ជាតិ
គម្រោង​ចម្រោះ​ទឹក​កខ្វក់ និង​បង្គន់ ជួយ​ឱ្យ​អ្នក​អង្គរ​មាន​សុវត្ថិភាព​ផ្នែកអនាម័យ​កាន់តែ​ប្រសើរ​
13, Jan 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សុវត្ថិភាព​អនាម័យ គឺមាន​សារសំខាន់​បំផុត​សម្រាប់​ការរស់នៅ​របស់​ពលរដ្ឋ​គ្រប់រូប​។ ដោយសារ​យល់​ពី​សារសំខាន់​ទាំងនេះហើយ ទើប​គម្រោង​ចម្រោះ​ទឹក​កង្វក់ ក៏ដូចជា​បង្គន់​អនាម័យ ត្រូវបាន​ផ្សព្វផ្សាយ និង​អនុវត្តន៍​ជា​បន្តបន្ទាប់​ដល់​សហគម​ន៍​ក្នុង​រមណីយដ្ឋាន​អង្គរ ដែលជា​តំបន់​ទេសចរណ៍​នៅ​កៀក​នឹង​ប្រាសាទ​។ អ្នកជំនាញ​យល់ថា គម្រោង​នេះ​បាន​ជួយ​ច្រើន​ដល់​ពលរដ្ឋ​ទាំង​សោ​ភណ្ឌ​ភាព និង​កម្ចាត់រោគ​ជំងឺ​ផ្សេងៗ​។ គម្រោង​បង្គន់​អនាម័យ និង​ចម្រោះ​ទឹក​កង្វក់ ជួយ​ឱ្យ​អ្នកភូមិ​អង្គរ​មាន​សុ​ត្ថិ​ភាព​ខ្ពស់​ផ្នែកអនាម័យ​កាន់តែ​ប្រសើរឡើង​។

 
 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អុីសា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖


 
 
​អនាម័យ​បរិស្ថាន មាន​សារសំខាន់​ណាស់​សម្រាប់​ការរស់នៅរ​បស់​ពលរដ្ឋ​គ្រប់រូប​។  សម្រាប់​អ្នករស់នៅ​ក្នុង​តំបន់​អង្គរ ទាំង​ការប្រើប្រាស់​ទឹក បង្គន់​អនាម័យ សុទ្ធសឹង​ប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​ប្រាង្គ​ប្រាសាទ​ដែរ​។ កន្លងមក ការប្រើប្រាស់​បង្គន់​នៅ​តំបន់​អង្គរ គឺ​តែង​បុក​រណ្ដៅ​បង្ហូរទឹក​ចូល​ក្រោម​ដី​។ 
 
​គម្រោង ប៉ា​ជឺ​រ៉ា (PAAJERA) ជា​គម្រោង​របស់​ប្រទេស​បារាំង ដែលមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការជួយ​ការងារ​ទឹក និង​អនាម័យ​នៅ​តំបន់​អង្គរ​។ កាលពី​ចុងឆ្នាំ​២០១៨ គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្តន៍​សុ​វុ​ឌ្ឍ​កម្ម​ទឹក ដែលជា​គម្រោង​ចម្រោះ​ទឹក​កង្វក់​នៅតាម​បង្គន់​អនាម័យ​តាម​ផ្ទះ​ពលរដ្ឋ​។ ដោយសារ​ជំហាន​សាកល្បង គម្រោង​នេះ​បាន​អនុវត្តន៍​នៅតាម​ខ្នង​ផ្ទះ​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ ដែល​ស្ថិតនៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប​។​
 
​លោក ឡៃ ប៉ូ​ទី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា គម្រោង​ប៉ា​ជឺ​រ៉ា របស់​បារាំង បាន​ជួយ​តំបន់​អង្គ​រលើ​ការគ្រប់គ្រង​ទឹក និង​ផ្នែកអនាម័យ​។ ហើយ​គម្រោង​ចម្រោះ​ទឹក​កង្វក់​នេះ គឺ​ដើម្បី​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​សុ​វុ​ឌ្ឍ​កម្ម​ទឹក តាម​ផ្ទះ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ដោយ​ចម្រោះ​យក​មេរោគ​ចេញ មុននឹង​បង្ហូរ​ចូល​ប្រព័ន្ធ​លូ​ធំ​។ សម្រាប់​លោក ប៉ូ​ទី គម្រោង​នេះ​មាន​សារសំខាន់​ណាស់ ដ្បិត​វា​នឹង​ជួយ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​ដ៏​ប្រសើរ​មួយ ដែលជា​ផ្នែក​មួយ​លើកកម្ពស់​កម្រិតជីវភាព​ពលរដ្ឋ ពិសេស​កាត់បន្ថយ​ការបង្ហូរ​ទឹក​កង្វក់​ចូល​ក្រោម​ដី​។​
 
