អន្តរជាតិ
ហេតុអ្វី​បានជា​គេ​ជីក​«​ព្រែក​ប៉ា​ណា​ម៉ា​»?
12, Jan 2019 , 12:59 pm        
រូបភាព
​ការធ្វើដំណើរ​តាម​សំពៅ​និង​កប៉ាល់​ត្រូវបាន​មនុស្ស​អនុវត្ត​អស់​រយៈពេល​រាប់រយឆ្នាំ​មកហើយ​។ ក្នុងនោះ មហាសមុទ្រ​ចំនួន​ពីរ គឺ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដែលជា​ដែនទឹក​ដ៏​សំខាន់​សម្រាប់​ការដឹក​ទំនិញ​នាំចេញ​នាំចូល ការរុករក​ស្រាវជ្រាវ​ផ្លូវទឹក និង​ការ​ត្បា​ត​នាវាចម្បាំង​ជាដើម​។

 
​ប៉ុន្តែ​ដោយសារតែ​របាំង​ភូមិសាស្ត្រ​មហាសមុទ្រ​ធំៗ​ទាំងពីរ​នេះ​ដែលមាន​ទំហំ​រាប់ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​ញែក​ដោយ​ផ្ទៃដី​តូច​មួយ​ប្រវែង​ប្រហែល​៧៧​គីឡូម៉ែត្រ ហើយ​សព្វថ្ងៃ​ស្ថិតក្នុង​ប្រទេស​ប៉ា​ណា​ម៉ា នៅ​អាមេរិក​កណ្តាល​។ 
 
​យោងតាម​ការបកស្រាយ​របស់​គេហទំព័រ​Marine Insight និង Britannica  កប៉ាល់​ឬ​សំពៅ​ដែល​ត្រូវធ្វើ​ដំណើរ​រវាង​មហាសមុទ្រ​ទាំងពីរ ត្រូវ​ជិះ​វាង​ទៅ​ទិស​ខាងត្បូង នៃ​ទ្វីបអាមេរិក​ខាងត្បូង ឬ​គេ​ហៅថា Cape Horn ។ ដោយ​គ្មាន​ជម្រើស​ផ្សេងទៀត អ្នកធ្វើដំណើរ​អាច​ចត​នាវា​របស់ខ្លួន​នៅ​ផ្នែក​ម្ខាង​នៃ​ប្រទេស​ប៉ា​ណា​ម៉ា បន្ទាប់មក​ធ្វើដំណើរ​តាម​ផ្លូវគោក​បន្តិច​ដើម្បី​ឡើង​នាវា​ថ្មី​នៅ​ផ្នែក​ម្ខាង​ទៀត ។ 
 
​ជម្រើស​ទី​ពីរ​គឺ គេ​អាច​ចរាចរ​នាវា​តាម​តំបន់ Cape Horn ប៉ុន្តែ​វិធីសាស្ត្រ បែបនេះ​ត្រូវ​ចំណាយពេល ថវិកា និង​ឥន្ធនៈ​ជាច្រើន បូករួម​ទាំង គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ទៀតផង​។​
 
​ដោយសារ​មូលហេតុ​នេះហើយ​ទើប​ការសាងសង់​ព្រែកជីក ប៉ា​ណា​ម៉ា ត្រូវបាន គេ​ផ្តួចផ្តើមឡើង​។ ដោយ​ការសាងសង់​ព្រែកជីក​មួយ​នេះ អ្នកធ្វើដំណើរ អាច​កាត់ បន្ថយ​ចម្ងាយ​ធ្វើដំណើរ​បាន​ដល់​ទៅ​ជាង​១២០០០​គីឡូម៉ែត្រ បើ​ប្រៀបធៀប​ទៅ នឹង​ការធ្វើដំណើរ​ឆ្លងកាត់​តំបន់ Cape Horn នៅឯ​ចុង​ខាងត្បូង​ប្រទេស​អា​ហ្ស​ង់​ទីន​។ 
 
​តាមពិតទៅ គំនិត​ក្នុង​ការសាងសង់​ព្រែកជីក​មួយ​នេះ មិនមែនជា​រឿង​មួយ ថ្មី​នោះ ទេ​។ ប្រទេស​អេស្បាញ​ជា​ប្រទេស​ដែល​ល្បីល្បាញ​និង មាន​ជំនាញ​ក្នុងការ​ធ្វើដំណើរ តាម​សំពៅ បាន​លើកយក​គំនិត​មួយ​នេះ​តាំងពី​អំឡុង​សតវត្ស​ទី​១៦​មក​ម្លេះ​។ ប៉ុន្តែ​ដោយសារតែ​សង្គ្រាម​មួយចំនួន រួមទាំង​ការមិន​ចុះ សម្រុង​គ្នា​ជាមួយ ប្រទេស ក្បែរ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ទើប​ធ្វើ​ឲ្យ​គម្រោង​មួយ​នេះ​បរាជ័យ​ទៅវិញ​។ 
 
