អន្តរជាតិ
ឥណ្ឌូណេស៊ី ប្តេជ្ញាធ្វើការជាមួយនឹងមិត្តអាស៊ានមិនឲ្យឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាសមរភូមិនៃធនធានធម្មជាតិ
× រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយនឹងគ្រួសារអាស៊ានទាំងដប់ប្រទេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាពិសេសនោះដើម្បីធានាថា អាស៊ាន នឹងមិនក្លាយជាតំបន់ នៃជម្លោះផលប្រយោជន៍របស់ប្រទេសណាមួយឡើយ។
តាមរយៈសុន្ទរកថាប្រចាំឆ្នាំនៅថ្ងៃ៩ មករាកន្លងទៅ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានលើកឡើងពីបេសកកម្មការទូតជាបន្តរបស់ឥណ្ឌូណេស៊ីដោយផ្តោតលើបញ្ហាសំខាន់រួមមាន ការរក្សាស្ថិរភាព សន្តិសុខ និងសុខមាលនៅក្នុងតំបន់ ដែលហ៊ុមព័ទ្ធដោយមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times។
នៅចំពោះមុខតំណាងប្រទេស និងអ្នកការទូតជាច្រើនរូប លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ាន ត្រូវតែធានាថាមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក មិនត្រូវក្លាយជាតំបន់សមរភូមិ នៃធនធានធម្មជាតិ, ជម្លោះក្នុងតំបន់, និងការដណ្តើមគ្រប់គ្រងដែនសមុទ្របានឡើយ ។
ប្រមុខការទូតរូបនេះ បានបន្ថែមថា អាស៊ាន ត្រូវតែសកម្មក្នុងការបំពេញសកម្មភាពអភិវឌ្ឍនៅក្នុងតំបន់ និងប្រែក្លាយជាអ្នកនាំមុខនៃការផ្លាស់ប្តូរផងដែរ។ ដើម្បីធ្វើឲ្យអាស៊ានកាន់តែសកម្ម និងពង្រីកភាពជាដៃគូនក្នុងតំបន់នោះ ឥណ្ឌូណេស៊ី ក៏ត្រៀមបង្ហាញីពីគំនិតផ្តួចផ្តើមរបស់ខ្លួនដែលរួមមានដូចវេទិកាឥណ្ឌូណេស៊ី-ប៉ាស៊ីហ្វិកខាងត្បូង និងកិច្ចសន្ទនាដែនសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ជាដើម។
នៅពេលនិយាយដល់សារៈសំខាន់នៃស្ថិរភាព និងសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង លោកស្រី បានបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី ដែលទើបតែចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងនោះ នឹងធានាពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិ និងជួយពន្លឿនការធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យស្របតាមផែនការដែលបានគ្រោង៕
© រក្សាសិទ្ធិដោយ thmeythmey.com