 
​ក​ម្រោ​ង​ចម្រោះ​ទឹក​កង្វក់ គឺជា​គម្រោង​ខ្នាតតូច ដែល​ចាប់ផ្តើម​រៀបចំ​រយៈពេល​៣​ខែ​ក្នុងការ​ត​បណ្ដាញទឹក​តា​ម​ផ្ទះ​ទាំង​២៨​ខ្នង ដើម្បី​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ចម្រោះ​នានា បង្ហៀរ​ចូលក្នុង​អាង​ចម្រោះ​ធំ មុននឹង​បញ្ចេញ​ទៅ​ប្រព័ន្ធ​ធំ​។ តាម​គម្រោង ការរៀបចំ​អាច​នឹង​បញ្ចប់​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ​ខាង​មុននេះ​។ យ៉ាងណា លោក ឡៃ ប៉ូ​ទី បញ្ជាក់ថា ប្រសិនបើ​វា​បាន​ជោគជ័យ គម្រោង​នឹង​បន្ត​រៀបចំ​ទៅតាម​ផ្ទះ​ពលរដ្ឋ​ផ្សេងៗ​បន្ថែមទៀត​។ សម្រាប់​លោក ប៉ូ​ទី នេះ​ជា​ប្រព័ន្ធ​គំរូ​ដែល​មិនមាន​ទឹក​កង្វក់​ជ្រាប​ក្រោម​ដី ដែល​ទឹក​ទាំងនោះ​ចង់​មិន​ចង់វា​បាន​ប៉ះពាល់​ដល់​ប្រាសាទ ដែល​គេ​តែងដឹងថា គ្រឹះ​ប្រាសាទ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទឹក​ក្រោម​ដី​។​
 
 
​ក្រៅពី​រៀបចំ​កន្លែង​ចម្រោះ​ទឹក​កង្វក់​ហើយ ក្នុង​គម្រោង ប៉ា​ជឺ​រ៉ា ក៏បាន​ផ្សព្វផ្សាយ និង​ផ្ដល់​ថវិកាបដិភាគ​ដល់​ពលរដ្ឋ​ក្នុង​ការធ្វើ​បង្គន់​អនាម័យ​ផងដែរ​។ តាមពិត​ការផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​យល់​ពី​អនាម័យ​នេះ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​មក បំណង​ដើម្បី​លើកស្ទួយ​ជីវភាព និង​ឱ្យ​ពលរដ្ឋ​យល់​ពី​សុខុមាលភាព​សម្រាប់​គ្រួសារ​ពួកគេ​។​
 
 
​ការផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​បង្គន់​អនាម័យ មិនសូវមាន​ប្រសិទ្ធិភាព​ឡើយ ដោយសារ​តាម​ការសិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត មិនមាន​លទ្ធភាព​ក្នុង​ការធ្វើ​បង្គន់​ឡើយ​។ ការណ៍​នេះ ទើប​គម្រោង​ប៉ា​ជឺ​រ៉ា ចាប់ពី​ខែ សីហា ឆ្នាំ​២០១៨​មក បានផ្តល់​ថវិកា​បរិ​ភាគ​សម្រាប់​អនុវត្តន៍​ធ្វើ​បង្គន់ ដើម្បី​សម្រួល​ដល់​តម្រូវការ​ដ៏​ចាំបាច់​មួយ​នេះ​។​
 
 
​សម្រាប់​លោក ប៉ូ​ទី គម្រោងការ​ផ្តល់​បរិ​ភាគ​ដល់​ការធ្វើ​បង្គន់​អនាម័យ​នេះ គឺមាន​សារសំខាន់​ណាស់ ប្រសិនបើ​គ្មាន​បង្គន់ នោះ​ពលរដ្ឋ​នឹង​បន្ទរ​បង់​ពាសវាល​ពាសកាល ដែល​ជះក្លិន​មិនល្អ​ដល់​ពលរដ្ឋ​ខ្លួនឯង ក៏ដូចជា​ទេសចរ​ដែល​ចេញចូល​ក្នុង​សហគមន៍​នោះ​ផងដែរ ហើយ​វា​បង្ក​ជា​មេរោគ​ផ្សេងៗ​។​
 


 
​ពលរដ្ឋ​មួយរូប អ្នកស្រី អិ​ច ទ្រប់ រស់នៅ​ភូមិ​រហាល ដែល​ទើបនឹង​ទទួល​ថវិកា​បរិ​ភាគ​ក្នុង​ការធ្វើ​បង្គន់​អនាម័យ​ដែរនោះ បានឱ្យដឹងថា បង្គន់​អនាម័យ​ជួយ​អ្នកស្រី​បាន​ច្រើន ដោយ​មិនបាច់​ពិបាក​ហាលភ្លៀង​ខ្យល់ ពិសេស​ពេលយប់​ព្រលប់ ខ្លាច​សត្វ​ចង្រៃ​ផ្សេងៗ​។​


 
​ជាមួយនឹង​ការរីករាយ​ជាមួយនឹង​បង្គន់​អនាម័យ​ថ្មី ក្នុងនោះ​អ្នកស្រី ទ្រប់ ក៏​រីករាយ​ជាមួយនឹង​គម្រោង​ចម្រោះ​ទឹក​កង្វក់​ដែរ​។ អ្នកស្រី​ថា កន្លងមក ទឹក​កង្វក់​មួយចំនួន​តែង​បង្ហូរ​ចូលក្នុង​ប្រឡាយទឹក​ជិត​ផ្ទះ​អ្នកស្រី ដែល​ទឹក​នោះ​អ្នកភូមិ ក៏ដូចជា​គ្រួសារ​អ្នកស្រី ទាញ​ប្រើប្រាស់​ក្នុង​រដូវវស្សា​។ ដូច្នេះ​គម្រោង​នេះ អាចឱ្យ​អ្នកស្រី​មាន​សុវត្ថិភាព​ក្នុង​ការយក​ទឹក​ប្រើប្រាស់ ដោយ​មិន​បារម្ភ​អ្វី​ទៀតឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com