សៀមរាប៖ បញ្ហានយោបាយ សន្តិសុខតំបន់ និងសេដ្ឋកិច្ច សុទ្ធសឹងតែជារបៀបវារៈសំខាន់ ដែលរដ្ឋសភាកម្ពុជា ប្រមូលយកទៅដាក់ប្រជុំពិភាក្សាជាមួយបណ្ដាថ្នាក់ដឹកនាំរដ្ឋសភាពីបណ្ដាលប្រទេសផ្សេងៗទៀត នៅក្នុងកិច្ចវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក APPF លើកទី២៧ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ដល់១៧ មករា ។
អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បាននិយាយថា បញ្ហានយោបាយ និងសន្តិសុខក្នុងតំបន់មួយចំនួន ដែលប្រធាន និងថ្នាក់ដឹកនាំសភាពីបណ្ដាប្រទេសផ្សេងទៀតត្រូវពិភាក្សាគ្នានោះ គឺផ្តោតទៅលើទំនាស់រវាងបណ្ដាប្រទេស ដែលខ្វែងគំនិតគ្នា លើបញ្ហាដែនសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ បញ្ហាសិទ្ធមនុស្សរ៉ូហ៊ីងយ៉ាជាដើម។
ថ្លែងចំពោះមុខអ្នកកាសែត មុនកិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិក APPF លោក ឈាង វុន បាននិយាយដូច្នេះថា៖«ពិភពលោកសព្វថ្ងៃនេះ មានការលំបាក មានការប្រឈមច្រើន។ តែតំបន់យើងនេះហាក់ដូចជានៅមានភាពក្សេមក្សាន្ត សន្តិភាព នៅក្រោយពីសង្គ្រាមត្រជាក់ផុតរលត់ទៅ តំបន់ឥណ្ឌូចិនយើងនេះ ហាក់មានធូស្បើយច្រើន។ ប៉ុន្តែយើងនៅមានចំណុចពីរ បី ដែលត្រូវដោះស្រាយ ដូចជាទំនាស់ដែនទឹក ដែនគោករវាងប្រទេសអាស៊ានខ្លះជាមួយនឹងប្រទេសចិន យើងមានភាពប្រឈមនៅក្នុងឧបទ្វីបកូរ៉េ ដែលយើងត្រូវជជែកគ្នាដែរ។ យើងមានបញ្ហាតិចតួច តែបញ្ហាហ្នឹងវាមានសភាពធ្ងន់ធ្ងរប៉ះពាល់ដល់សិទ្ធមនុស្សនៅភូមា ។ ទាំងអស់នេះសុទ្ធតែជាប្រធានបទដែលយើងត្រូវយកមកជជែកគ្នា»។
ដ្បិតបញ្ហាអាស៊ានទាំងនេះ ត្រូវបានលើកយកមកពិភាក្សាគ្នាក្តី ប៉ុន្តែកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាខាងលើ ដោយផ្អែកលើគោលការណ៍អាស៊ាន និងរកចំណុចរួម ដោះស្រាយវិវាទដោយសន្តិវិធី។នេះជាការបញ្ជាក់របស់លោក ឈាង វុន។
ក្រៅពីបញ្ហាសន្តិសុខតំបន់ ក៏នៅមានបញ្ហាសេដ្ឋកិច្ច ការអភិវឌ្ឍក្នុងតំបន់ដោយគ្មានការរើសអើង រួមទាំងបញ្ហាស្ត្រីក្នុងវិស័យនយោបាយ ក៏ជារបៀបវារៈដែលត្រូវពិភាក្សាគ្នាដែរ។ ចំពោះរបៀបវារៈទាក់ទងស្ត្រីក្នុងវិស័យនយោបាយ ដាក់ក្នុងកិច្ចប្រជុំនេះ ដោយសារតែកម្ពុជា ចង់ជំរុញឲ្យមានស្ត្រីកាន់តែច្រើនចូលរួមសកម្មភាពនយោបាយ ។អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បាននិយាយថា កិច្ចការងារនយោបាយមួយចំនួន ត្រូវការយោបល់ពីស្ត្រីជាចាំបាច់ ព្រោះស្ត្រីមានការគិតគូបានវែងឆ្ងាយជាងបុរសផងដែរ។
«សភាកម្ពុជា ក៏ជារដ្ឋាភិបាលកម្ពុជាដែរថា តួនាទីរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ គឺចាំបាច់មិនអាចឲ្យខ្វះបានទេ ដូច្នេះយើងនឹងខំប្រឹងជំរុញ។ បើសិនជាស្ត្រីមានតួនាទីកាន់តែច្រើន សភាពការណ៍នយោបាយ នៅក្នងប្រទេសនីមួយៗ មានភាពរឹងមាំកាន់តែខ្លាំង ព្រោះស្ត្រី ចង់មិនចង់ គាត់គិតគូបានវែងឆ្ងាយដែរ ភាគច្រើនគាត់មានស្មារតីរឹងមាំ ហើយមិនឆេវឆាវមិនច្រឡោត គាត់មានការវិនិច្ឆ័យខ្ពស់។ ដូច្នេះការគួបផ្សំនៅក្នុងតួនាទីនយោបាយស្ត្រី ជាមួយនយោបាយបុរសនេះ គឺមានសារៈសំខាន់ណាស់ចាំបាច់ត្រូវតែមាន។ នេះជាមោទកភាពរបស់សភាកម្ពុជាយើង ដែលបានជំរុញការងារនេះ ឲ្យចេញជារូបរាងឡើង»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភា។
វេទិកាសភាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧នេះ ធ្វើឡើងក្រោមមូលបទ«ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ កិច្ចប្រជុំនេះ មានបណ្ដាថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា សរុប២៣៩រូប មកពី២១ប្រទេស។
ថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិទាំងនោះ រួមមាន អូស្ត្រាលី ឡាវ រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីក្រូណេស៊ី ចិន វៀតណាម ហ្វ៊ីជី នូវែលសេឡង់ ម៉ុងហ្គោលី ម៉ិកស៊ិក ថៃ ជប៉ុន សាធារណរដ្ឋកូរ៉េ កាណាដា ស៊ីលី ប៉ាពូអាស៊ីនូវែលហ្គីណេ ហ្វីលីពីន សិង្ហបុរី និងព្រុយណេ។ នេះបើតាមរដ្ឋសភាកម្ពុជា។
សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធចំនួន២៧ប្រទេស៕