លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានបង្ហាញជំហរដោយប្តេជ្ញាជួយអភិវឌ្ឍន៍កីឡាទូកកានូ និងរ៉ូអ៊ីងនៅកម្ពុជា និងជួយសងលុយទាំងអស់ដែលសហព័ន្ធជំពាក់ក្នុងអាណត្តិទី៣។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារ និងបញ្ចប់អាណត្តិទី៣ និងដាក់ទិសអនុវត្តន៍សម្រាប់អាណត្តិទី៤របស់សហព័ន្ធកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។
លោក ជា ប៊ុនហេង ត្រូវបានអង្គមហាមហាសន្និបាតបោះឆ្នោតគាំទ្រដោយលើកដៃ ឲ្យធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជំនួសលោក មាស សារិន ដែលឡើងទៅកាន់តួនាទីជាអនុប្រធានអចិន្ត្រៃយ៍ ក្នុងអាណត្តិទី៤។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារ និងបញ្ចប់អាណត្តិទី៣ និងផែនការអនុវត្តសម្រាប់អាណត្តិទី៤កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានសហព័ន្ធ។
នៅចំពោះមុខថ្នាក់ដឹកនាំ និងសមាជិកប្រតិបត្តិ ក៏ដូចជាតំណាងក្លិប-សមាគម លោក ជា ប៊ុនហេង បានប្តេជ្ញាថា លោកនឹងជួយអភិវឌ្ឍន៍វិស័យកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឲ្យកាន់តែរីកចម្រើន តាមរយៈស្វែងរកជំនួញពីដៃគូសហការ និងក្រុមហ៊ុនឯកជន ដើម្បីបញ្ជូនកីឡាករទៅហ្វឹកហាត់ ឬប្រកួតនៅក្រៅប្រទេស។ បន្ថែមលើនេះ ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃរូបនេះ ក៏បានប្រកាសជួយសងថវិកាទាំងអស់ ដែលសហព័ន្ធបានជំពាក់នៅក្នុងអាណត្តិទី៣ផងដែរ។
បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៣ ក្រោយទូទាត់ចំណាយចំណូលសហព័ន្ធនេះ នៅជំពាក់គេជាង២លានរៀល បន្ទាប់ពីរកចំណូលបានតែ៤៤១លានរៀល ហើយត្រូវចំណាយរហូតជាង៤៤៣លានរៀល។ ការជំពាក់គេនេះ ដោយសារសហព័ន្ធពុំទាន់មានប្រភពចំណូចច្បាស់លាស់ និងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំនៅមានកម្រិត។ ចំណូលភាគច្រើនរបស់សហព័ន្ធ គឺបានមកពីការឧបត្ថម្ ភរបស់ប្រធានសហព័ន្ធសម្តេច ស ខេង និងការដាក់ស្តង់ផ្សព្វផ្សាយលក់ផលិតផល។
សមាជិកប្រតិបត្តិក្នុងអាណត្តិទី៤ ទាំង៣៣រូបរួមមាន សម្តេច ស ខេង ជាប្រធាន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ទៀ វិញ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ម៉ៅ ភិរុណ និងលោក ឯម ម៉ាអូរី ជាអនុប្រធាន។ ចំណែកលោក មាស សារិន ត្រូវដំឡើងពីអគ្គលេខាធិការទៅជាអនុប្រធានអចិន្ត្រៃ ខណៈតួនាទីអគ្គលេខាធិការធ្លាក់មកលោក ជា ប៊ុនហេង និងកញ្ញា មាស តឿ អគ្គហិរញ្ញឹក។
ក្រៅពីនេះមានសមាជិក២១រូបទៀតរួមមានលោក ហង្ស សុវណ្ណ, លោកអភិបាលខេត្តកំពង់ចាម, ខេត្តកែប, កំពង់ធំ, រតនគិរី, សៀមរាប, កំពង់ស្ពឺ, ក្រចេះ, ឧត្តរមានជ័យ, បាត់ដំបង, ព្រៃវែង, មណ្ឌលគិរី, ត្បូងឃ្មុំ, ព្រះសីហនុ, ស្វាយរៀង, កំពង់ឆ្នាំង, តាកែវ, កំពត, កោះកុង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, ស្ទឹងត្រែង និងព្រះវិហារ៕