថា ក្រោយ​បង្កើត​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​សំបួរ​នេះ​មក ស្រែ​របស់​កសិករ​ដែល​ធ្លាប់តែ​គ្មាន​ទឹក​ប្រើប្រាស់ និង​គោក​ក្នុង​ខែប្រាំង មានទឹក​ហូរហៀរ និង​អាចធ្វើ​ស្រែប្រាំង​ដោយ​មិនមាន​ការបារម្ភ​។ ក្រុម​កសិករ​ប្រើប្រាស់​ទឺ​ក​សំបួរ​មាន​សមាជិក​ចំនួន ១៥០​គ្រួសារ ដែលមាន​ផ្ទៃដី​សរុប​ជាង ៣០០​ហិកតា​។​
 
 
​ក្រោយពី​រីករាយ​ជាមួយនឹង​ទិន្នផល​ស្រូវ​ឆ្នាំនេះ​បាន​ផល​ច្រើន​ហើយ​នោះ ក្រុម​កសិករ​នៅ​ភូមិ​ដំណាក់​ខ្ចាស់ ក៏ដូចជា​ក្រុម​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​សំបួរ រំពឹងថា តម្លៃ​ស្រូវ​ឆ្នាំនេះ​នឹង​ថ្លៃ​ដូច​ឆ្នាំទៅ គឺ​ចន្លោះ​ពី​៦​រៀល ទៅ​៨​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​កន្លងមក​ឈ្មួញ​តែង​ប្រមូល​ទិញ​អស់​គ្មាន​សល់​ឡើយ​៕
 

Tag:
 បទ​យកការណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com