អន្តរជាតិ
ទីប្រឹក្សា​រដ្ឋ​ស៊ូ​ជី​៖ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​ប្រជាធិបតេយ្យ ប្រជាជន មិនត្រូវ​ពឹង​តែ​លើ​រដ្ឋាភិបាល​នោះទេ​
12, Jan 2019 , 3:09 pm        
រូបភាព
ដោយ:
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​របស់លោក​ស្រី នៅ​មិនទាន់​អាច​ប្រែក្លាយ​មី​យ៉ាន់​ម៉ា​ឲ្យ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ​នៅឡើយ​នោះទេ​។ លោកស្រី​ទីប្រឹក្សា​រដ្ឋ​បាន​ទទូច​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ជាមួយនឹង​រដ្ឋា​ភិ​បាល ដើម្បី​ប្រែក្លាយ​ចក្ខុវិស័យ​នេះ​ឲ្យ​ក្លាយជា​ការពិត​។

 
​នាឱកាស​នៃ​ការចូលរួម​ពិធីបុណ្យ​ជាតិ​មួយ​របស់​ប្រទេស នៅ​ថ្ងៃ​១០ មករា លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​អះអាងថា ប្រជាធិបតេយ្យ​ពិតប្រាកដ​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​ប្រជាជន​តែងតែ​ចង់បាន​នៅ​មិនទាន់​កើតឡើង​នោះទេ ហើយ​ដើម្បី​ឲ្យ​សង្គម​មី​យ៉ាន់​ម៉ា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​ពុះពារ​រួមគ្នា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​លោកស្រី​ទីប្រឹក្សា​រដ្ឋ និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​បច្ចុប្បន្ន បាន​សង្កត់ធ្ងន់ថា ការពឹង​ផ្អែកលើ​រដ្ឋាភិបាល​តែ​ម្ខាង មិនមែនជា​ប្រជាធិបតេយ្យ​នោះទេ​។ លោកស្រី បន្ថែមថា ប្រជាធិបតេយ្យ ត្រូវ​ពឹង​ផ្អែកលើ​ប្រជាជន ហើយ​រដ្ឋាភិបាល ក៏​ត្រូវការ​កម្លាំង​រប​ស់​ប្រជាជន​ផងដែរ​។ 
 
​ក្នុង​កម្មវិធី​សប្តាហ៍​ដូចគ្នានេះ លោកស្រី​ទីប្រឹក្សា ក៏បាន​ប្រាប់​ប្រជាជន ថា រដ្ឋាភិបាល​លោកស្រី បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​ក្នុងការ​បំពេញតម្រូវកា​រ​របស់​ប្រជាជន​ហើយ​។ លោកស្រី លើកឡើងថា ការណ៍​ដែល​រដ្ឋាភិបាល​លោកស្រី ប្រឹងប្រែង​បែបនេះ មិនមាន​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ល្អ​នោះទេ ក៏ប៉ុន្តែ ចង់​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​ប្រជាជន​កាន់​តែមាន​អារម្មណ៍​កក់ក្តៅ និង​កាន់តែ​រឹងមាំ​។ 
 
​សូម​ជម្រាប​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន ដែល​កំពុងតែ​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​រដ្ឋាភិបាល​ស៊ីវិល​លើកដំបូង​ហើយ​របស់​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​មកនេះ​។ ការ​ប្រែក្លាយ​មី​យ៉ាន់​ម៉ា ដែល​ធ្លាប់តែ​ជា​គ្រប់គ្រង​ដោយ​របប​យោធា​ផ្តាច់ការ​ឲ្យ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ គឺជា​ចក្ខុវិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី​។​
 
​យ៉ាងណាមិញ គិត​ចាប់ពី​ការឡើង​កាន់អំណាច​ក្នុង​ឆ្នាំ​២០១៥​មក មី​យ៉ាន់​ម៉ា នៅ​មិនទាន់មាន​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​ជា​ដុំ​កុំ​ភួ​ន​ឡើយ​។ សូម្បីតែ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​យោធា​នៅក្នុង​នយោបាយ ដែលជា​ការប្តេជ្ញាចិត្ត​អាទិភាព​របស់លោក​ស្រី ស៊ូ​ជី ក៏​មិនទាន់មាន​ពន្លឺ​អ្វី​ឡើយ​។ នេះ  នៅ​មិនទាន់​រាប់បញ្ចូល​បញ្ហា​នៃ​ការបង្រួបបង្រួម​ជាតិ ដែលជា​រឿង​ដ៏​ចម្រូងចម្រាស់​របស់​សហ​ភាព​ដែលមាន​ជាតិ​សាសន៍​ចម្រុះ​គ្នា​មួយ​នេះ​ផង​៕ 

 

Tag:
 មី​យ៉ាន់​ម៉ា​
  ប្រជាធិបតេយ្យ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com