ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងកូរ៉េខាងត្បូង មានសិទ្ធិលេងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2019 ដែលអេមីរ៉ាត់អារ៉ាប់រួមជាម្ចាស់ផ្ទះ។ ឆ្លងកាត់ពីរប្រកួតជម្រុះពូល C ចិន និងកូរ៉េខាងត្បូងទទួលបាន៦ពិន្ទុពេញដូចគ្នា។ ក្នុងពូលដដែលនេះ ហ្វីលីពីន និងកៀហ្ស៊ីស៊ីស្ថាន ដែលចាញ់ពីរប្រកួតដូចគ្នា ក៏មិនទាន់វេចបង្វិចមកផ្ទះដែរ ប៉ុន្តែក្ដីសង្ឃឹមឡើងវគ្គបន្តមានតិចតួច។
នៅក្នុងពូល C ក្រុមកីឡាបាល់ទាត់ជម្រើសចិន ឈរនៅកំពូលតារាងបណ្ដោះអាសន្នមាន៦ពិន្ទុ ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣ទល់០ ក្នុងការប្រកួតលើកទី២ ថ្ងៃទី១១ ខែមករា។ ក្រុមចិនដែលដឹកនាំដោយលោក Marcello Lippi អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ ស៊ុតបញ្ចូលទីគូប្រកួតចំនួន៥ គ្រាប់ របូត១គ្រាប់ និងមានគ្រាប់បាល់ចំណេញចំនួន៤គ្រាប់។ ការប្រកួតទី១ ចិនឈ្នះកៀហ្ស៊ីស៊ីស្ថាន ២ទល់១ ។