ជាតិ
សេដ្ឋកិច្ច
AMRO ថាសេដ្ឋកិច្ចកម្ពុជាមានកំណើន ៧,២ ភាគរយឆ្នាំ២០១៨ និង ៧,១ ភាគរយឆ្នាំ២០១៩
× ភ្នំពេញ៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានអះអាងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨មានកំណើនក្នុងអត្រា ៧,២ភាគរយ ហើយរក្សាភាពរឹងមាំនេះដល់ឆ្នាំ២០១៩ ដែលនឹងមានកំណើន ៧,១ភាគរយ។ អត្រាតាមការព្យាករណ៍នេះ គឺខ្ពស់ជាងឆ្នាំ២០១៧ ដែលមានកំណើនសេដ្ឋកិច្ច ៧ភាគរយ។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ AMRO ដែលចេញផ្សាយនៅថ្ងៃទី១១ខែមករា កម្ពុជារក្សាកំណើនសេដ្ឋកិច្ចរឹងមាំល្អនៅឆ្នាំ២០១៨ ដោយសារកំណើននាំចេញកាន់តែមានសន្ទុះ កំណើនភ្ញៀវទេសចរ និងកំណើនតម្រូវការក្នុងស្រុក ជាពិសេសការពង្រីកចំណាយ និងវិនិយោគរបស់រដ្ឋាភិបាល។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្តមានលំហូររឹងមាំ។ ទុនបម្រុងអន្តរជាតិមានក្នុងរង្វង់ ១០ពាន់លានក្នុងបំណាច់ឆ្នាំ២០១៨ ដែលអាចធានាការនាំចូលទំនិញ ក្នុងរយៈពេល ៦ខែ។
របាយការណ៍ខាងលើនេះ បញ្ជាក់ផងដែរអំពីហានិភ័យខាងក្រៅទាក់ទងនឹងការពិចារណាដកប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុប (EU) និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងប្រទេសវៀតណាម ដែលគំរាមកំហែងដល់លទ្ធភាពប្រកួតប្រជែងរបស់កម្ពុជា។
ហានិភ័យរបស់វិស័យហិរញ្ញវត្ថុ ក៏ត្រូវបានបង្ហាញក្នុងរបាយការណ៍នេះផងដែរ។ កំណើនឥណទានទូទៅបានថមថយ ដែលសញ្ញាល្អ ប៉ុន្តែលំហូរឥណទាននេះសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ នៅតែស្ថិតក្នុងអត្រាខ្ពស់។
AMRO បានផ្ដល់អនុសាសន៍ថា កម្ពុជាត្រូវពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនសម្រាប់រក្សាកំណើនរឹងមាំក្នុងរយៈពេលមធ្យម។ កម្ពុជាត្រូវកែលម្អ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ភស្ដុភា ធនធានមនុស្ស-ពលកម្មជំនាញ ពង្រឹងស្ថាប័ន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងសម្រួលនីតិវិធីធ្វើអាជីវកម្មជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com