ជាតិ
ក្រសួង​ការងារ និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា នឹង​សហការគ្នា​អភិវឌ្ឍ​ធនធានមនុស្ស​
13, Jan 2019 , 8:19 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ
រូបភាពពី​ហ្វេសប៊ុក​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មានបំណង​ជំរុញ​ការសហការ​គ្នា ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស ដោយ​សំដៅ​ធ្វើយ៉ាងណា​បង្កើន​គុណភាព​សិក្សា និង​ធនធានមនុស្ស​។ ការជំរុញ​សហការ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក អ៊ិត សំហេង និង​លោក ហេង វ៉ាន់ដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។



​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង និង​លោក ហេង វ៉ាន់ដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា នៅ​ថ្ងៃទី ១១ មករា​កន្លងទៅ បាន​ជួប​ពិភាក្សាគ្នា ដើម្បី​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ក្រៅពី​ជំនួប​ខាងលើនេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ក៏បាន​ពិភាក្សា​ការងារ​មួយចំនួន ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង និង​សមាគម ក្នុងការ​បង្កើត​ក្រុមការងារ​ចម្រុះ ដើម្បី​បង្កើន​គុណភាព​សិក្សា និង​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ង៉ុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រី នៃ​ក្រសួង​ការងារ​។ 
 
​ក្នុងជំនួប​ដដែល លោក​រដ្ឋមន្ត្រី  អ៊ិត សំហេង បញ្ជាក់ថា កម្លាំង​ពលកម្ម​ជំនាញ និង​បច្ចេកទេស​ភាគច្រើន កើតចេញពី​គ្រឹះស្ថាន​ឯកជន និង​បាន​ក្លាយជា​ប្រភពធនធាន​មនុស្ស​ដ៏​សំខាន់​។ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បន្ត​លើកឡើងថា គ្រឹះស្ថាន​ឯកជន បាន​ចូលរួម​វិភាគទាន​ដ៏​មានតម្លៃ ដោយបាន​ស្រូប​ទាញ​យុវជន​ដែល​ប្រឡង​ជាប់​ចំណេះ​ទូទៅ ចូលមកក្នុង​គ្រឹះស្ថាន និង​បានរួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម​ដ៏​ធំ​មួយ​។ 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ ក្រោយ​ជំនួប​នេះ ភាគី​សមាគម និង​ក្រសួង​ការងារ នឹង​បញ្ជូន​សមាសភាព​រៀងៗ​ខ្លួន ដើម្បី​បង្កើត​ក្រុមការងារ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍន៍​ផ្នែក​ធនធានមនុស្ស ដែល​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ​នានា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​៕

Tag:
 ក្រសួង​ការងារ​
  ធនធានមនុស្ស​
  គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com