អន្តរជាតិ
តើអ្វីទៅជាខ្សែក្រវាត់ភ្នំភ្លើងដែលបង្កើតស៊ូណាមិ និងបន្ទុះភ្នំភ្លើង?
× ឥណ្ឌូណេស៊ីកាលពីខែមុនបានជួបប្រទះគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសាររលកយក្សស៊ូណាមិ ដែលបង្កឡើងដោយភ្នំភ្លើងផ្ទុះ។ ប្រទេសមួយចំនួនដទៃទៀតក៏ជួបប្រទះរឿងស្រដៀងគ្នាដែរដូចជា ប្រទេសជប៉ុន ប្រទេសហ្វីលីពីន និងអាមេរិកជាដើម។
វាមិនមែនជារឿងចៃដន្យនោះទេដែលករណីនេះកើតឡើងនៅទីកន្លែងពិសេសខាងលើ។តំបន់ដែលសម្បូរទៅដោយសកម្មភាពភ្នំភ្លើង និងរញ្ជួយដីនេះត្រូវបានអ្នកជំនាញខាងធរណីវិទ្យាដាក់ឈ្មោះថា«ខ្សែក្រវាត់ភ្នំភ្លើង» ឬភាសាអង់គ្លេសហៅថា The Ring of Fire ។
គេពន្យល់ថា តំបន់នេះមានប្រវែងប្រមាណ ៤០០០០គីឡូម៉ែត្រ និងផ្ទុកភ្នំភ្លើងចំនួន៤៥០។ ប៉ុន្តែ មុននឹងចូលទៅដល់ការពន្យល់លម្អិតថា តើខ្សែក្រវាត់ភ្នំភ្លើងមានន័យដូចម្តេច អ្នកគួរយល់ពីពាក្យថា «ផ្លាកតិចតូនិច» ឬ Techtonic Plate ជាមុនសិន។
ផ្លាកតិចតូនិចជាផ្ទាំងដីធំៗមានទំហំរាប់ម៉ឺនគីឡូម៉ែត្រក្រឡាលាតសន្ធឹងនៅប្រទេសជាច្រើន។ ហើយផ្លាក តិចតូនិចទាំងនេះជាស្រទាប់ក្រៅបង្អស់របស់ផែនដី។ នៅពេលដែលផ្លាកតិចតូនិចពីរឬច្រើនកកិតប៉ះគ្នា ពេលនោះហើយទើបសកម្មភាពរញ្ជួយដីនិងបន្ទុះភ្នំភ្លើងកើតឡើង។
ការកកិតរវាងផ្លាកទាំងពីរមិនមែនប្រព្រឹត្តទៅក្នុងរយៈពេលឆាប់រហ័សនោះទេ។ រញ្ជួយដីខ្លះត្រូវការការកកិត រវាងផ្លាកពីរអស់រយៈពេលរាប់ពាន់ ឬពេលខ្លះទៀតរាប់ម៉ឺនឆ្នាំដើម្បីកើតឡើង។
ចំណែកឯរលកយក្សស៊ូណាមិដែលមនុស្សភាគច្រើនបានដឹងគឺជាលទ្ធផលនៃការរញ្ជួយដីក្រោមសមុទ្រ។ កម្លាំងដែលផ្លាកតិចតូនិចទាំងនោះបញ្ចញ ពេលកកិតមានទំហំធំណាស់ រហូតដល់អាចរុញទឹក
សមុទ្ររាប់លានតោនឲ្យមកមានវត្តមាននៅលើគោកបាន។
នេះបានន័យថាខ្សែរក្រវាត់ភ្នំភ្លើងដែលរៀបរាប់ខាងលើនេះគឺជាចន្លោះឬការពុះចែករវាងផ្លាករបស់មហាសមុទ្រប៉ាស៊ីហ្វិកនិងផ្លាករបស់ទ្វីបដទៃៗទៀត ដូចជាទ្វីបអាស៊ី ទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូងជាដើម។ ហេតុដូចនេះ ប្រទេសដែលនៅតាមបណ្តោយតំបន់ទាំងនោះ ដូចជា ឥណ្ឌូនេស៊ី តៃវ៉ាន់ ជប៉ុន ឆ្នេរ ខាងលិចសហរដ្ឋអាមេរិក និងស៊ីលី ជាដើមឧស្សាហ៍ជួបប្រទះគ្រោះរញ្ជូយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com