ជាតិ
លោក ទេព រិ​ន​ដា​រ៉ូ ប្រាប់​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​លោក​នៅ​ក្មេង​ជាង​វ័យ និង​សុខភាព​មាំមួន​
13, Jan 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន​តារាភាពយន្ត​ល្បី​លោក ទេព រិ​ន​ដា​រ៉ូ មាន​អាយុ​៥៦​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​មើលទៅ​ក្មេង​ជាង​វ័យ មាន​រូបរាង​ស្រស់​សង្ហា និង​មាន​សុខភាព​មាំមួន​ផងដែរ​។ តារា​សម្តែង​រូបនេះ​បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា អាថ៌កំបាំង​ដែលនាំឱ្យ​លោក​មាន​លទ្ធផល​ដូច​សព្វថ្ងៃ គឺ​លោក​ហាត់ប្រាណ​ជាប្រចាំ បរិភោគ​អាហារ និង​ទឹកបាន​ត្រឹមត្រូវ​។ ជាពិសេស លោក​ចៀសវាង​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់ និង​គ្រឿង​ស្រវឹង​។​



​លោក ទេព រិ​ន​ដា​រ៉ូ ពាក់អាវ​យឺត​ពណ៌​ស​ដែល​មើលទៅ​ឃើញ​រាង​មាំ និង​អង់អាច​។  លោក  បាន​បន្ត​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា ក្រៅពី​ហាត់ប្រាណ និង​ទទួលទាន​ទឹក​ច្រើន​ជាប្រចាំ លោក​ក៏​ទៅពិនិត្យ​សុខភាព​រៀងរាល់​៣​ខែម្ដង​ផងដែរ​។ តារា​សម្តែង​រូបនេះ ក៏​មិន​ព្រងើយ​ចំពោះ​អាហារ​ប្រចាំថ្ងៃ​ដែរ​។ លោក ទេព រិ​ន​ដា​រ៉ូ បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​មាន​ម្ហូប​ពិសេស ដែល​ម្ដាយ​ខ្ញុំ និង​អ្នកផ្ទះ​ខ្ញុំ​បានដឹង គឺ​បុក​អំ​ព្រឹក​។ បុក​អំ​ព្រឹក​ហ្នឹង ជា​អាហារ​មួយ​ខ្ញុំ​ចូលចិត្ត​ណាស់​។ អ្នក​បាត់ដំបង​បាន​ស្គាល់ អ្នក​ភ្នំពេញ​ខ្លះ​គេ​ថា​ទឹកគ្រឿង តែ​ខុសគ្នា ព្រោះ​បុក​អំ​ព្រឹក​គេ​មាន​ដាក់​ត្រប់ពុតលំញង​ច្រើន​។ ហើយ​នំ​បញ្ចុក​របៀប​ខ្មែរៗ​ហ្នឹង​ខ្ញុំ​ចូលចិត្ត​» ។ 
 
​តារា​សម្ដែង​រាង​ខ្ពស់​ស្រស់​សង្ហា​រូបនេះ បញ្ជាក់ទៀតថា លោក​មិនសូវ​បរិភោគ​អាហារ​នៅក្នុង​ហាង​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​ឆាប់​ធាត់​។ លោក ក៏​មិន​បដិសេធ​ទទួលទាន​អាហារ​ដែល​គេ​លក់​តាម​ចិញ្ចើមផ្លូវ​ដែរ ឲ្យ​តែ​វា​មាន​អនាម័យ និង​ខ្លួន​លោក​យល់ថា មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​។ ប៉​ន្តែ​អាហារ​ដែល លោក ទេព រិ​ន​ដា​រ៉ូ មិនសូវ​ពិសា គឺ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្រា​បៀរ​ជាដើម​។ «​ស្រា​បៀរ វា​ធ្វើឱ្យ​យើង​មាន​ក្បាលពោះ និង​ប៉ះពាល់​សុខភាព​ដែរ​។ មិនមែន​ខ្ញុំ​រើសអើង​ម្ហូប​ទេ តែ​ខ្ញុំ​ប្រយ័ត្ន​ពី​សុខភាព​។ ដូច្នេះ​អាហារ​ដែល​មើលទៅ មិនសូវមាន​អនាម័យ​ខ្ញុំ​គេច​»​។ លោក ដា​រ៉ូ បន្ថែម​ដូច្នេះ​៕ 
 
 

Tag:
 ភ្នំពេញ​
 ​ទេព រិ​ន​ដា​រ៉ូ​
  តារាភាពយន្ត​
 ​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com