ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​៖ កសិករ​អាច​លក់​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​ឌីជីថល​
13, Jan 2019 , 10:59 am        
រូបភាព
​«​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅតាម​តំបន់​ជនបទ​» ជា​ប្រធានបទ​ដែល​អ្នកជំនាញ និង​ក្រសួងពាណិជ្ជកម្ម​លើក​យកមក​ពិភាក្សា ដើម្បី​រក​ទីផ្សារ​ឲ្យ​កសិករ​លក់​ផលិតផល​របស់ខ្លួន​បាន​លើ​ទីផ្សារ​ឌីជីថល ជំរុញ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន និង​អាច​ប្រកួត​ជាមួយ​ទីផ្សារ​ពិភពលោក តាមបែប​សេដ្ឋកិច្ច​ឌីជីថល​។​



​ប្រទេស​អភិវឌ្ឍន៍​កំពុងតែ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ខណៈ​ប្រទេស​កម្ពុជា​ទើបតែ​ច្បាប់​ផ្ដើម​នៅឡើយ​។ ដូច្នេះ​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ដូចជា សេវាកម្ម​ដឹកជញ្ជូន​, ប្រព័ន្ធ Post ប្រៃសណីយ៍​,  ការខ្វះខាត​ប្រព័ន្ធ​កំណត់​អាសយដ្ឋាន​ឲ្យ​ជាក់លាក់​, ការទូទាត់​ប្រាក់​តាម​អន​ឡាញ​។ ជាពិសេស ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​មិនទាន់មាន​ជាក់លាក់ និង​សេវា​អ៊ីនធឺណិត ហើយ​កិច្ចការ​នេះ​ត្រូវ​ប្រើ​រយៈពេល​យូរ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកជំនាញ​។​


 
​លោក ហូ ចំណាប់ អ្នក​ដែល​បាន​ចូលរៀន​ពី Rural E-Commerce បាន​ឲ្យ​ដឹងថា Rural E-Commerce ជា​ទម្រង់​មួយ​ជួយ​ឲ្យ​ប្រជាកសិករ​អាចបង្កើត​ប្រាក់ចំណូល តាមរយៈ​លក់ទំនិញរ​បស់​ខ្លួន​តាម​អន​ឡាញ​។  ប៉ុន្តែ​ដើម្បី​ឲ្យ​Rural E-Commerce ដំណើរ​ការល្អ គឺ​ត្រូវការ​ការចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​ទាំង​អ្នក​ផលិត​,​កសិករ​, អាជ្ញាធរ​, អង្គការ និង​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត​។ នេះ​បើតាម លោក ហូ ចំណាប់ ដែល​បន្ត​បញ្ជាក់​៖«Rural E-Commerce ត្រូវការ​ពេលវេលា​ច្រើន ប្រជាកសិករ​ត្រូវការ​កន្លែង​លក់ ប៉ុន្តែ​មុននឹង​លក់បាន​ពួកគាត់​ត្រូវការ​ការបណ្ដុះបណ្ដាល​ច្រើន ធ្វើ​យ៉ាងម៉េច​ឲ្យ​ផលិតផល​គាត់​មានគុណ​ភាពល្អ ស្ដង់ដារ អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់ ត្រូវការ​អ្នកចូលរួម​ច្រើន ។ Rural E-Commerce ខុសពី E-Commerce ដែល​ម្ចាស់​អាជីវកម្ម​ជា​អ្នកគ្រប់គ្រង​ផ្ទាល់​»​។ 
 
​លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ​កម្ម បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​១១​ជំពូក ៥៩​មាត្រា មាន​គោលដៅ​បង្កើន​ទំនុកចិត្ត​រវាង​អ្នកលក់ និង​អ្នកទិញ​តាម​អេឡិចត្រូនិក និង​ជួយ​ជំរុញ​ការលក់​ផលិតផល​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋ​បាន​ច្រើនជាង​ផ្សារ​ធម្មតា និង​ចំណេញ​ពេល​។ លោក​និយាយថា​៖ «​ក្រសួង​នឹង​ជំរុញ​ឲ្យ​ច្បាប់​នេះ​ចេញ​ឆាប់​ក្នុង​ឆ្នាំ​២០១៩​នេះ កាលណា​មានច្បាប់​ទៅ ការ​ឆបោក​គ្នា​លែងមាន កាត់បន្ថយ ពេលខ្លះ​ឃើញថា​ថតរូប​ស្អាត ពេល​បញ្ជូនមក​អត់​ស្អាត អត់​ដូច​រូប ពេលខ្លះ​ដាក់​លុយ​ហើយ អត់​បញ្ជូន​របស់​មក ចឹ​ង​ឃើញថា E-Commerce យើង​នៅមាន​បញ្ហា​»​។​
 
 លោក ងួ​ង ម៉េង​តិច ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​លើកឡើងថា ការទិញ​លក់ និង​ទូទាត់​តម្លៃ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល គឺអាច​ធ្វើបាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ផ្ទុយ​ពី​ការទូទាត់​ដោយ​រូបិយវត្ថុ ឬ​សាច់​ប្រាក់សុទ្ធ ដែល​អាច​បង្ក​ជា​ហានិភ័យ នៅពេល​ភាគី​ពាក់ព័ន្ធ​ទិញ​-​លក់​មិន​ស្មោះត្រង់  និង​ត្រូវ​ចំណាយពេល​យូរ​ថែមទៀត​។ កត្តា​ទាំងអស់នេះ អាច​បង្ក​ជាការ​កកស្ទះ​ដល់​ការបញ្ជាទិញ ការផ្ទេរ​ប្រាក់ និង​ការ​ប្រគល់ជូន​ផលិតផល​ដល់​អតិថិជន​។ លោក​ងួ​ង ម៉េង​តិច បន្ថែម​ដូច្នេះ​។​
 
​លោក ថៅ សុខ​មុនី សង្កត់ធ្ងន់ថា ដើម្បី​សម្រេចបាន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅតាម​តំបន់​ជនបទ​ត្រូវ​ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ ក្រសួង ស្ថាប័ន អង្គការ និង​ក្រុមហ៊ុន​ឯកជន ជាពិសេស​ពង្រឹង​ចំណេះដឹង​របស់​ប្រជាកសិករ​លើ​បច្ចេកវិទ្យា​។​
 
​សភាពាណិជ្ជកម្ម​កម្ពុជា និង​វិទ្យាស្ថាន​មេគង្គ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​តំបន់​ជនបទ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ១០ និង​ទី​១១ ខែមករា​។ សិក្ខា​សាល​នេះ គឺ​រៀបចំឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង ,​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា ជាពិសេស​នៅតាម​ជនបទ អ្នក​ទើប​ចាប់ផ្ដើម​អាជីវកម្ម និង​វិស័យ​កសិកម្ម​៕ 
 

Tag:
 ពាណិជ្ជកម្ម​
  អេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com