​ចាប់ពី​ឆ្នាំ ១៨៥០ ដល់​ឆ្នាំ​១៨៧៥ គម្រោង​ជាច្រើន​ត្រូវបាន ស្តារ​ឡើងជា​មួយ ហេ​ដ្ឋា រចនាសម្ព័ន្ធ​ការ ចាប់​ផ្តើ មការ​សាង​ស ង់​សំណង់ ដ៏​មហិមា​មួយ នេះ​ក្រោម ការ គ្រប់គ្រង និង​ឧបត្ថម្ភ​ពី​សហរដ្ឋអាមេរិក​។ 
 
​ការសាងសង់​ត្រូវបាន​ចាប់ផ្តើម​នៅ​អំឡុង​ដើមឆ្នាំ​១៩០៣ និង​ចំណាយ ថវិកា ជាង ៣៣៦​លាន​ដុល្លារ​អាមេរិក​។ ដំបូង​ឡើយ ប៉ា​ណា​ម៉ា​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ នៃ ប្រទេស កូ​ឡំ​ប៊ី​ប៉ុណ្ណោះ​។ នៅ​ក្នុងសម័យ​ប្រធានាធិបតី​ទី​២៦ លោក Theodore Roosevelt ការចរចារ​សាងសង់​ព្រែកជីក​មួយ​នេះ​ជាមួយ​ប្រទេស​កូ​ឡំ​ប៊ី​ត្រូវបាន​
​ចាប់​ផ្ដើមឡើង​។ 
 
​ប៉ុន្តែ​ប្រទេស​កូ​ឡំ​ប៊ី​មិនបាន​គាំទ្រ​និង​ដាក់​លក្ខ​ខ​ណ្ខ​ច្រើនពេក​ចំពោះ​អាមេរិក ទើប​ធ្វើ​ឲ្យ​អាមេរិក​មិនអាច​បន្តដំណើរ​ទៅមុខ​ក្នុង​គម្រោង​នេះ​បាន​។ ក្នុងពេល​ជាមួយគ្នា​នោះ ប៉ា​ណា​ម៉ា​ក៏ ចង់​ទាមទារ​អធិបតេយ្យភាព របស់ ខ្លួន​ពី​កូ​ឡំ​ប៊ី​ដែរ​។ ដោយ​ឃើញ​ឱ​ ​កាស​នេះ អាមេរិក​បាន​ចរចា​ជាមួយ​ប៉ា​ណា​ម៉ា លើ​ការជួយ​ទាមទារ​ឯករាជ្យ​ជូន ប្រសិនបើ​ប៉ា​ណា​ម៉ា​អនុញ្ញាត ឲ្យ​ខ្លួន អាច សាង សង់​ព្រែកជីក​នេះ​បាន​។ ក្រោយពី​ការចរចា​គ្នា​រួច ប៉ា​ណា​ម៉ា​បានទទួល​ឯករាជ្យ ក្នុង​ឆ្នាំ ១៩០៣ ដោយ​ជោគជ័យ​ពី​កូ​ឡំ​ប៊ី ដោយសារ​មាន​អាមេរិក​ជា​ខ្នងបង្អែក​។ 
 
​ព្រែកជីក​ប៉ា​ណា​ម៉ា​ដែលមាន​ប្រវែង​ប្រមាណ​ជិត​៨០​គីឡូម៉ែត្រ​នេះ​បាន​បើក​ឲ្យ​ដំណើរ​ជា​ផ្លូវការ​លើកដំបូង​ក្នុង​ឆ្នាំ​១៩១៤​។ បន្ទាប់ពី​ព្រែកជីក​ស៊ុយ​អេ ព្រែក ជីក ប៉ា​ណា​ម៉ា​បាន​ក្លាយជា​ទីតាំង​មួយ​យ៉ាងសំខាន់​ក្នុងការ​ធ្វើដំណើរ​តាម​សមុទ្រ​រហូតមក​ដល់ពេល​សព្វថ្ងៃ​។ 
​វា​បាន​កាត់បន្ថយ​ពេលវេលា​និង​ថ​រិ​ការ​ជាច្រើន​ក្នុងការ​ដឹកទំនិញ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ សំណង់​មួយ​នេះ​ក៏បាន​ឆក់យក​ជីវិត​កម្មករសំណង់​ប្រមាណ​២០០០០​នាក់ ដោយសារ​ជំងឺគ្រុនចាញ់ និង​គ្រោះថ្នាក់​ផ្សេងៗ​ជាច្រើន​ទៀត​នានា​។ 
 
​ក្នុង​រយៈពេល​ជាង​មួយ​សតវត្ស​កន្លងមកនេះ ព្រែកជីក​ប៉ា​ណា​ម៉ា​ត្រូវបាន​គេ​ពង្រីក និង​កែច្នៃ​បន្ថែមទៀត​ដើម្បី​ទទួល​នាវា​កាន់តែច្រើន​និង​មាន​ប្រសិទ្ធភាព​៕

Tag:
 ព្រែក​ប៉ា​ណា​ម៉ា​
 ​ភូមិសាស្ត្រ​
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com