អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម ណែនាំ​គណៈរដ្ឋមន្ត្រី​បន្ត​ពង្រឹងសមត្ថភាព​និង​វិន័យ​ដើម្បី​ជា​កញ្ចក់​ឆ្លុះ​ដល់​អ្នកដទៃ​ឲ្យ​ធ្វើតាម​
13, Jan 2019 , 12:19 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyễn Xuân Phúc បាន​វាយតម្លៃ​ខ្ពស់​លើ​ការបំពេញ​មុខងារ​រយៈ​ពេល​ពេញ​មួយឆ្នាំ ២០១៨ របស់​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក​។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​ក្រើនរម្លឹក​ឲ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​បន្ត​ពង្រឹងសមត្ថភាព និង​ជំនាញ ក៏ដូចជា​ស្តាប់​មតិសាធារណៈ​ដើម្បី​ធានា​ឲ្យ​បាន​ដំណោះស្រាយ​លើ​បញ្ហា​ទាន់ពេល និង​ទំនុកចិត្ត​ពី​សាធារណៈ​។​

 
​នាឱកាស​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ប្រកាស​អនុវត្ត​បេសកកម្ម​ការងារ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​៩ មករា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc បាន​លើកឡើងថា គណៈរដ្ឋមន្ត្រី គួរតែ​ស្តាប់​មតិសាធារណៈ​, សមាជិក​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​ច្រើន​ដើម្បី​ពង្រឹង​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​អង្គភាព​ប្រឹក្សា​យោបល់​ស្នូល​របស់​ប្រទេស​។ នេះ​បើ​យោងតាម Vietnam News​។​
 
​លោកនាយក​រដ្ឋមន្ត្រី បន្តថា គណៈរដ្ឋមន្ត្រី ក៏​គួរតែ​លើកកម្ពស់​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា អង្គភាព​ដើម្បី​ទទួល និង​ឆ្លើយតប​ទៅនឹង​មតិយោបល់​សាធារណៈ និង​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ធុរកិច្ច​ក្នុងប្រទេស និង​បន្ត​តាមដាន​រហូត​ទាល់តែ​មតិយោបល់​នានា​ត្រូវបាន​ដោះស្រាយ​។ លោក ក៏បាន​ស្នើ​ឲ្យ​គណៈរដ្ឋមន្ត្រី បន្ត​គ្រប់គ្រង​ឲ្យ​បាន​កម្មវិធី​កំណែទម្រង់​ទូទាំងប្រទេស​ដើម្បី​កត់​បន្ថយ​នីតិវិធី​មិនចាំបាច់​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការធ្វើ​ធុរកិច្ច​ក្នុងប្រទេស​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ដែលជា​ប្រធាន​គណៈរដ្ឋមន្ត្រី​ផង​នោះ បាន​បន្ថែមថា គណៈរដ្ឋមន្ត្រី ចាំបាច់​ត្រូវតែ​ពង្រឹង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​ទទួលបាន​ការទុកចិត្ត​ពី​សាធារណៈ  និង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ និង​ភាព​ខ្ជះខ្ជាយ​។ 
 
​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​រូបនេះ ចង់ឃើញ​ផងដែរ​នោះ​គឺ សមាជិក​រដ្ឋាភិបាល បន្ត​សិក្សា​រៀនសូត្រ​ដើម្បី​ពង្រីក​ចំណេះដឹង និង​ជំនាញ​ដើម្បី​បំពេញ​ការ​ឲ្យ​កាន់តែ​ប្រសិទ្ធភាព និង​ដើម្បី​កញ្ចក់​ឆ្លុះ​សម្រាប់​អ្នក​ផ្សេងទៀត​ឲ្យ​ធ្វើតាម​។ លោក បានស្នើ​ឲ្យ​គណៈរដ្ឋមន្ត្រី​ផ្តល់​យន្តការ​នានា​ដល់​នាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​។​
 
​ជា​ប្រទេស​ស្ថិតនៅក្នុង​ដំណាក់កាល​ធ្វើកំណែទម្រង់ វៀតណាម ហាក់​ផ្តោត​ខ្លាំង​ទៅលើ​បរិយាកាស​នៃ​ការធ្វើ​ធុរកិច្ច​ក្នុងប្រទេស ដើម្បី​ទាក់ទាញ​វិនិយោគ​ដោយផ្ទាល់​មក​អភិវឌ្ឍ​ប្រទេស​ខ្លួន​។ យន្តការ​មួយ​ដើម្បី​ធានា​ពី​ភាពល្អប្រសើរ​នេះ រដ្ឋាភិបាល​វៀតណាម បាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​, សម្រួល​នីតិវិធី​ធ្វើ​ធុរកិច្ច និង​ពិសេស​នោះ​ពង្រឹង​មុខងារសាធារណៈ​របស់ខ្លួន​តែម្តង​៕ 
 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com