ជាតិ
ឆ្នាំ​២០១៨​ខេត្តកំពង់ធំ ប្រមូល​ផល​នេសាទ​បាន​ជិត ៦​ម៉ឺន​តោន​
13, Jan 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ ប្រជា​នេសាទ​ខេត្តកំពង់ធំ ប្រមូល​ផល​នេសាទ​បាន​ចំនួន ៥៩៧០០​តោន ដោយ​ក្នុងនោះ​ការនេសាទ​លក្ខណៈ​គ្រួសារ​ក្នុង​ដែន​នេសាទ​បាន​ចំនួន ៤១៥០០​តោន និង​នេសាទ​លក្ខណៈ​គ្រួសារ​តាម​វាលស្រែ​បាន​ចំនួន ១៨២០០​តោន​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន ដកស្រង់​សម្ដី​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ​។​



​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៨ មករា​នេះ​ថា​៖ «​ក្នុង​ឆ្នាំ​២០១៨ ប្រជា​នេសាទ​ខេត្តកំពង់ធំ​ប្រមូល​ផល​នេសាទ​ស្រស់​បាន​ចំនួន ៥៩៧០០​តោន ក្នុងនោះ​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ដែន​នេសាទ​បាន​ចំនួន​៤១៥០០​តោន និង​នេសាទ​គ្រួសារ​តាម​វាលស្រែ​ចំនួន​១៨២០០​តោន​»​។ 
 
​ក្នុង​រយៈពេល​១​ឆ្នាំនេះ ពលរដ្ឋ​ខេត្តកំពង់ធំ ចិញ្ចឹម​ត្រី​សាច់​បាន​ចំនួន ២៥៩០០​តោន​, ចិញ្ចឹម​ត្រី​រ៉ស់​-​ត្រី​ឆ្ដោ​ចំនួន ៥៣៤០​តោន​, ចិញ្ចឹម​កង្កែប​-​អន្ទង់​ចំនួន ៣៣​តោន​, ចិញ្ចឹម​គ​ន្ធា​យ ៨០០០​ក្បាល និង​ចិញ្ចឹម​ក្រពើ​១៦៣០០​ក្បាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ​។ 
 
​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន ខេត្តកំពង់ធំ​មាន​កសិដ្ឋាន​ផលិត​កូន​ត្រី​២​កន្លែង ដែល​ផលិត​កូន​ត្រី បាន​២​លាន​ក្បាល​។ ក្រៅពី​មាន​កសិដ្ឋាន​ផលិត​កូន​ត្រី ខេត្តកំពង់ធំ ក៏មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រមាណ ៨៤០​ស្រះ បែរ​ចិញ្ចឹម​ចំនួន ៤៨៣​បែរ និង​ស្រះ​ជម្រក​ត្រី​សហគមន៍​ចំនួន ៤៧​ស្រះ​។ ខេត្តកំពង់ធំ ក៏បាន​កែច្នៃ​ផល​នេសាទ​បាន​ចំនួន ១៣១០០​តោន និង​ផលិត​ទឹកត្រី​បាន​ចំនួន​៤​លាន​៥​សែន​លីត្រ​ផងដែរ​។ លោក ប៉ែន វណ្ណ​រឹទ្ធ អះអាងថា ឆ្នាំ​២០១៨ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំងបី ចុះ​បង្កា​ប​បទល្មើស​នេសាទ​បាន​ចំនួន​២៨៥​ករណី​៕ 

Tag:
 ត្រី​
 ​កំពង់ធំ​
 ​នេសាទ​
 ​ជលផល​
© រក្សាសិទ្ធិដោយ thmeythmey.com