កីឡាជាតិ
ជាតិ
កីឡាការិនី ស្រួង ភាវី ចង់ក្លាយជាកីឡាការិនីឆ្នើមលំដាប់ទី១លើពិភពលោក កីឡាការិនី ស្រួង ភាវី
× កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី មានមហិច្ឆតាចង់ក្លាយជាកីឡាការិនីឆ្នើមលំដាប់ទី១លើពិភពលោកនៅអនាគត។ កីឡាការិនី វ័យ២៨ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះនាពិធីចុះកិច្ចសន្យា ធ្វើជាទូតសុឆន្ទៈប្រចាំធនាគារកូរ៉េមួយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
ទន្ទឹមនឹងការបញ្ជាក់ពីមហិច្ឆតារបស់ខ្លួន ភាវី បានប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងទ្វេដង ដើម្បីសម្រេចក្តីស្រមៃដ៏ធំមួយនេះ។
មិនត្រឹមតែចង់ក្លាយជាកីឡាការិនីឆ្នើមសម្រាប់កម្ពុជាប៉ុណ្ណោះទេ កីឡាការិនី ស្រួង ភាវី ថែមទាំងចង់ក្លាយជាកីឡាការិនីឆ្នើមលំដាប់ទី១លើពិភពលោកទៀតផង។ វាជាក្តីស្រមៃ ដែលកីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ បានប៉ងតាំងពីចាប់ផ្តើមប្រឡូកក្នុងវិស័យកីឡាស្នូកឃ័រ(3-Cushion)។
ដើម្បីសម្រេចក្តីស្រមៃដ៏ធំមួយនេះ ភាវី ដែលអះអាងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តបានប្តេជ្ញាថា នាងនឹងខិតខំបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងទ្វេដង ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។ ការអះអាង ក៏ដូចជាបង្ហើបពីមហិច្ឆតាខាងលើធ្វើឡើងពេលនាងចុះកិច្ចសន្យា រយៈពេល១ឆ្នាំ ធ្វើជាទូតសុឆន្ទៈប្រចាំធនាគារមួយរបស់កូរ៉េ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះបានរៀបរាប់ថា៖«ខ្ញុំសូមអរគុណដល់ធនាគារ PPC Bank ដែលបានផ្តល់ឱ្យខ្ញុំនូវឱកាសមួយនេះ ដើម្បីអាចឲ្យខ្ញុំឈានមួយជំហានទៀតឆ្ពោះទៅរកការសម្រេចបាននូវក្តីសុបិន្តរបស់ខ្ញុំ ក្នុងការក្លាយជាកីឡាករឆ្នើមលំដាប់លេខ១នៅលើពិភពលោក»។
កីឡាការិនី ស្រួង ភាវី បានប្រឡូកក្នុងវិស័យកីឡាស្នូកឃ័រ 3-Cushion នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីមានការជំរុញ និងលើកទឹកចិត្តពីស្វាមី។ ភាវី បានរៀបរាប់ថា ដំបូងឡើយនាងមិនស្គាល់កីឡានេះទេ ហើយក៏មិនចូលចិត្តដែរ។ នាងតែងត្រូវបានស្វាមីនាំទៅមើល និងលេងកីឡានេះរៀងរាល់ថ្ងៃសម្រាកពីការងារ។ កត្តានេះបានផ្លាស់ប្តូរចិត្ត នាង ពីការមិនចូលចិត្ត រហូតក្លាយជាកីឡាការិនីឆ្នើមនៅប្រទេសកូរ៉េ។ កីឡាការិនីរូបនេះ បានរៀបការជាមួយបុរសជនជាតិកូរ៉េ និងទៅរស់នៅប្រទេសកូរ៉េក្នុងអំឡុងឆ្នាំ២០១០។
ជោគជ័យជាបន្តបន្ទាប់ក្នុងការប្រកួតកម្រិតជាតិ និងអន្តរជាតិ បានជំរុញឲ្យកីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ។ ភាវី ត្រូវបានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា តែងតាំងឲ្យជាសមាជិកប្រតិបត្តិនៅអំឡុងឆ្នាំ២០១៨ ហើយនាងក៏ជាកីឡាការិនីជម្រើសជាតិ របស់សហព័ន្ធនេះផងដែរ។
កីឡាការិនី ស្រួង ភាវី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Championship Ladies 3-Cushion នៅប្រទេសតួកគី។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ កីឡាការិនីរូបនេះ ជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ Zanka Asian 3-Cushion ដែលមានជប៉ុន និងកូរ៉េចូលរួម។ កាលពីខែធ្នូ នាងបានឈ្នះមេដាយមាសប្រចាំព្រឹត្តិការណ៍ Seoul’s Olympic Parktel នៅប្រទេសកូរ៉េខាងត្បូង។ ក្រៅពីនេះ ក៏មានពាននិងមេដាយជាច្រើនទៀតផងដែរ៕
Tag:
ស្នូកឃ័រ
ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com