ជាតិ
២៥ខេត្ត/រាជធានី
«​ផ្កាអំបិល​» ដ៏​កម្រ​នៅ​កំពត ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​លើក​សម្រស់​នារី​
13, Jan 2019 , 3:39 pm        
រូបភាព
ដោយ:
​កំពត​៖ «​ផ្កាអំបិល​» ជា​អំបិល​កម្រ ដែល​អណ្តែត​លើទឹក​ក្នុង​ស្រែអំបិល​។ លក្ខណៈពិសេស​នៃ​ផ្កាអំបិល គឺមាន​សារធាតុ​សូ​ដ្យូ​មតិ​ច និង​មិនសូវមាន​ជាតិ​ប្រៃ​ខ្លាំង​។ ផ្កាអំបិល មានតម្លៃ​ថ្លៃ​ជាង​អំបិល​ធម្មតា ជាពិសេស​អាច​ប្រើប្រាស់​ដើម្បី​ថែរក្សា​សម្រស់​ផងដែរ​។



​ផ្កាអំបិល មិនសូវមាន​ច្រើន​នោះទេ ព្រោះ​ផ្កាអំបិល អាច​អណ្តែត​ទ្បើង​បាន​នៅពេលដែល​ចាប់ផ្តើម​បង្ហូរ​ទឹកសមុទ្រ​ចូលក្នុង​ស្រែអំបិល​។ ផ្កាអំបិល​ត្រូវការ​កម្តៅថ្ងៃ និង​ខ្យល់​ធ្លាក់​បង្គួរ ជាពិសេស​ក្នុង​ខែធ្នូ ដែលជា​ការចាប់​ផ្តើមធ្វើ​អំបិល​របស់​ប្រជាកសិករ​។​


 
​លក្ខណៈពិសេស​របស់​ផ្កាអំបិល មាន​សារធាតុ​សូ​ដ្យូ​មតិ​ច និង​មិនសូវមាន​ជាតិ​ប្រៃ​ខ្លាំង​។ សម្រាប់​អ្នកមាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម អាច​ប្រើប្រាស់​បាន​ធម្មតា ដោយ​ពុំ​ចាំបាច់​បារម្ភ​ពី​ផលប៉ះពាល់​សុខភាព​ឡើយ​។ នេះ​បើតាម​អ្នកស្រី ជៀម ទ្បៃ​ឃីម បុគ្គលិក​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ផា​រ៉ា​ដាយ ហ្គា​ដិ​ន​កំពត​។​


 
​បុគ្គលិក​ផ្នែក​លក់​អ្នកស្រី ជៀម ទ្បៃ​ឃីម បាន​ប្រាប់​ក្រុមការងារ ThmeyThmey25 ថា ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅលើ​ការជំរុញ​ផលិតផល​កសិកម្ម ដែលមាន​គុណភាព​ខ្ពស់ និង​ជា​ផលិតផល​សរីរាង្គ​។ ផ្កាអំបិល ដែល​ក្រុមហ៊ុន​លក់ គឺ​ទិញ​ពី​សមាគម​អំបិល តែ​មិនសូវ​បាន​ច្រើន​នោះទេ​។ 
 
​ជាមួយគ្នានេះ ផ្កាអំបិល ជា​ប្រភេទ​អំបិល​ដែល​ល្អ​សម្រាប់​អតិថិជន​ទិញយក​ទៅប្រើ​ប្រាស់ និង​ថែរក្សា​សម្រស់​ផងដែរ​។ ផ្កាអំបិល​របស់​ក្រុមហ៊ុន​ផា​រ៉ា​ដាយ ហ្គា​ដិ​ន​កំពត ដែល​ដាក់លក់​នេះ មានតម្លៃ ២.៥០​ដុល្លារ ក្នុង​១០០​ក្រាម​។ បើតាម​អ្នកស្រី ជៀម ទ្បៃ​ឃីម ភ្ញៀវទេសចរ​ភាគច្រើន​ទិញ​ផ្កាអំបិល​នេះ យកទៅ​ប្រើប្រាស់​៕

Tag:
 ​ផ្កាអំបិល​
 ​កំពត​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com