ហ្សកដានី ចិន កូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីរ៉ាក់ កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និង ជប៉ុន ជាក្រុមដែលបានកក់កៅអីទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ នៃព្រឹត្តិការណ៍ពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ បន្ទាប់ពីពួកគេរកបានពិន្ទុនាំមុខដាច់គេសម្រាប់វគ្គសន្សំពិន្ទុតាមពូល។
ឆ្លងកាត់ការប្រកួតវគ្គជម្រុះតាមពូលចំនួន២លើករៀងៗខ្លួន គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមករា យើងអាចរកឃើញក្រុមចំនួន៩ហើយ ដែលមានសិទ្ធិគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គបន្តបើទោះបីពួកគេនៅសល់មួយប្រកួតទៀតក្តី។ ១៥ក្រុមដែលនៅសេសសល់ត្រូវប្រជែងគ្នាក្នុងជំនួបលើកចុងក្រោយដើម្បីសម្រេចយក៧ក្រុមទៅបំពេញបង្គ្រប់១៦ក្រុម សម្រាប់ប្រកួតគ្នានៅវគ្គខ្វែងបន្តទៀត។ ក្នុងចំណោម៧ក្រុមនេះ គេត្រូវជ្រើសរើសយកលេខ៣ល្អបំផុតចំនួន៤ក្រុម លេខ២ពីរក្រុម និងលេខ១មួយក្រុម។
ក្នុងពូល A មិនទាន់រកឃើញក្រុមណាអាចឆ្លងទៅវគ្គបន្តឡើយដ្បិតទាំង៤ក្រុមមានពិន្ទុប្រកៀកគ្នា។ ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមជាក្រុមមានភាគរយខ្ពស់ជាងគេព្រោះមាន៤ពិន្ទុឈរកំពូលតារាងតាមពីក្រោយដោយ ឥណ្ឌា និងថៃដែលមាន៣ពិន្ទុដូចគ្នា ហើយបារ៉ែនមាន១ពិន្ទុ។ ជំនួបចុងក្រោយក្នុងពូលនេះ ឥណ្ឌាប៉ះបារ៉ែន រីឯម្ចាស់ផ្ទះជួបថៃ។
ចំណែកពូល B វិញ ខណៈហ្សកដានីឡើងដោយស្វ័យប្រវត្តិ ដូច្នេះម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលីដែលមាន៣ពិន្ទុត្រូវប្រជែងជាមួយស៊ីរី និងប៉ាឡេស្ទីនដែលមាន១ពិន្ទុដូចគ្នា។ ជំនួបចុងក្រោយ អូស្ត្រាលីជួបស៊ីរី ហើយប៉ាឡេស្ទីតទល់ជាមួយហ្សកដានី។
ពូល C ចិន និងកូរ៉េខាងត្បូងកក់កៅអីរួចហើយ ខណៈកៀហ្ស៊ីស៊ីស្ថាន និងហ្វីលីពីនដែលបរាជ័យទាំង២ប្រកួតដូចគ្នានៅសល់ឱកាសប្រជែងយកលេខ៣ល្អបំផុត។ ជំនួបចុងក្រោយ កៀហ្ស៊ីស៊ីស្ថាន ប៉ះហ្វីលីពីន ហើយ កូរ៉េខាងត្បូងជួបចិន។
ពូល D អ៊ីរ៉ង និងអ៊ីរ៉ាក់ត្រៀមលេងនៅវគ្គខ្វែងព្រោះមាន៦ពិន្ទុពេញ រីឯវៀតណាម និងយេម៉ែនត្រូវដណ្តើមគ្នាយកលេខ៣ល្អបំផុត។ ជំនួបផ្តាច់ព្រ័ត្រក្នុងពូលនេះ អ៊ីរ៉ង ប៉ះអ៊ីរ៉ាក់ រីឯវៀតណាម ជួបយេម៉ែន។
ពូល E ក៏រកឃើញពីរក្រុមទៅវគ្គបន្តដែររួមមាន កាតា និងអារ៉ាប៊ីសាអូឌីត ខណៈលីបង់ និងកូរ៉េខាងជើងសល់ត្រឹមឱកាសដណ្តើគ្នាយកលេខ៣។ ប្រកួតចុងក្រោយលីបង់ត្រូវតទល់ជាមួយកូរ៉េខាងជើងតែម្តង រីឯ អារ៉ាប៊ីសាអូឌីតត្រូវប្រជែងយកលេខមួយក្នុងពូលជាមួយកាតា។
ដោយឡែកពូលចុងក្រោយ ពូល F ក៏មិនខុសពីពូល C ដល់ E ដែរ ដោយអ៊ូសបេគីស្ថាន និងជប៉ុនបានចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកអូម៉ង់ និងតួកម៉េនីស្ថានដែលមានសូន្យពិន្ទុដូចគ្នានឹងត្រូវប៉ះគ្នាក្នុងជំនួបចុងក្រោយដើម្បីប្រជែងយកលេខ៣ល្អបំផុត៕